Skip to content
Spurs ខកខានឱកាសឡើងវគ្គបន្តដោយស្វ័យប្រវត្តិក្រោយគ្រាប់បាល់ចុងម៉ោងរបស់ Kane ត្រូវបានបដិសេធដោយ VAR
    ទំព័រដើម  »  កីឡាអន្តរជាតិ

Spurs ខកខានឱកាសឡើងវគ្គបន្តដោយស្វ័យប្រវត្តិក្រោយគ្រាប់បាល់ចុងម៉ោងរបស់ Kane ត្រូវបានបដិសេធដោយ VAR

ក្លិបបាល់ទាត់ Tottenham Hotspur បានខកខានឱកាសឡើងទៅវគ្គបន្តនៃក្របខណ្ឌ Champions League បន្ទាប់ពីគ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយ Harry Kane នៅចុងម៉ោងត្រូវបាន VAR ចាត់ទុកជាបាល់ជំហរក្រៅល្បែង។

អតីតខ្សែបម្រើរបស់ Spurs កីឡាករ Marcus Edwards បានជួយឲ្យក្រុមមកពីលីគកំពូលព័រទុយហ្គាល់រកគ្រាប់បាល់បានមុននៅវគ្គទីមួយក្រោយពេល Spurs ត្រូវរងចាំដល់នាទី៨០ទើបអាចរកគ្រាប់បាល់តាមស្មើបានពីសំណាក់កីឡាករ Rodrigo Bentancur។

ក្រុមរបស់លោក Antonio Conte បានគិតថាពួកគេនឹងទទួលបានកៅអីមួយទៅហើយដើម្បីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League បន្ទាប់ពីការទែតបញ្ចូនបាល់របស់កីឡាករ Emerson Royal ទៅឲ្យ Kane ស៊ុតបញ្ចូលទីប៉ុន្តែក្រោយការត្រួតពិនិត្យ VAR យ៉ាងយូរគ្រាប់បាល់នោះត្រូវបានច្រានចោលទៅវិញដោយសារតែ Kane ស្ថិតក្នុងជំហរ offside។

មិនតែប៉ុណ្ណោះលោក Conte ក៏ទទួលបានកាតក្រហមមួយផងដែរបន្ទាប់ពីព្យាយាមតវ៉ាគ្រាប់បាល់របស់ Kane ជាមួយនឹងលោកអាជ្ញាកណ្តាលដូចនេះមានន័យថារូបលោកនឹងមិនអាចឈរបញ្ជាកូនក្រុមបានឡើយនៅក្នុងការប្រកួតចុងក្រោយនៃពូល D ពេលដែល Spurs ប្រកួតជាមួយ Marseille នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

លទ្ធផលស្មើនេះបានធ្វើឲ្យ Spurs ឡើងឈរកំពូលតារាងពូលD បណ្តោះអាសន្នដោយមាន៨ពិន្ទុចំណែក Sporting និង Frankfurt មាន 7ពិន្ទុ ខណៈក្រុមលេខ៤ Marseille មាន៦ពិន្ទុ។

និយាយក្រោយចប់ការប្រកួតទាក់ទងនឹងបាល់ជំហរក្រៅល្បែងលោក Conte ថា៖ “ខ្ញុំគិតថាបាល់នឹងនៅខាងមុខ Kane ទេ ចូលគឺចូល។ខ្ញុំមិនយល់ពីបន្ទាត់ដែលគេដាក់នោះទេវាពិតជាពិបាកក្នុងការបញ្ចេញមតិលើការសម្រេចចិត្តនេះ។ VAR កំពុងតែបំផ្លាញការប្រកួតច្រើនណាស់ ខ្ញុំចង់ដឹងថាតើនៅកីឡដ្ឋានផ្សេងគ្រាប់បាល់បែបនេះត្រូវបានគេបដិសេធឬទេ ខ្ញុំពិតជាចង់ដឹងរឿងនេះណាស់។វាពិតជាអយុត្តិធម៌ណាស់ ខ្ញុំមិនចូលចិត្តស្ថានភាពបែបនេះទេ។ខ្ញុំមើលមិនឃើញពីកំហុសសោះ”។

“តង់ទី២យើងពិតជាធ្វើបានល្អ ហើយក្រុមរបស់ខ្ញុំលេងដោយភាពក្លាហានយើងសមនឹងឈ្នះការប្រកួតប៉ុន្តែយើងមិនដឹងថានឹងអាចមានអ្វីកើតឡើង។ខ្ញុំមិនយល់ថាហេតុអ្វីយើងត្រូវរងចាំដល់ប្រកួតក្រោយទាំងដែលអាចឡើងទៅវគ្គបន្តក្នុងការប្រកួតនេះទៅហើយ។នៅពេលដែលអ្នកធ្វើឲ្យមានស្ថានភាពបែបនេះអ្នកពិតជាបានបង្កើតរឿងមិនល្អជាច្រើនដល់ក្លិប”។Conte បន្ថែម

ខ្សែការពាររបស់ Spurs កីឡាករ Matt Doherty បាននិយាយប្រាប់ BT SPORT ថា៖ “ដូចអ្នកបានឃើញហើយថាពួកយើងបានអបអរគ្រាប់បាល់នេះដោយសារតែយើងគិតថាពួកយើងនឹងឈ្នះការប្រកួត។ខ្ញុំគិតថាបាល់នោះទៅប៉ះខ្សែការពារមុនទៅដល់ Kane ដូចនេះវាគឺជាច្បាប់ផ្សេងមួយទៀត ប្រហែលជាខ្ញុំត្រូវមើលសៀវភៅច្បាប់ការប្រកួតឡើងវិញហើយ។កីឡាករមួយចំនួនពិតជាមិនយល់ថាហេតុអ្វីបានជាមានរឿងនឹងកើតឡើង។បើនិយាយដោយស្មោះយើងពិតជាធ្វើមិនសូវបានល្អមែន ជាពិសេសនៅវគ្គទីមួយ។យើងបានឈរនៅកំពូលតារាងមែនប៉ុន្តែវាមិនមែនជាអ្វីដែលយើងចង់បានទេនៅក្នុងយប់នេះយើងនៅសល់មួយប្រកួតទៀតក្នុងដៃដូច្នេះយើងត្រូវតែឈ្នះ”។