Skip to content
Sancho បង្ហោះរូបលេង FIFA 23 នៅពេលអង់គ្លេសប្រកួតជាមួយអាល្លឺម៉ង់
    ទំព័រដើម  »  កីឡាអន្តរជាតិ

Sancho បង្ហោះរូបលេង FIFA 23 នៅពេលអង់គ្លេសប្រកួតជាមួយអាល្លឺម៉ង់

កីឡាករ Jadon Sancho របស់ Manchester United ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសឡើយដោយក្នុងពេលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសប្រកួតជាមួយអាល្លឺម៉ង់រូបគេបែរជាបង្ហោះរូបលេង FIFA 23 នៅលើ Instagram ទៅវិញ។

Sancho មិនមានឈ្មោះក្នុងបញ្ចី២៦នាក់ចុងក្រោយឡើយសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់ Gareth Southgate សម្រាប់ការប្រកួតចាញ់អ៊ីតាលី1-0 និងស្មើជាមួយអាល្លឺម៉ង 3-3 ក្នុងពានរង្វាន់ Nations League។

ខណៈដែលរូបគេចាប់ផ្តើមរដូវកាលថ្មីនៅ Premier League ជាមួយនឹងទម្រង់លេងដ៏ល្អក្រោមការដឹកនាំរបស់ Erik ten Hag។Sancho ត្រូវបានគេមើលឃើញថារូបគេត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអាចទាក់ចិត្តលោក Southgate ឲកោះហៅរូបគេចូលក្រុមជម្រើសជាតិអង់គ្លេសដើម្បីធ្វើការប្រកួត World Cup 2022 Qatar ចុងឆ្នាំនេះ។

កីឡាករវ័យ២២ឆ្នាំរូបនេះរកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៦ប្រកួតនៅ Premier League ឲ្យក្រុមបិសាចក្រហមរដូវកាលថ្មីនេះប៉ុន្តែរូបគេនៅតែត្រូវបានមើលរំលងពីគ្រូបង្វឹកតោកំណាចអង់គ្លេស។ក្រោយពេលមិនមានឈ្មោះជាមួយក្រុមជម្រើសជាតិរូបគេមិនបានបង្ហាញពីចេតនាល្អឡើយដោយជ្រើសយកការលេងហ្គេម FIFA 23 ជាជាងមើលមិត្តរួមក្រុមធ្វើការប្រកួត។

Sancho បានបង្ហោះរូបទំព័រដើមនៃហ្គេម FIFA 23 នៅលើ Story Instagram របស់គេនៅក្នុងពេលជាមួយគ្នាដែលអង់គ្លេសត្រៀមចាប់ផ្តើមប្រកួត។ជាការពិតប្រហែលជារូបគេអាចនឹងធ្វើការបិទហ្គេមរបស់គេនៅពេលដែលការប្រកួតកំពុងដំណើរការនៅកីឡដ្ឋាន Wembley។

កីឡាករមកពីក្លិបបិសាចក្រហមរូបនេះបានបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសចំនួន23ប្រកួតនិងរកគ្រាប់បាល់បាន៣គ្រាប់ប៉ុន្តែរូបគេមិនបានលេងឲ្យក្រុមអង់គ្លេសឡើយចាត់តាំងពីរូបគេបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន២គ្រាប់នៅក្នុងជ័យជម្នះ5-0របស់អង់គ្លេសលើក្រុម អង់ដូរ៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ទោះជាយ៉ាងណាក៏ដោយកាលពីថ្មីៗនេះរូបគេបាននិយាយថាខ្លួននឹងព្យាយាមបង្ហាញទម្រង់លេងឲ្យបានល្អបន្ថែមទៀតដើម្បីអាចស្ថិតក្រោមផែនការរបស់ Southgate វិញ។

Jadon Sancho បាននិយាយនៅពេលដែលគេសួរទាក់ទងទៅនឹងបញ្ចីឈ្មោះកីឡាករចូលរួមប្រកួត World Cup៖ “100% ពិតណាស់វាជាគោដៅរបស់ខ្ញុំ វាហាក់បីដូចជាមិនមែនជារឿងល្អឡើយដែលខ្ញុំមិនត្រូវបានគេកោះហៅ។ប៉ុន្តែខ្ញុំនឹងព្យាយាមហ្វឹកហ្វាត់ឲ្យខ្លាំងថែមទៀតពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ហើយនេះជាអ្វីដែលខ្ញុំនឹងធ្វើ”។

កីឡាកររបស់ Man Utd ម្នាក់ទៀតក៏កំពុងបង្ហាញពីភាពល្អប្រសើររបស់ខ្លួនត្រឡប់មកវិញផងដែរដើម្បីអាចមានកៅអីចូលរួមជាមួយជម្រើសជាតិអង់គ្លេសហោះទៅប្រទេសកាតាគឺកីឡាករ Marcus Rashford ដែលជាមិត្តរួមក្រុមរបស់ Sancho ផ្ទាល់។បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនសូវបានល្អក្រោមការដឹកនាំរបស់ Ten Hag នៅពេលនេះ Rashford ហាក់បង្ហាញទម្រង់លេងដ៏ល្អរបស់គេឡើងវិញក្រោយរកបានបីគ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួន៦ប្រកួតនៅ Premier League រដូវកាល 2022-2023 នេះ។

នៅពេលដែល Rashford មានបញ្ហារបួសប៉ុន្នានថ្ងៃមុនពេលនៃការប្រកាសបញ្ចីឈ្មោះកីឡាករគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Southgate បានបកស្រាយថាលោកមិនភ្លេចខ្សែប្រយុទ្ធឡើយ។

Southgate និយាយកាលពីពេលថ្មីៗនេះថា៖ “មានកីឡាករមួយចំនួនដែលយើងចង់បន្តឲ្យពួកគេចូលរួមជាមួយយើងនៅពេលនេះប៉ុន្តែនេះមិនមែនមានន័យថាជាទីបញ្ចប់សម្រាប់កីឡាករផ្សេងដែលមិនបានចូលរួមជាមួយយើងនៅពេលនេះឡើយ”។

“ជាឧទាហរណ៍គឺកីឡាករ Marcus Rashford កាលពីពេលថ្មីៗនេះរូបគេបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យកត់សម្គាល់។គេគឺជាកីឡាករដែលយើងស្គាល់ច្បាស់បើសិនជាគេអាចបង្ហាញការលេងនៅកម្រិតខ្ពស់ក្នុងប៉ុន្នានសប្ដាហ៍ខាងមុខនេះនោះយើងនឹងពិចារណាទៅលើរូបគេ”។ Southgateបានបន្ថែម៕