Skip to content
Tuchel ជឿថា Aubameyang មក Chelsea ដើម្បីជួយក្រុមស្វែងរកជ័យជំនះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Tuchel ជឿថា Aubameyang មក Chelsea ដើម្បីជួយក្រុមស្វែងរកជ័យជំនះ

លោក Thomas Tuchel ដែលជាគ្រូបង្វឹករបស់ Chelsea បាននិយាយក្នុងកិច្ចសម្ភាសមុនការប្រកួតដំបូងរបស់ក្លិបក្នុងពានរង្វាន់ UEFA CHAMPION LEAGUE 2022-2023 ថា Pierre-Emerick Aubameyang​ ចូលរួមជាមួយពួកយើងដើម្បីជួយក្រុមឲ្យទទួលបានពិន្ទុ។

Aubameyang អាចនឹងត្រូវបង្ហាញខ្លួនជាលើកដំបូងឲ្យ Chelsea នៅយប់ថ្ងៃអង្គារនេះក្នុងជំនួបជាមួយ Dinamo Zagreb នៃក្របខណ្ឌ Champion League វគ្គ Group Stage។ខ្សែប្រយុទ្ធរូបនេះត្រូវបានក្រុមគ្រូពេទ្យកំណត់ឲ្យពាក់របាំងការពារមុខបន្ទាប់ពីមានបញ្ហារបួសថ្គាមដោយសារតែមានក្រុមចោរចូលប្លន់ផ្ទះរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនៅឯប្រទេសអេស្ប៉ាញ។

កីឡាករ័យ 33 ឆ្នាំរូបនេះបានហោះទៅទីក្រុង Milan ប្រទេស Italy ដើម្បីដាក់របាំងការពារមុខមុនត្រឡប់ទៅទស្សនាការប្រកួតរបស់តោខៀវដែលយកឈ្នះ West Ham 2-1 កាលពីថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា កន្លងទៅ។នៅថ្ងៃបន្ទាប់រូបគេក៏បានចូលរួមហ្វឹកហ្វាត់ជាផ្លូវការជាមួយមិត្តរួមក្រុមផងដែរបន្ទាប់ពីផ្លាស់ចេញពី Barcelona កាលពីសប្ដាហ៍មុន។

បង្វឹកតោខៀវលោក Tuchel បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “កុំគិតអ្វីទាក់ទងទៅនឹងបញ្ហាក្បាលរបស់គេ។ខ្ញុំគិតថា Auba ជាមនុស្សមានទេពកោសល្យខ្ពស់ ស្តាប់ខ្ញុំ នៅពេលគេរកគ្រាប់បាល់បាន Auba អាចអបអរស្តាយរបស់គេបានប៉ុន្តែអ្វីដែលត្រូវធ្វើគឺរកគ្រាប់បាល់ឲ្យបានជាមុនសិន។Aubameyang មានមហិច្ឆតាការផ្តោតអារម្មណ៍និងស្រែកឃ្លានដើម្បីជួយក្រុមក្នុងការរកពិន្ទុនេះជាអ្វីដែលយើងមានអារម្មណ៍តាំងពីគេមកដល់ដំបូងហើយពិតណាស់ Auba សប្បាយចិត្តជាមួយនឹងឱកាសបង្ហាញខ្លួនក្នុងយប់នេះជាមួយ Dinamo Zagreb”។

ការមកដល់របស់ Aubameyang អាចនឹងត្រូវបានជួយ Chelsea ដល់ការស្វែងរកគ្រាប់បាល់។ខ្សែបម្រើ Mateo Kovacic បាននិយាយថា៖ “ Auba ជាកម្លាំងចលករមួយសម្រាប់ក្រុមទាំងមូលពីព្រោះរូបគេជាខ្សែប្រយុទ្ធដែលតែងតែរកគ្រាប់បាល់បានដែលក្រុមយើងខ្វះកាលពីរដូវកាលមុន។យើងមិនមានខ្សែប្រយុទ្ធណាដែលអាចរកគ្រាប់បាល់បានពី 20-25 គ្រាប់ឡើយក្នុងមួយរដូវកាលហើយវាជាអ្វីដែលយើងត្រូវការដើម្បីឈ្នះពានរង្វាន់។សម្រាប់រូបគេវាជារឿងធម្មតាប៉ុណ្ណោះក្នុងការរកគ្រាប់បាល់ហើយខ្ញុំសង្ឃឹមថាAubaនឹងធ្វើវាជាមួយ Chelsea”។

Kovasic ក៏បានបង្ហើបរឿងមួយទាក់ទងទៅនឹងខ្សែការពារមិត្តរួមសញ្ជាតិជាតិរបស់ខ្លួនក្នុងក្លិប RB Leipzig គឺ Josko Gvardiol ដែល Chelsea ព្យាយាមចុះកុងត្រាយកមកចូលរួមក្លិប។

“នៅក្នុងក្លិបពួកគេបានសួរខ្ញុំអំពី Josko ហើយខ្ញុំបានប្រាប់ពួកគេពីរឿងល្អៗ។Chelsea ដឹងថាគេជាកីឡាករប្រភេទណាទាំងអត្តចរិតនិងអាជីពជោគជ័យរបស់គេ។ខ្ញុំសង្ឃឹមថ្ងៃណាមួយយើងនឹងបានលេងជុំគ្នា”។Kovasic បន្ថែម។

មុនយុទ្ធនាការ Champions League ចូលមកដល់ Chelsea ក៏បានបន្តកិច្ចសន្យារយៈពេលវែងជូនខ្សែការពារ Reece James របស់ខ្លួនផងដែរ។ James បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយនឹងជម្រើសបន្ថែមរយៈពេល១២ខែ។កិច្ចសន្យាថ្មីរបស់កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានគេដឹងថាមានតម្លៃប្រហែល 250,000ផោនក្នុងមួយសប្ដាហ៍ដែលធ្វើឲ្យរូបគេក្លាយជាខ្សែការពារដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក្លិបនិងជាកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបនៅតំបន់អឺរ៉ុប។

 Chelsea ក៏កំពុងពិភាក្សាលើកកិច្ចសន្យាអទិភាពផ្សេងទៀតសម្រាប់ខ្សែបម្រើ Mason Mount ។ការពិភាក្សាក៏បានកើតឡើងផងដែរលើកិច្ចព្រមព្រៀងថ្មីសម្រាប់អ្នកចាំទី Edouard Mendy ដែលអាចនឹងបង្ហាញខ្លួនទាន់ពេលប៉ះ Dinamo Zagreb បន្ទាប់ពីរងរបួសកាលប៉ះ West Ham​ ចុងសប្ដាហ៍កន្លងទៅ។