Skip to content
Rangers ត្រឡប់មកលេងវគ្គចែកពូល​ UCL ក្រោយខកខានរយៈពេល12ឆ្នាំ
    ទំព័រដើម  »  កីឡាជាតិ

Rangers ត្រឡប់មកលេងវគ្គចែកពូល​ UCL ក្រោយខកខានរយៈពេល12ឆ្នាំ

Rangers បានបញ្ចប់ភាពឈឺចាប់របស់ខ្លួនក្រោយបាត់មុខពីការប្រកួតវគ្គចែកពូល Champions League អស់រយៈពេល12ឆ្នាំ។

ក្លិបមកពីលីគកំពូលនៃប្រទេសស្កុតឡេនមួយនេះទទួលបានកៅអីវគ្គចែកពូលពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងចាត់តាំងពីឆ្នាំ2010 ដោយកាលពីយប់មិញ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ PSV Eindhoven ១-0 ដោយសរុបទាំងពីជើង Rangers បានយកឈ្នះដោយលទ្ធផល 3-2។

ក្រុមរបស់លោក Giovanni van Bronckhorst នឹងមានឈ្មោះក្នុងការចាប់ឆ្នោតវគ្គចែកពូលនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះជាមួយនឹងក្រុមគូប្រជែងក្នុងលីគ Celtic ដោយក្រុមទាំងពីរនឹងស្ថិតនៅក្នុង POT 4 ជាមួយគ្នាដែលមានក្រុមផ្សេង6ទៀតដូចជា: Dinamo Zagreb Marseille ,Copenhagen, Club Brugge, Plzeň និង M. Haifa។

លើសពីនេះទៅទៀតកាលពីរដូវកាលមុន Rangers ហាក់បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League ប៉ុន្តែទទួលបានត្រឹមជើងឯករងក្រោយចាញ់ក្រុម Eintracht Frankfurt ដោយបាល់កាត់សេក្តី11ម៉ែត្រ។

ក្រឡេកមកមើលរដូវកាលនេះវិញក្រុមម្ចាស់ជើងឯក Scotland Premiership 2021-22 Celtic ទទួលបានកៅអីវគ្គចែកពូល Champions League ដោយស្វ័យប្រវត្តិហើយសម្រាប់ Rangers ដែលជាក្រុមជើងឯករងត្រូវឆ្លងកាត់ការប្រកួតជម្រុះ២ដំណាក់ការមុនពួកគេឈានចូលមកដល់វគ្គនេះ។នេះក៏ជាលើកដំបូងផងដែរគិតចាត់តាំងពីឆ្នាំ 2007 ដែលក្រុមទាំងពីរឈានចូលដល់វគ្គ Group Stage នៃពាន UCL។

មុនឈានដល់វគ្គនេះកាល់ពីជម្រុះជុំទី១ Rangers បានជួបប្រកួតជាមួយ Union Saint-Gilloise ដោយកាលពីជើងទី១ក្រុមនេះបានបរាជ័យ 2-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ បន្តែអ្វីដែលមិនគួរឲ្យជឿបានកើតឡើងដោយក្រុមជើងឯករង Scotland Premiership មួយនេះបានវាយបកយកឈ្នះវិញ ៣-0 ក្នុងដីខ្លួនដោយរុញឲ្យពួកគេឡើងទៅជុំទី២ជាបន្ត។ឈានចូលដល់ជុំទី២ Rangers ត្រូវធ្វើការប្រកួតជាមួយក្លិបមកពីលីគហូឡង់ PSV ដោយការប្រកួតជើងទី១លេងនៅក្នុងផ្ទះរបស់ខ្លួននាកីឡដ្ឋាន Ibrox ក្រុមទាំងពីរបញ្ចប់ទៅដោយស្មើគ្នា2-2។

ក្រោយរំលងបាន១សប្ដាហ៍ការប្រកួតជើងទី២ក៏ឈានចូលមកដល់នៅក្នុងប្រទេសហូឡង់នាថ្ងៃទី២៤ ខែសីហា ដោយកីឡាករ Antonio  Colak ជាអ្នករកគ្រាប់បាល់ឲ្យ Rangers យកឈ្នះការប្រកួតហើយសរុបលទ្ធផលទាំងពីរជើង Rangers 3-2 PSV ។

ថ្លែងបន្ទាប់ពីចប់ការប្រកួតអតីតខ្សែបម្រើស្លាប Rangers Neil McCann បានប្រាប់ BBC Sportsound ថា៖ “វាជាលទ្ធផលដ៏ល្អ! វាពិតជាអស្ចារ្យ និងគួរឲ្យស្ញប់ស្ញែងខ្លាំងមែនទែន។ Rangers ត្រូវតែទទួលបានអ្វីដែលជាការប្រឹងប្រែងរបស់ពួកគេទោះបីជាពួគេធ្លាប់មានប្រវត្តិមិនល្អក៏ដោយសម្រាប់ការប្រកួតក្រៅទឹកដី។ខ្ញុំពិតជាសប្បាយចិត្តជាមួយពួកគេនិង Giovanni van Bronckhorst ផងដែរ “។

សូមជម្រាបផងដែរថាការឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA EUROPA League របស់ Rangers កាលពីរដូវកាលមុនបានជួយឲ្យលីគស្តុកឡែនទទួលបានពិន្ទុកាន់តែច្រើននៅក្នុងតារាងចំណាត់ថ្នាក់ UEFA។

Rangers ចូលរួមការប្រកួតវគ្គចែកពូលលើកចុងក្រោយបង្អស់នៅរដូវកាល 2010-2011 ដោយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខបីឈរពីក្រោម Manchester United និង Valencia។