Skip to content
Ronaldo ចូលរួមហ្វឹកហ្វាត់ជាមួយ Man Utd ដើម្បីត្រៀមប្រកួត Europa League
    ទំព័រដើម  »  កីឡាអន្តរជាតិ

Ronaldo ចូលរួមហ្វឹកហ្វាត់ជាមួយ Man Utd ដើម្បីត្រៀមប្រកួត Europa League

Cristiano Ronaldo បានត្រឡប់ទៅចូលរួមហ្វឹកហ្វាត់ជានឹងក្រុមឈុតធំ Manchester United វិញហើយបន្ទាប់ពីរងការពិន័យពីសំណាក់គ្រូបង្វឹក Erik ten Hag ក្រោយកីឡាកររូបនេះបដិសេធមិនព្រមផ្លាស់ប្តូរចូលលេងនៅចុងម៉ោងគ្រាដែល Man Utd បានយកឈ្នះ Tottenham Hotspur 2-0 កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅ។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះត្រូវបាន Ten Hag ដកឈ្មោះចេញពីបញ្ចីឈុតធំដោយមិនឲ្យរូបគេចូលរួមប្រកួតក្នុងក្របខណ្ឌ Premier League ឡើយកាលពីថ្ងៃសៅរ៍ ទី២២ នៅពេលដែល Man United ជួបជាមួយនឹង Chelsea ក្នុងកីឡដ្ឋាន Stamford Bridge។បិសាចក្រហមធ្វើបានត្រឹមស្មើតែប៉ុណ្ណោះពេលប៉ះជាមួយ Chelsea ក្នុងគ្រាដែលមិនមានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេឲ្យ United កាលពីរដូវកាលមុនប៉ុន្តែកីឡាកររូបនេះទំនងជានឹងត្រលប់មកវិញនៅថ្ងៃព្រហស្បតិ៍ ទី២៧ ពេលជួបនឹង Sheriff ក្នុងក្របខណ្ឌ Europa League។

យោងតាមកាសែត The Athletic កីឡាករឈ្នះ Ballon d’Or ៥សម័យរូបនេះអាចនឹងមានឈ្មោះនៅថ្ងៃប្រកួត Europa League ខណៈដែល United កំពុងសម្លឹងរកកៅអីមួយឡើងទៅវគ្គបន្តនិងដាក់សម្ពាធលើក្រុម Real Sociedad ដែលកំពុងតែឈរកំពូលតារានៃពូល E។

Ten Hag និង Ronaldo បានធ្វើការពិភាក្សាគ្នានៅឯទីលានហ្វឹកហ្វាត់ Carrington របស់ក្លិបដោយគ្រូបង្វឹករូបនេះចង់បានដំណោះស្រាយរហ័សនិងប្រកបដោយប្រសិទ្ធិភាពក្រោយពី Ronaldo ត្រូវបានពិន័យមិនឲ្យលេងកាលប៉ះ Chelsea។

ភ្លាមៗក្រោយពីចប់ការប្រកួតជាមួយតោខៀវលោក Ten Hag បានសារភាពថាក្រុមរបស់លោកនៅតែត្រូវការ Ronaldo ក្នុងនាមជាអ្នករកគ្រាប់បាល់។គ្រូបង្វឹករូបនេះបាននិយាយថា៖ “បាទ!យើងពិតជាត្រូវការរូបគេ Ronaldo តែងតែរកគ្រាប់បាល់បាន។រូបគេពិតជាសំខាន់សម្រាប់ក្រុមទាំងមូលហើយច្បាស់ណាស់ក្លិបត្រូវការគេដូចដែលអ្នកឃើញក្នុងការប្រកួតនេះអញ្ចឹងយើងពិតជាត្រូវការអ្នកបញ្ចប់ទីដ៏ល្អដូចជា Ronaldo”។

ដោយនិយាយពីទំនាក់ទំនងរបស់លោកនិង Ronaldo គ្រូបង្វឹករូបនេះបានបន្ថែមថា៖ “ខ្ញុំគិតថាខ្ញុំបាននិយាយវារួចរាល់ហើយអំពីបញ្ហានេះ យើងត្រូវតែផ្តោតលើការប្រកួតនេះវាជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមរបស់ខ្ញុំហើយខ្ញុំពិតជាសរសើរនូវការខិតខំរបស់ពួកគេ។ខ្ញុំត្រូវតែសរសើរដល់កីឡាកររបស់ខ្ញុំដែលអាចធ្វើបានល្អជាមួយនឹងការប្រកួត៤ប្រកួតក្នុងរយៈពេល១០ថ្ងៃ។វគ្គទីមួយ Rashford មានឱកាសធំៗចំនួន២លើកនិង Antony ម្តងអ្នកត្រូវតែសម្រេចទីឲ្យបាននៅឱកាសល្អៗនេះព្រោះក្នុងការប្រកួតធំៗបែបនេះឱកាសចំនួនបីដងគឺច្រើនណាស់។អ្នកត្រូវតែរកគ្រាប់បាល់ឲ្យបាន”។

សូមជម្រាបផងដែរថា Ronaldo បានចូលហ្វឹតហ្វាត់វិញជាមួយក្រុមកាលពីថ្ងៃអង្គារកន្លងទៅក្នុងនោះក៏មានវត្តមានកីឡាករ Aaron Wan Bissaka , Harry Maguire និង Donny van de Beek ផងដែរដោយនាក់ទាំងបីទើបតែជាសះស្បើយពីបញ្ហារបួស។