Skip to content
អតីតកីឡាករ Inter ម្នាក់អាចនឹងត្រូវបានក្លិបបញ្ចប់កិច្ចសន្យាភ្លាមៗក្រោយរូបគេជក់បារីនៅក្នុងការប្រកួត
    ទំព័រដើម  »  កីឡាអន្តរជាតិ

អតីតកីឡាករ Inter ម្នាក់អាចនឹងត្រូវបានក្លិបបញ្ចប់កិច្ចសន្យាភ្លាមៗក្រោយរូបគេជក់បារីនៅក្នុងការប្រកួត

អតីតខ្សែបម្រើ Inter Milan គឺកីឡាករ Radja Nainggolan អាចនឹងត្រូវបានក្លិប Antwerp បញ្ចប់កិច្ចសន្យាក្រោយរូបគេជក់បារីអំឡុងការប្រកួតគ្រាដែលរូបគេស្ថិតនៅជាកីឡាករបម្រុង។

ក្លិបនៅលីគកំពូលបែលហ្សិកមួយនេះបានធ្វើការពិន័យខ្សែបម្រើវ័យ៣៤ឆ្នាំនេះដោយមិនឲ្យមានឈ្មោះនៅក្នុងក្រុមក្រោយពីត្រូវបានគេថតជាប់រូបជក់បារីនៅកៅអីបម្រុងក្នុងពេលដែលក្រុមរបស់ខ្លួនប្រកួតចាញ់ Standard Liege 3-0។

ក្លិបបាល់ទាត់ Antwerp បានចេញសេចក្តីថ្លែងការភ្លាមៗក្រោយពិន័យខ្សែបម្រើរូបនេះដោយថ្លែងថា៖ “យើងបានពិភាក្សាជាមួយរូបគេអំពីសកម្មភាពអវិជ្ជមានដែលឆ្លុះបញ្ចាំងពីរូបភាពមិនល្អរបស់ក្រុមហើយជាលទ្ធផលក្លិបសម្រេចដករូបគេចេញពីបញ្ចីឈ្មោះកីឡាករក្នុងក្រុមតែម្តង”។

Nainggolan ដែលបានចាកចេញពីទឹកដីអ៊ីតាលីរដូវក្តៅនេះបន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ Cagliari ក្នុងលក្ខខណ្ឌខ្ចីពី Inter រូបគេបានចុះកិច្ចសន្យារយៈពេល២រដូវកាលជាមួយក្លិប Antwerp នៅលីគកំពូលបែលហ្សិក។

ថ្លែងទៅកាន់ France Football កាលពីឆ្នាំមុនខ្សែបម្រើរូបនេះបាននិយាយថា៖ “ខ្ញុំគឺជាមនុស្សធម្មតា មិនមែនជាមនុស្សអាក្រក់ឡើយ។ខ្ញុំនៅតែជឿជាក់ថាអ្នកលេងបាល់ទាត់គួរតែអាចជក់បារីបាន”។

កាលពីឆ្នាំ២០១៦ គ្រូបង្វឹកបែលហ្សិក Marc Wilmots ក៏បាននិយាយទាក់ទង់នឹងកីឡាកររូបនេះដោយប្រាប់សារព័ត៌មាន Sporza.be ថា៖ “ពិតណាស់ Nainggolan ចូលចិត្តជក់បារី។វាជាទម្លាប់ទៅហើយមនុស្សជាច្រើននៅប្រទេសបារាំងនិងអ៊ីតាលីបានជក់បារី។ខ្ញុំនឹងមិនបញ្ឈប់រូបគេទេប្រសិនបើនេះជាអ្វីដែលគេត្រូវការ”។

“សម្រាប់ខ្ញុំវាមិនមែនជាបញ្ហាទេក្នុងការជក់បារីវាជាសុខភាពរបស់គេអ្វីដែលសំខាន់គឺរូបគេបង្ហាញការលេងនៅលើទីលានបានល្អ។ខ្ញុំត្រូវតែប្រាកដថារូបគេនឹងមានបន្ទប់មួយសម្រាប់ជក់បារី ខ្ញុំគិតថារូបគេនឹងធ្វើអ្វីម្យ៉ាងប្រសិនបើយើងហាមគេមិនឲ្យជក់បារីប្រាំឬប្រាំមួយបារីក្នុងមួយថ្ងៃ។វាជាបញ្ហារបស់គេបើសិនជាការជក់បារីអាចធ្វើឲ្យប៉ះពាល់អាជីពបាល់ទាត់របស់កីឡាកររូបនេះ”។