Skip to content
Messi ថាប្រទេសទាំង៥នេះមានឱកាសខ្ពស់ក្នុងការឈ្នះ World Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ

Messi ថាប្រទេសទាំង៥នេះមានឱកាសខ្ពស់ក្នុងការឈ្នះ World Cup

កីឡាករនាំលេងរបស់ក្លិប Paris Saint-Germain គឺ Lionel Messi នឹងត្រូវនាំក្រុមជម្រើសជាតិអាហ្សង់ទីនចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 Qatar ដែលទំនងជាការចូលរួមប្រកួតលើកចុងក្រោយផងដែរសម្រាប់កីឡាកររូបនេះក្នុងការពាក់អាវជម្រើសជាតិប្រកួត World Cup។

Messi បានឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ២០២១ ដែលជាការឈ្នះពានរង្វាន់លើកដំបូងរបស់គេជាមួយក្រុមជម្រើសជាតិប៉ុន្តែរូបគេនៅតែមានការសោកស្តាយចំពោះការបរាជ័យរបស់អាហ្សង់សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2014 ក្រោមថ្វីជើងក្រុមជម្រើសជាតិអាល្លឺម៉ង់។

អាហ្សង់ទីនមកទល់ពេលនេះកំពុងតែធ្វើបានល្អជាខ្លាំងដោយលេង៣៤ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់សោះនឹងកំពុងសម្លឹងមើលកំណត់ត្រាបន្ថែមខណៈដែល Messi មិនបានគិតថាប្រទេសរបស់ខ្លួននឹងមានភាគរយខ្ពស់ក្នុងការឈ្នះ World Cup ឆ្នាំនេះទេដោយសារតែចង់ឲ្យកីឡាករទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត។

កីឡាករវ័យ៣៥ឆ្នាំរូបនេះនិយាយថាគេមានការពេញចិត្តទៅលើប្រទេសទាំង៥នេះដោយក្នុងនោះក៏មានក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ Messi និយាយ៖ “សម្រាប់ប្រទេសដែលខ្ញុំគិតថានឹងធ្វើបានល្អនោះគឺ ប្រេស៊ីល អាល្លឺម៉ង់ បារាំង អង់គ្លេសនិងអេស្ប៉ាញ។ខ្ញុំដឹងប្រហែលជាខ្ញុំនឹងភ្លេចប្រទេសមួយចំនួនទៀតប៉ុន្តែបើសិនជាឲ្យខ្ញុំជ្រើសយក១ឬ២ខ្ញុំគិតថាប្រេស៊ីលនិងបារាំងគឺជាក្រុមដែលមានអទិភាពជាងគេ”។

សូមជម្រាបផងដែរថាការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 Qatar នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ខណៈក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនស្ថិតនៅពូលCជាមួយប្រទេសម៉ិកស៊ិក ប៉ូឡូញ និងប្រទេសមកពីតំបន់អាស៊ីអារ៉ាប៊ីសាអូឌីត។