Skip to content
Messi អាចនឹងវិលត្រឡប់ទៅ Barcelona វិញនៅរដូវកាលក្រោយ
    ទំព័រដើម  »  កីឡាអន្តរជាតិ

Messi អាចនឹងវិលត្រឡប់ទៅ Barcelona វិញនៅរដូវកាលក្រោយ

វីរបុរសរបស់ក្លិប Barcelona កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថានឹងវិញត្រឡប់ទៅក្លិបអ្នកមានបុណ្យវិញនៅរដូវកាលក្រោយបន្ទាប់ពីលេងនៅ Ligue 1 ជាមួយ Paris Saint-Germain បានពីររដូវកាល។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាល 2022-23 នេះបើយោងតាមមិត្តជិតស្និទ្ធនៃគ្រួសាររបស់ Messi។ អ្នកកាសែតអាហ្សង់ទីន Veronica Brunati បានបង្ហោះលើ Twitter របស់ខ្លួនកាលពីរសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ ដោយសរសេរថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ Messi នឹងក្លាយជាកីឡាករ Barce។ចំណែកអ្នកកាសែតផ្នែកបាល់ទាត់នៅប្រទេសអ៊ីតាលី Tancredi Palmer បានឆ្លើយតបនឹងព័ត៌មានរបស់ Brunati ដោយបានចូលទៅ Share ថា៖ “យោងតាមអ្នកកាសែតអាស្សង់ទីននិងមិត្តភក្តិជិតស្និទ្ធរបស់គ្រួសារ Messi បានថាខែកក្កដាខាងមុខនេះ Messi នឹងត្រឡប់មក Barcelona វិញ”។

ដោយឡែកសារព័ត៌មាន Goal បានចុះផ្សាយថា Messi នឹងសម្រេចពីអនាគតរបស់ខ្លួនថានឹងបន្តស្នាក់នៅឬទៅទីណានៅក្រោយព្រឹត្តិការណ៍ World Cup 2022 Qatar។

យ៉ាងណាមិញកីឡាករវ័យ35ឆ្នាំរូបនេះនៅសល់កិច្ចសន្យារយៈពេល១២ខែទៀតជាមួយ PSG និងជម្រើសនៃការបន្តកុងត្រាបន្ថែម១រដូវកាលទៀតប៉ុន្តែមើលទៅកីឡាកររូបនេះអាចនឹងសម្រេចចិត្តវិលទៅទ្រនំចាស់របស់ខ្លួនវិញជាមួយនឹងការផ្ទេរដោយមិនមានតម្លៃខ្លួន។

កាលពីឆ្នាំ២០២១កីឡាករ Messi ត្រូវបង្ខំចិត្តចាកចេញពីទឹកដី Camp Nou ក្រោយគ្មានជម្រើសបន្ទាប់ពីក្លិបមានវិបត្តិហិរញ្ញវត្ថុដោយពួកគេមិនអាចបន្តកុងត្រាឲ្យ Messi សម្រាប់រដូវកាល 2021-22។កីឡាកររូបនេះមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបង្ខំចិត្តចាកចេញពីក្លិបក្នុងអំឡុងពេលសន្និសីទសារព័ត៌មានលាគ្នារបស់រូបគេដោយទឹកភ្នែកក្រោយរួមរស់ជាមួយក្លិបអស់រយៈពេល21ឆ្នាំ។

Messi បានស៊ូទ្រាំនឹងពេលវេលាដ៏លំបាករបស់ខ្លួននៅ PSG ក្នុងរដូវកាលដំបូងដោយបានសម្របខ្លួនទៅនឹងបរិយាកាសបែបថ្មី មិត្តរួមក្រុមថ្មីនិងកន្លែងប្រកួតថ្មីផងដែរ។យ៉ាងណាមិញរូបគេអាចលើកពាន Ligue 1 2021/22 ជាមួយ PSG ខណៈដែលរកបាន១១គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន១៤គ្រាប់គ្រប់កម្មវិធីទាំងអស់។

ម្ចាស់ពាន Ballon d’Or ៧សម័យកាលរូបនេះបានសម្របខ្លួនយ៉ាងល្អវិញហើយក្នុងរដូវកាលថ្មី2022-23 នេះជាមួយនឹងក្លិបយក្សបារាំង PSG បើទោះបីជាព័ត៌មានទាក់ទងនឹងការវិលត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញនៅតែជាប្រធានបទដ៏ក្តៅគគុកក៏ដោយ។

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយពីការត្រឡប់មកវិញរបស់ Messi ដោយថាពេលវេលារបស់ Messi នៅ La Liga មិនទាន់ចប់ទេ។Laporta បានប្រាប់ ESPN ថា៖ “លោកចង់ប៉ះប៉ូវចំពោះការចាកចេញរបស់ Messi ។រូបគេគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់យើង សម្រាប់ Barce Messi ជាកីឡាករដ៏អស្ចារ្យនិងមានសក្តានុពលបំផុត។សម្រាប់ខ្ញុំគេប្រៀបបានទៅនឹង Johan Cruyff  ហើយអ្វីៗនឹងវិលមកភាពល្អប្រសើរវិញនៅថ្ងៃណាមួយ”។

“ខ្ញុំសង្ឃឹមថារជ្ជកាល Messi ជាមួយ Barce នឹងមិនទាន់បញ្ចប់ទេវាជាទំនួលខុសត្រូវរបស់យើងក្នុងការកែប្រែស្ថានភាពឲ្យល្អមកវិញហើយឱកាសមិនទាន់អស់ទេវានៅតែមានដូចច្នេះយើងត្រូវតែធ្វើវានិងប្រាកដថាអ្វីៗបញ្ចប់ទៅដោយភាពសប្បាយរីករាយ”។Laporta បានបន្ថែម។

ការវិញត្រឡប់មកវិញរបស់ Messi នឹងអាចឲ្យយើងឃើញពីការជួបជុំអតីតមិត្តរួមក្រុមរបស់គេដែលឥឡូវបានក្លាយជាគ្រូបង្វឹកក្លិប Barce គឺ Xavi Hernandez ដែលធ្លាប់រួមរស់ជីវិតលេងបាល់ជាមួយគ្នាតាំងពីនៅសាលាបាល់ទាត់ La Masia ដែលជាសាលាបង្ហាត់បាល់ទាត់ដ៏ល្បីល្បាញរបស់ក្លិប។