Skip to content
Pep ប្រាប់ពីមូលហេតុដូរ Haaland ចេញត្រឹមវគ្គទីមួយពេលប៉ះ Dortmund
    ទំព័រដើម  »  កីឡាអន្តរជាតិ

Pep ប្រាប់ពីមូលហេតុដូរ Haaland ចេញត្រឹមវគ្គទីមួយពេលប៉ះ Dortmund

លោក Pep Guardiola បានបង្ហើបពីមូលហេតុដែលលោកសម្រេចចិត្តដូរកីឡាករ Erling Haaland នៅពាក់កណ្តាលតង់ក្នុងការប្រកួតដែល Manchester City ស្មើគ្នា 0-0 ជាមួយ Borussia Dortmund។

Man City ហាក់បង្ហាញទម្រង់លេងមិនសូវបានល្អឡើយនៅពេលទៅលេងនៅទឹកដី Signal Iduna Park ខណៈពួកគេមិនអាចស៊ុតទម្លុះសំណាញ់ទីក្រុម Dortmund បានប៉ុន្តែយ៉ាងណាមិញ City បានសម្រេចគោលដៅរបស់ពួកគេដោយបានបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូលG នៃក្របខណ្ឌ Champions League 2022-2023។

Haaland ត្រូវបានប្តូរចេញត្រឹមវគ្គទីមួយកាលពីយប់មិញបន្ទាប់ពីគេបង្ហាញទម្រង់លេងមិនសូវបានល្អដោយប៉ះបាល់បានតែ១៣ប៉ះប៉ុណ្ណោះនិងស៊ុតបានម្តង។Guardiola បានបង្ហើបក្រោយចប់ការប្រកួតថាខ្សែប្រយុទ្ធរូបនេះឡើងកម្តៅខុសធម្មតានិងមានបញ្ហារបួសប្រអប់ជើងបន្តិចបន្តួចផងដែរ។

Pep បាននិយាយថា៖ “មានរឿងបីដែលខ្ញុំមើលឃើញទៅលើ Haaland ខ្ញុំឃើញរូបគេហត់ណាស់ ទីពីរ គេមានជំងឺផ្តាសាយបន្តិចក្នុងខ្លួននិងទីបីរូបគេមានបញ្ហារបួសប្រអប់ជើងដូចនេះហើយបានជាអ្នកមិនឃើញគេក្នុងតង់ទីពីរ។ខ្ញុំបាននិយាយជាមួយក្រុមគ្រូពេទ្យនៅពាក់កណ្តាលម៉ោងហើយពួកគេមានការព្រួយបារម្ភអំពីបញ្ហារបួសនេះប៉ុន្តែខ្ញុំឃើញថា Haaland ដើរធម្មតា។យើងនឹងចាំមើលបន្តទៀត”។

Man City នឹងត្រូវធ្វើដំណើរទៅលេងនៅទឹកដី King Power របស់ក្លិប Leicester City ក្នុងក្របខណ្ឌ Premier League នាថ្ងៃសៅរ៍ទី២៩ ខាងមុខហើយ Pep Guardiola សង្ឃឹមថាតារាជើងស៊ុតរបស់លោកនឹងជាសះស្បើយទាន់ពេលវេលា។