Skip to content
ប៉ិច ធារ៉ា ត្រៀមជាស្រេចដើម្បីក្លាយជាថ្នាលយុវជនបើសហព័ន្ធត្រូវការ
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

ប៉ិច ធារ៉ា ត្រៀមជាស្រេចដើម្បីក្លាយជាថ្នាលយុវជនបើសហព័ន្ធត្រូវការ

កុមារា ប៉ិច ធារ៉ា ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានរ៉ាយរ៉ាប់ប្រាប់សារព័ត៌មានថ្មីថ្មីថាគេរង់ចាំស្វាគមន៍ជានិច្ចប្រសិនសហព័ន្ធខ្មែរកីឡាទោចក្រយានចង់បានរូបគេឱ្យចូលហាត់ក្នុងថ្នាលយុវជនរបស់សហព័ន្ធ។

ជាសិស្សថ្នាក់ទី៤នៅសាលាបឋមសិក្សាមង្គលសត្ថាវ័ន ធារ៉ា វ័យ១៣ឆ្នាំ និយាយថាគេជាកូនពៅក្នុងចំណោមបងប្អូនបង្កើត៥នាក់ក្នុងគ្រួសារដែលមានជីវភាពលំបាក ឪពុកជាកម្មករសំណង់ ម្ដាយជាមេផ្ទះនិងមានជំងឺប្រចាំកាយ រស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ធារ៉ា ចូលចិត្តជិះកង់ខ្លាំងណាស់ ពិសេសនៅពេលទំនេរពីការសិក្សា។ ហើយថ្មីៗនេះ គេបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodia MTB Series 2020 វគ្គ២ នៅព្រែកលៀប ដោយពាក់ស្លាកសម្គាល់លេខ២៦១ ប្រើកង់ធម្មតាដ៏ចាស់មួយ ហើយថែមទាំងគ្មានទ្រនាប់ជើង និងមួកសុវត្ថិភាពឡើយ។


ទោះបីមិនបានទទួលចំណាត់ថ្នាក់ល្អក្នុងការប្រកួត តែ ធារ៉ា ទាក់ទាញបានចំណាប់អារម្មណ៍ខ្លាំងតាមរយៈរូបថតដោយលោក កឹម សុវណ្ណា ដែលត្រូវបានចែករំលែកបន្តយ៉ាងភ្លូកទឹកភ្លូកដី។ ធារ៉ា សង្កត់ធ្ងន់ថា៖ «ខ្ញុំចូលចិត្តជិះកង់ខ្លាំងណាស់។ ខ្ញុំចង់ក្លាយជាកីឡាករប្រណាំងម្នាក់នៅថ្ងៃអនាគត»។

អ្នកថតរូបកីឡាជើងចាស់ដ៏មានប្រជាប្រិយភាព លោក កឹម សុវណ្ណា បានរៀបរាប់ថាតាមពិតទៅក្មេងៗដែលខ្វះខាតសម្ភាៈតែនៅតែជម្នះចូលរួមប្រកួត មិនមែនមានតែ ធារ៉ា ម្នាក់ទេ។ តែអ្វីដែលលោកភ្ញាក់ផ្អើលគឺរូបថតរបស់លោកលើកនេះទទួលបានចំណាប់អារម្មណ៍ផ្ទុះខ្លាំងខុសពីលើកមុនៗ។


ចំណែក ក្រុមអ្នករៀបចំព្រឹត្តិការណ៍ Cambodia MTB Series បានប្រាប់ថ្មីថ្មីថា៖ «កុមារនៅមូលដ្ឋាន តែងតែចង់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ យើងអនុញ្ញាតឲ្យពួកគេចូលរួមដោយមិនតម្រូវឲ្យបង់ប្រាក់។ ពួកគេភាគច្រើន គ្មានមួកសុវត្ថិភាព ដែលនេះជាបញ្ហាដ៏ធំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងសម្រេចចិត្តឲ្យពួកគេចូលរួមដើម្បីឲ្យពួកគេបានសប្បាយចិត្ត»៕