Skip to content
Diogo Jota នឹងខនខានការប្រកួត World Cup ឆ្នាំនេះជាមួយព័រទុយហ្គាល់
    ទំព័រដើម  »  កីឡាអន្តរជាតិ

Diogo Jota នឹងខនខានការប្រកួត World Cup ឆ្នាំនេះជាមួយព័រទុយហ្គាល់

ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Diogo Jota ត្រូវបង្ខំចិត្តផ្លាស់ប្តូរចេញភ្លាមៗនៅម៉ោងបន្ថែម៩០នាទីគ្រាដែល Liverpool ទទួលបានជ័យជម្នះ 1-0 លើ Manchester City នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

បន្ទាប់ពីទទួលរងរបួសកាលពីថ្ងៃអាទិត្យកីឡាករវ័យ២៥ឆ្នាំរូបនេះបានទៅឆែកបញ្ហារបួសនេះជាមួយនឹងក្រុមគ្រូពេទ្យជំនាញរបស់ក្លិបជាលទ្ធផលរូបគេមានបញ្ហារបួសសាច់ដុំដោយតម្រូវឲ្យសម្រាករយៈពេលវែងហើយរបួសនេះនឹងធ្វើឲ្យរូបគេខកខានជួយព័រទុយហ្គាល់ក្នុងយុទ្ធនាការពានរង្វាន់បាល់ទាត់ពិភពលោក FIFA WORLD CUP កាតាដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ។

Klopp បានលើកឡើងពីបញ្ហារបួសរបស់ Jota ដោយនិយាយថា៖ “ពិតណាស់វាមិនមែនជាដំណឹងដ៏ល្អឡើយសម្រាប់ Jota រូបគេនឹងអវត្តមានពីព្រឹត្តិការណ៍ World Cup នៅខែក្រោយនេះ។នៅពេលសួរថាតើ Jota ត្រូវការវះកាត់របួសកំភួនជើងគេឬអត់ Klopp បានឆ្លើយថា ‘អត់ទេ’។Jota មានបញ្ហារបួសធ្ងន់ធ្ងរឥឡូវនេះយើងអាចនិយាយបានថារូបគេនឹងត្រូវសម្រាកក្រៅទីលានរយៈពេលយូរ។យើងមិនអាចកំណត់បានថារយៈពេលប៉ុន្នានខែទេដូចនេះយើងនឹងដឹងនៅពេលខាងមុខ។ខ្ញុំមិនចង់កំណត់ថាថ្ងៃណាដែលគេអាចវិលចូលទីលានវិញទេអ្វីដែលយើងសង្ឃឹមគឺរូបគេនឹងអាចស្តាររាងកាយរបស់គេឡើងវិញហើយវិវឌ្ឍខ្លួនជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែវានឹងមានរយៈពេលយូរ”។

នៅពេលសួរថា Jota យ៉ាងមិចហើយពេលនេះ Klopp ឆ្លើយថា៖ “ពិតណាស់មកដល់ពេលនេះរូបគេមិនអីទេ Jota ជាកីឡាករដែលឆ្លាតនិងរហ័សរហួន។ខ្ញុំបានគិតថាប្រហែលជារូបគេបានដឹងច្បាស់ហើយពីរបួសរបស់គេពេលដែលយើងប្តូររូបគេចេញ។ក្រោយចប់ការប្រកួតខ្ញុំបានជួបរូបគេហើយពន្យល់អំពីបញ្ហាដែលបានកើតឡើងហើយខ្ញុំគិតថារូបគេបានដឹងច្បាស់ហើយថាគេអាចនឹងមានរបួសធ្ងន់ធ្ងរដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រកួត World Cup ដែលជាក្តីសុបិនរបស់គេ”។

បន្ទាប់ពីដឹងថាខ្លួនមានបញ្ហារបួសខកខានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Jota ក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា៖ “បន្ទាប់ពីយប់ដ៏ល្អនៅក្នុងកីឡដ្ឋាន Anfield ខ្ញុំបានជួបរឿងមិនល្អនៅនាទីចុងក្រោយដែលវាបានធ្វើឲ្យក្តីសុបិនដ៏ធំរបស់ខ្ញុំមួយត្រូវបានបាត់បង់ទៅវិញ។ខ្ញុំនឹងក្លាយជាអ្នកគាំទ្រពីខាងក្រៅជូនដល់ក្លិបនិងប្រទេសរបស់ខ្ញុំហើយតស៊ូព្យាបាលរបួសដើម្បីឲ្យឆាប់ជាតាមដែលអាចធ្វើទៅបាន។You’ll Never Walk Alone”។