Skip to content
Nick Taylor មកដល់កម្ពុជាដោយសុវត្តិភាពដើម្បីចូលរួមហ្វឹកហ្វាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិ
    ទំព័រដើម  »  កីឡាជាតិ

Nick Taylor មកដល់កម្ពុជាដោយសុវត្តិភាពដើម្បីចូលរួមហ្វឹកហ្វាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិ

កីឡាករកូនកាត់ខ្មែរ អាមេរិក ថេឡរ នីកូឡាស់ ឌឿង បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយកាលពី ម៉ោង 2:55នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះដើម្បីចូលរួមហ្វឹកហ្វាត់ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

Nick Taylor គឺជាកីឡាករកូនកាត់តែម្នាក់គត់ដែលស្ថិតនៅក្នុងបញ្ជីកីឡាករឈុតធំរបស់ក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមលក្ខណៈធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែសនៅថ្ងៃ២២ ខែកញ្ញាខាងមុខ។នេះក៏ជាលើកទី១ផងដែរសម្រាប់កីឡាករវ័យ២៤ឆ្នាំរូបនេះដែលត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងតាមរយៈវីដេអូឃ្លីបមួយចំនួនដែលគេបានលេងឲ្យក្លិប Orlando City B ដែលមានមូលដ្ឋានស្ថិតក្នុងប្រទេសសហរដ្ឋអាមេរិក។

កីឡាករដែលមានម្តាយខ្មែររូបនេះកំពុងប្រកបអាជីពនៅលីគលំដាប់ទី៣ MLS Next Pro របស់សហរដ្ឋអាមេរិកដោយក្នុងរដូវកាលថ្មី 2022 នេះរូបគេបង្ហាញខ្លួនបាន២២ប្រកួត និងរកគ្រាប់បាល់បាន១គ្រាប់ផងដែរឲ្យ Orlando City B។

សូមជម្រាបផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧ នាពហុកីឡដ្ឋានមរតកតេជោ។