Skip to content
សិក្ខាសាលាឧបត្ថម្ភដោយ​ UEFA នឹង​ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមបាល់ទាត់រាជធានីខេត្តនៅកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

សិក្ខាសាលាឧបត្ថម្ភដោយ​ UEFA នឹង​ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមបាល់ទាត់រាជធានីខេត្តនៅកម្ពុជា

សិក្ខាសាលាឧបត្ថម្ភដោយ UEFA នឹងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសមាគមបាល់ទាត់រាជធានីខេត្តនៅកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានីខេត្តនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ពីថ្ងៃ០៦ ដល់ថ្ងៃ១០ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមជាគណៈគ្រប់គ្រងសមាគមបាល់ទាត់ពីបណ្ដារាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប។

សិក្ខាសាលាដ៏ពិសេសនេះផ្ដោតលើចំណុចសំខាន់ៗដូចជា ធនធានមនុស្ស, ការគ្រប់គ្រងរបស់គ្រប់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយសង្គម, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល, ផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ និងការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។


លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា សិក្ខាសាលានេះជាផ្នែកមួយនៃជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបមកកាន់កម្ពុជា ដែលមានទាំងការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ កាលពីឆ្នាំមុន FFC ទទួលបានជំនួយជារថយន្ដម្ដងហើយ ដូច្នេះឆ្នាំនេះដល់ពេលត្រូវជួយពង្រឹងលើការគ្រប់គ្រងវិញម្ដង បន្ទាប់ពីទទួលបានសាលាបាល់ទាត់គ្រប់ខេត្តរួចរាល់។

អគ្គលេខាធិការដដែលបន្តថា តាមបណ្ដាខេត្តមួយចំនួនមិនទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវនោះទេ ដូច្នេះបន្ទាប់ពីចប់សិក្ខាសាលានេះទៅ សិក្ខាកាមនឹងយកចំណេះដឹងទាំងឡាយទៅរៀបចំរចនាសម្ព័ន្ធតាមសមាគមរបស់ខ្លួនឲ្យបានច្បាស់លាស់ជាងមុន ត្រឹមត្រូវតាមស្តង់ដារ។


គួរដឹងដែរថា សិក្ខាសាលាស្ដីពីការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានីខេត្តរយៈពេល៥ថ្ងៃនេះមានការចូលរួមឧទ្ទេសពីអ្នកជំនាញមកពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបដឹកនាំដោយអ្នកស្រី Eva Pasquier ដែលជាប្រធានផ្នែកទំនាក់ទំនងបាល់ទាត់ប្រចាំ UEFA៕