Skip to content
Neil Lennon ត្រូវបានបណ្តេញចេញពីតួនាទីគ្រូបង្វឹកក្រោយដឹកនាំក្រុម Omonia ចាញ់ Man Utd
    ទំព័រដើម  »  កីឡាអន្តរជាតិ

Neil Lennon ត្រូវបានបណ្តេញចេញពីតួនាទីគ្រូបង្វឹកក្រោយដឹកនាំក្រុម Omonia ចាញ់ Man Utd

Neil Lennon ត្រូវបានក្លិបបាល់ទាត់ Omonia Nicosia បណ្តេញចេញពីតួនាទីគ្រូបង្វឹកយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្រោយចាញ់ Manchester United នៅក្នុងកីឡដ្ឋាន Old Trafford ដោយលទ្ធផលត្រឹមតែមួយទល់នឹងសូន្យប៉ុណ្ណោះ។

Omonia Nicosia ប៊ិះនឹងឆក់បានពិន្ទុពីក្រុម Man Utd ទៅហើយនាការប្រកួតក្នុងក្របខណ្ឌ Europa League ប៉ុន្តែគ្រាប់បាល់នៅក្នុងម៉ោងបន្ថែមនៃវគ្គទី២របស់ Scott McTominay បានសម្លាប់ការខិតខំប្រឹងប្រែងរបស់កីឡាករ Omonia គ្មានសល់។ក្លិបបាល់ទាត់មកពីប្រទេសស៊ីប(Cyprus)មួយនេះក៏ធ្វើបានល្អគួរសមផងដែរកាលពីប្រកួតសប្ដាហ៍មុនក្នុងទឹកដីរបស់ខ្លួនដោយចាញ់បិសាចក្រហម 3-2 តែប៉ុណ្ណោះ។

ប៉ុន្តែការធ្វើបានល្អពេលប្រកួតជាមួយ Man United មិនបានរក្សាតំណែងគ្រូបង្វឹករូបនេះឲ្យនៅគង់វង្សឡើយ។ Lennon ត្រូវបានបណ្តេញចេញពីតំណែងក្រោយដឹកនាំក្រុមចាញ់ Nea Salamis 1-0 កាលពីចុងសប្ដាហ៍កន្លងទៅនាការប្រកួតក្នុងលីគកំពូលស៊ីប។លទ្ធផលនេះបានធ្វើឲ្យ Omonia ឈរនៅលេខរៀងទី៧ នៃតារាពិន្ទុសរុបរបស់លីគកំពូលស៊ីបដោយឈ្នះបី និងចាញ់៤ក្នុងចំណោមការប្រកួត៧ប្រកួតរបស់ពួកគេនៅរដូវកាលនេះ។

Lennon បានដឹកនាំក្លិបមួយនេះឲ្យលើកពានរង្វាន់ Cypriot Cup កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅប៉ុន្តែក្លិបបានបញ្ចាក់ថាដោយសារតែការធ្វើមិនបានល្អសម្រាប់ការប្រកួតក្នុងលីគទើបក្លិបសម្រេចបញ្ចប់កិច្ចសន្យាជាមួយនឹងគ្រូបង្វឹករូបនេះមុនកាលកំណត់។ក្លិបបានចេញសេក្តីថ្លែងការណ៍មួយដោយបាននិយាយថា៖ “យើងសូមជូនដំណឹងដល់សាធារណៈជនទាំងអស់គ្នាឲ្យបានជ្រាបថាក្លិបបានសម្រេចចែកផ្លូវគ្នាជាមួយ Neil Lennon ហើយ។ស្ថានភាពមិនល្អបានកើតមានឡើងសម្រាប់ក្រុមយើងក្រោយយើងធ្វើមិនបានល្អទាល់តែសោះសម្រាប់ការប្រកួតក្នុងលីគហើយនេះជាហេតុផលចម្បងដែលក្លិបសម្រេចបញ្ចប់ភាពជាដៃគូជាមួយលោក Lennon”។

“Omonia របស់យើងបានចារឈ្មោះលោក Lennon ទុករួចហើយក្នុងប្រវត្តិសាស្ត្រក្លិបហើយរូបលោកសមនឹងទទួលបានការគោរពនិងទទួលស្គាល់ពីយើងទាំងអស់គ្នា។ថ្វីត្បិតតែពេលនេះយើងមិនបានរួមដំណើរជាមួយគ្នាមែនប៉ុន្តែអនុស្សាវរីយ៍នៃការសហការគ្នាកន្លងមកនឹងនៅជាមួយគ្នាជារៀងរហូត។ក្លិបសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រូបង្វឹក Lennon សម្រាប់ការរួមចំណែកជួយក្លិបកន្លងមកហើយសូមជូនពរឲ្យរូបលោកទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត”។

លោក Neil Lennon ត្រូវបានក្លិប Omonia Nicosia ដែលមានមូលដ្ឋាននៅប្រទេសស៊ីបផ្តល់សេចក្តីទុកចិត្តឲ្យលោកមកដឹកនាំកាលពីខែកុម្ភៈឆ្នាំ២០២២ក្រោយចាកចេញពី Celtic អស់រយៈពេលមួយឆ្នាំ។ Lennon ក៏ធ្លាប់ជាអតីតគ្រូបង្វឹករបស់ក្លិបបាល់ទាត់​ Bolton Wanderers ចន្លោះឆ្នាំ 2014-2016 និងបន្តដឹកនាំ Hibermian នៅឆ្នាំ 2016-2019 មុនចូលទៅនឹងនាំCeltic។