Skip to content
Thomas Muller៖ “Mane បានប្រាប់ខ្ញុំថាកុំឲ្យបញ្ចូនបាល់ទៅ Lewandowski”
ទំព័រដើម  »  កីឡាអន្តរជាតិ

Thomas Muller “Mane បានប្រាប់ខ្ញុំថាកុំឲ្យបញ្ចូនបាល់ទៅ Lewandowski”

Thomas Muller បានបង្ហើបថា Sadio Mane បានប្រាប់ខ្លួនកុំឲ្យច្រឡំបញ្ចូនបាល់ទៅអតីតមិត្តរួមក្រុម Robert Lewandowski នៅពេលដែលអ្នកទាំងពីរជួបប្រកួតគ្នាក្នុងយប់ថ្ងៃអង្គារនេះ។

Bayern Munich នឹងបើកទ្វារកីឡដ្ឋាន Allianz Arena របស់ខ្លួនទទួលស្វាគមន៍ក្រុម Barcelona និងអតីតខ្សែប្រយុទ្ធរបស់ខ្លួន Lewandowski បន្ទាប់ពីចាកចេញពីក្លិបបានប្រមាណជាង៨សប្ដាហ៍។Muller និង Lewandowski ធ្លាប់ចាប់ដៃគូលេងជាមួយគ្នាអស់រយៈពេលជាង៩ឆ្នាំមកហើយកាលពីនៅ Bayern ដោយជួយឲ្យក្លិបយក្សអាល្លឺម៉ង់មួយនេះឈ្នះជើងឯក Bundesliga ចំនួន៨ដងនិង Champions League ចំនួនម្តង។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះនឹងវិលត្រឡប់ទៅកាន់ទីក្រុង Munich សាជាថ្មីម្តងទៀតដែលជាទីកន្លែងដ៏ជោគជ័យសម្រាប់អាជីពបាល់ទាត់របស់គេប៉ុន្តែការទៅលើកនេះគឺទៅចូលរួមប្រកួតក្នុងនាមជាគូបដិបក្ខ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនឲ Bayern ចំនួន 375 ប្រកួតរកគ្រាប់បាល់បាន 344 គ្រាប់ជាប់ជាអ្នករកគ្រាប់បាល់បានច្រើនលំដាប់ទី២ក្នុងប្រវត្តិសាស្ត្រក្លិបដោយតាមពីក្រោយកីឡាករ Gerd Muller ដែលរកបាន៥៦៦គ្រាប់។

Lewandowski នៅតែធ្វើបានល្អក្នុងការបង្ហាញខ្លួនជាមួយក្លិបថ្មី FC BARCELONA ដោយរកគ្រាប់បាល់បាន៩គ្រាប់ជាមួយនឹងការបង្ហាញខ្លួន៦ប្រកួតគ្រប់កម្មវិធីទាំងអស់នៅរដូវកាលថ្មីនេះ។

Muller ដែលឈានចូលវ័យ៣៣ឆ្នាំនៅថ្ងៃនេះបាននិយាយថា Sadio Mane ធ្លាប់ប្រាប់ខ្លួនថាកុំឲ្យច្រឡំប៉ះបាល់ទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួនឲ្យសោះនៅពេលដែលពួកគេជួបប្រកួតតទល់គ្នា។

Muller បានថ្លែងប្រាប់សារព័ត៌មាន SPORT ថា៖ “Sadio បាននិយាយបែបកំប្លែងមកខ្ញុំថាកុំឲ្យខ្ញុំបង្កើតកំហុសដោយច្រឡំបញ្ចូនបាល់ទៅឲ្យ Lewandowski នៅក្នុងការប្រកួតឲ្យសោះ។យើងមានការប្រកួតនៅយប់ថ្ងៃអង្គារហើយសូមអ្នកកុំគិតច្រើនពេកទៅលើ Lewy។

“ទំនាក់ទំនងរបស់ខ្ញុំនិងLewanគឺមានច្រើនកាលពីយើងនៅក្នុងក្រុមជាមួយគ្នាប៉ុន្តែពេលនេះយើងមានកីឡាករជាច្រើនដែលលេងនៅតំបន់ខាងលើហើយយើងមិនទាន់មានខ្សែប្រយុទ្ធចំតួនៅឡើយទេ។គូសត្រូវរបស់យើងនឹងមិនដឹងឡើយថានរណានឹងលេងជាខ្សែប្រយុទ្ធហើយយើងត្រូវតែធ្វើវាឲ្យបាន។” Muller បន្ថែម។

Bayern ក៏ធ្លាប់បានបំបាក់ក្លិបយក្សមកពីប្រទេសអេស្ប៉ាញមួយនេះរួចមកហើយដោយយកឈ្នះ៣-0 កាលពីប្រកួតវគ្គ Group Stage និងយកឈ្នះ 8-2 ដែលជាលទ្ធផលមិនអាចបំភ្លេចបានក្នុងវគ្គ8ក្រុមចុងក្រោយកាលពីឆ្នាំ 2021 ក្នុងក្របខណ្ឌ Champions League ។

Thomas Muller ជឿជាក់ថាការប្រកួតនៅយប់ថ្ងៃអង្គារនេះនឹងក្លាយជាការប្រកួតដ៏ធំនិងគួរឲ្យចង់តាមដានបំផុតសម្រាប់អ្នកគាំទ្រហើយក្រុមទាំងពីរនឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាពក្នុងការក្រសោបយកបីពិន្ទុដើម្បីឡើងទៅឈរលេខ១ក្នុងពូល ។

សូមជម្រាបផងដែរថាក្លិបយក្សទាំងពីរនឹងត្រូវជួបប្រកួតគ្នានៅរាត្រីថ្ងៃអង្គារនេះ វេលាម៉ោង 2:00 រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។