Skip to content
គ្រូបង្វឹកទាំង៣២រូប ដែលដឹកនាំក្រុមជម្រើសជាតិនីមួយៗក្នុង World Cup ឆ្នាំ២០២២
    ទំព័រដើម  »  កីឡាអន្តរជាតិ

គ្រូបង្វឹកទាំង៣២រូប ដែលដឹកនាំក្រុមជម្រើសជាតិនីមួយៗក្នុង World Cup ឆ្នាំ២០២២

មុនការប្រកួត FIFA World Cup Qatar ២០២២ ដែលខិតចូលមកដល់ ពេលនេះយើងនឹងរាប់រៀបគ្រូបង្វឹកឆ្នើមៗប្រចាំប្រទេសនីមួយដែលមានឈ្មោះទៅចូលរួមក្នុងព្រឹត្តិការណ៍World Cup ប្រទេសកាតានាខាងមុខ
ថាតើពួកគាត់មានប្រវត្តិយ៉ាងណា? មកពីណា? ធ្លាប់ទទួលបានជោគជ័យអ្វីខ្លះ? តោះយើងទៅមើលទាំងអស់គ្នា

ពូល A

ប្រទេសអេក្វាឌ័រ
គ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ លោក Gustavo Alfaro អាយុ ៦០ឆ្នាំ សញ្ជាតិអាហ្សង់ទីន

លោកGustavo Alfaroបន្ទាប់ពីឈ្នះជើងឯកលីគក្នុងប្រទេសកំណើតជាមួយ Boca Juniors គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រក្នុងខែសីហាឆ្នាំ ២០២០ ។

ប្រទេសហូឡង់
គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ លោក Louis Van Gaal មានវ័យ៧១ឆ្នាំ មានសញ្ជាតិហូឡង់

លោក Van Gaal បាននិយាយថាលោកនឹងចុះចេញពីតំណែងក្រោយWorld Cup ២០២២បានបញ្ចប់។ ដោយលោក Ronald Koeman មកជំនួសវិញ។ គ្រូបង្វឹកវ័យ ៧១ ឆ្នាំរូបនេះក៏បានដឹកនាំក្រុមជម្រើសជាតិហូឡង់ផងដែរ​ World Cup ក្នុងឆ្នាំ២០១៤ ដែលកាលនោះហូឡង់ ទទួលបានចំណាត់ថ្នាក់លេខ៣ នៅប្រទេសប្រេស៊ីល។

ប្រទេសកាតា
គ្រូបង្វឹកក្រុមជម្រើសជាតិកាតា លោក Félix Sanchez អាយុ៤៦ឆ្នាំ សញ្ជាតិ អេស្ប៉ាញ

ដោយបានចាប់ផ្តើមអាជីពរបស់លោកនៅក្នុងសាលាបាល់ទាត់នៅ Barcelona លោក Sánchez បានធ្វើការជាគ្រូបង្វឹកនៅប្រទេសកាតាតាំងពីឆ្នាំ ២០០៦ មកម៉្លេះ។ លោកត្រូវបានតែងតាំងជាគ្រូបង្វឹកឈុតធំកាតានៅឆ្នាំ២០១៧ ។ គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ ២០១៩ លោកបានដឹកនាំក្រុមជម្រើសជាតិកាតាឈ្នះពានរង្វាន់ Asian Cup ផងដែរ។

ប្រទេសសេណេហ្គាល់
គ្រូបង្វឹកក្រុមជម្រើសជាតិសេណេហ្គាល់ លោកAliou Cissé មានវ័យ៤៦ឆ្នាំ មានសញ្ជាតិសេណេហ្គាល់

អតីតប្រធានក្រុមជម្រើសជាតិសេណេហ្គាល់ក្នុងឆ្នាំ២០០២ លោកត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិនៅក្នុងឆ្នាំ ២០១៥ ហើយលោកក៏បាននាំសេណេហ្គាល់នបានទៅ Word Cup 2022 នៅរុស្សីផងដែរ ។ បុរសវ័យ ៤៦ឆ្នាំ រូបនេះ បានដឹកនាំសេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២២ ។

ពូលB

ប្រទេសអង់គ្លេស
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate មានវ័យ៥២ឆ្នាំ មានសញ្ជាតិអង់គ្លេស

ដឹកនាំតោកំណាចអង់គ្លេសតាំងពីឆ្នាំ ២០១៦ លោក Southgate បាននាំអង់គ្លេសទទួលបានចំណាត់លេខ៤ នៅ World Cup 2018 និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro2020 ។ ក្រោមការដឹកនាំរបស់លោក​ចាប់តាំង​ពី​ឆ្នាំ1968 មកអង់គ្លេស​ទើប​តែឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ធំៗ​ជាប់​ៗ​គ្នានេះទេ។

ប្រទេសអ៊ីរ៉ង់
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ លោក Carlos Queiroz មានវ័យ ៦៩ឆ្នាំ មានសញ្ជាតិព័រទុយហ្គាល់

លោក Queiroz បានវិលត្រលប់មកជាគ្រូបង្វឹកអ៊ីរ៉ង់ជាលើកទី២ក្នុងខែកញ្ញា ជំនួសលោកCroat Dragan Skokic។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ធ្លាប់ដឹកនាំអ៊ីរ៉ង់ប្រកួត World Cup 2014 និង ឆ្នាំ2018 ផងដែរ។

សហរដ្ឋអាមេរិក
គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក លោក Gregg Berhalter មានវ័យ៤៩ឆ្នាំ មានសញ្ជាតិអាមេរិក

អតីតគ្រូបង្វឹក Hammerby និង Columbus Crew បានចូលកាន់តំណែងពី​លោក Bruce Arena ក្នុងឆ្នាំ ២០១៨។ ក្រោមការដឹកនាំរបស់ លោកBerhalter សហរដ្ឋអាមេរិកបានឈ្នះពានរង្វាន់ CONCACAF Nations League និង Gold Cup​ ហើយមានកៅអីទៅជុំចុងក្រោយ World Cup Qatar 2022 ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក។

ប្រទេសវេលស៍
គ្រូបង្វឹកក្រុមជម្រើសជាតិវេលស៍ លោក Rob Page មានវ័យ៤៨ឆ្នាំ មានសញ្ជាតិវេលស៍

ដើមឡើយជាជំនួយការរបស់អតីតគ្រូបង្វឹកវេលស៍ លោក Ryan Giggs លោក Page បានចូលកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិវេលស៍ ក្រោយការចាប់ខ្លួន Giggs លើការចោទប្រកាន់ពីបទរំលោភដោយហឹង្សាកាលពីឆ្នាំ 2020 ។

ពូល C

ប្រទេសអាហ្សង់ទីន
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni មានវ័យ៤៤ឆ្នាំ មានសញ្ជាតិ អាហ្សង់ទីន

ចាប់តាំងពីចូលកាន់តំណែងបន្ទាប់ពីការប្រកួត World Cup 2018 អាហ្សង់ទីនធ្វើមិនបានល្អ ពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Jorge Sampaoli តែបន្ទាប់ពីលោក Scaloni មកកាន់ដំណែងបានបង្កើតកំណត់ត្រា មិនធ្លាប់ចាញ់ 36ប្រកួតជាប់ៗគ្នា និង ក្លាយជាក្រុមមួយគេរំពឹងថាអាចប្រជែងពាននៅប្រទេសកាតាផងដែរ។ ក្រោមការដឹកនាំរបស់អតីតខ្សែការពារ ក្រុមជម្រើសអាហ្សង់ទីនរូបនេះ បាននាំពពកសអាហ្សង់ទីនឈ្នះពានរង្វាន់ Copa América ក្នុងឆ្នាំ 2021 ដែលការឈ្នះពានដំបូងចាប់តាំងពីឆ្នាំ 1993មក។

ប្រទេសម៉ិកស៊ិក
គ្រូបង្វឹកក្រុមជម្រើសម៉ិកស៊ិក លោក Gerardo Martino មានវ័យ៤៤ឆ្នាំ មានសញ្ជាតិអាហ្សង់ទីន

លោកMartino ត្រូវបានតែងតាំងក្នុងឆ្នាំ 2019 លោកបាននាំម៉ិកស៊ិកឈ្នះពានរង្វាន់ Gold Cup ក្នុងឆ្នាំនោះ ហើយដឹកនាំម៉ិកស៊ិកក្នុងយុទ្ធនាការជម្រុះ World Cup រហូតបានទៅដល់ជុំចុងក្រោយជាមួយ ប្រទេសកាណាដា និង អាមេរិច។ ក្រុមម៉ិកស៊ិកទៅកាតាឆ្នាំនេះក្នុងទម្រង់លេងមិនសូវល្អទេ ក្រោយមានការររិះគន់ដោយប្រព័ន្ធផ្សព្វផ្សាយជាតិម៉ិកស៊ិក។

ប្រទេស​ប៉ូឡូញ
គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ លោក Czeslaw Michniewicz មានវ័យ៥២ឆ្នាំ មានសញ្ជាតិប៉ូឡូញ

បន្ទាប់ពីដឹកនាំក្រុម Legia Warsaw ពានលីគនៃប្រទេសប៉ូឡូញក្នុងឆ្នាំ 2020/21 លោក Michniewicz បានជំនួសតំណែងលោក Paulo Sousa សញ្ជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក បានផ្តួលស៊ុយអែតក្នុងវគ្គជម្រុះ World Cup កន្លងទៅ។

ប្រទេសអារ៉ាប៊ីសាអូឌីត
គ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត លោកHervé Renard មានវ័យ៥៤ឆ្នាំ មានសញ្ជាតិបារាំង

គ្រូបង្វឹកដែលធ្លាប់ឈ្នះពានរង្វាន់ Africa Cup of Nations ពីរដងជាមួយ Zambia ក្នុងឆ្នាំ 2012 និង Ivory Coast ក្នុងឆ្នាំ ២០១៥ ។ លោកបានធ្វើជាគ្រូបង្វឹកអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០១៩ ។

ពូល D

ប្រទេសអូស្ត្រាលី
គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី លោកGraham Arnold មានវ័យ៥៩ឆ្នាំ មានសញ្ជាតិ អូស្ត្រាលី

លោកធ្លាប់ធ្វើជាជំនួយការ និងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់អូស្ត្រាលី ។ Arnold បានជំនួសដំណែងលោក Bert van Marwijk ជាគ្រូបង្វឹករបស់កុងកូរ៉ូអូស្ត្រាលី ក្នុងឆ្នាំ 2018 ។

ប្រទេសដាណឺម៉ាក
គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក លោកKasper Hjulmanមានវ័យ៥០ឆ្នាំ មានសញ្ជាតិ ដាណឺម៉ាក

លោកធ្លាប់បាមឈ្នះលីគកំពូលរបស់ដាណឺម៉ាកក្នុងនាមជាគ្រូបង្វឹក Nordsjaellund លោក Hjulmand បានចូលកាន់តំណែងជាគ្រូបង្វឹកដាណឺម៉ាកក្នុងឆ្នាំ ២០២០។ បុរសវ័យ៥០ឆ្នាំរូបនេះ​​ បានដឹកនាំក្រុមដាណឺម៉ាកឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Euro 2020 ។​

ប្រទេសបារាំង
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោកDidier Deschampsមានវ័យ៥៤ឆ្នាំ មានសញ្ជាតិបារាំង

Deschamps គឺជាប្រធានក្រុមរបស់ប្រទេសបារាំងនៅពេលដែលពួកគេបានឈ្នះ World Cup លើកដំបូងក្នុងឆ្នាំ 1998។ លោក Didier Deschampsក៏បាននាំក្រុម មាន់គបារាំងឈ្នះពានរង្វាន់ពិភពលោកកាលពី កាលពីឆ្នាំ2018ផងដែរ។គាត់គឺជាបុរសម្នាក់ក្នុងចំណោមបុរសបីនាក់ប៉ុណ្ណោះដែលឈ្នះពានរង្វាន់ជាកីឡាករផង និងគ្រូបង្វឹកផង។ កីឡាករ Mario Zagallo របស់ប្រេស៊ីល និង Franz Beckenbauer របស់អាល្លឺម៉ង់ ។​

ប្រទេសទុយនីស៊ី
គ្រូបង្វឹកក្រុមជម្រើសជាតិទុយនីស៊ី លោJalel Kadriមានវ័យ ៥០ឆ្នាំ មានសញ្ជាតិទុយណេស៊ី

លោក Jalel Kadri ត្រូវបានតែងតាំងឱ្យកាន់តំណែងជំនួសលោក Mondher Kebaier បន្ទាប់ពីទុយនីស៊ីបានធ្លាក់ចេញពី Africa Cup of Nations នៅវគ្គ 1/4 ចុងក្រោយក្នុងខែមករា។ បន្ទាប់មកលោកបាននាំទុយនីស៊ី មកកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៏ World Cup 2022។​

ពូល E

ប្រទេសកូស្តារីកា
គ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា លោក Luis Fernando Suárezមានវ័យ ៦២ឆ្នាំ មានសញ្ជាតិកូឡុំប៊ី

គ្រូបង្វឹកសញ្ជាតិកូស្តារីកាកាន់ដំណែងចាប់តាំងពីខែមិថុនា ឆ្នាំ២០២១មក។ Suárez ជាគ្រូបង្វឹកបាល់ទាត់ក្នុងពិភពលោកដែលដឹកនាំក្រុមលេងជុំចុងក្រោយ World Cupនេះជាលើកទីបីរបស់គាត់ហើយ។ លោកបានដឹកនាំអេក្វាឌ័រទៅអាឡឺម៉ង់ឆ្នាំ២០០៦ មុនពេលដឹកនាំហុងឌូរ៉ាសទៅប្រេស៊ីល ឆ្នាំ២០១៤ ។

ប្រទេសអាឡឺម៉ង
គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង លោក Hansi Flickមានវ័យ ៥៧ឆ្នាំ មានសញ្ជាតិអាល្លឺម៉ង់

លោកជំនួសតំណែងគ្រូបង្វឹកអាល្លឺម៉ង់ដែលធ្លាប់ឈ្នះពានរង្វាន់ World Cup លោក Joachim Löw នៅខែសីហាឆ្នាំ២០២១ គ្រូបង្វឹកវ័យ ៥៧ឆ្នាំរូបនេះ ក៏ធ្លាប់ជាជំនួយការរបស់លោក Löw នៅពេលដែលអាល្លឺម៉ង់លើកពានពិភពលោកក្នុងឆ្នាំ ២០១៤ផងដែរ ។

ប្រទេសជប៉ុន
គ្រូបង្វឹកក្រុមជម្រើសជប៉ុនលោក Hajime Moriyasu មានវ័យ៥៤ឆ្នាំ មានសញ្ជាតិជប៉ុន

លោកជាអតីតគ្រូបង្វឹកជម្រើសជាតិជប៉ុនអាយុក្រោម ២៣ ឆ្នាំបានជំនួសតំណែងលោក Akira Nishino បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ដែលពេលនោះត្រូវបានបែលហ្ស៊ិកទម្លាក់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ ក្រោមការដឹកនាំរបស់ Moriyasu ក្រុមសាមរៃជប៉ុន គឺជាក្រុមជើងឯករង Asian Cup ឆ្នាំ ២០១៩។

ប្រទេសអេស្ប៉ាញ
គ្រូបង្វឹកក្រុមជម្រើសអេស្ប៉ាញលោក Luis Enriqueមានវ័យ៥២ឆ្នាំ មានសញ្ជាតិ អេស្ប៉ាញ

នេះជាដំណាក់កាលទីពីររបស់លោកក្នុងនាមជាគ្រូបង្វឹកអេស្ប៉ាញបន្ទាប់ពីការសម្រាករយៈពេលខ្លីក្នុងឆ្នាំ ២០១៩។ អតីតគ្រូបង្វឹកក្រុម Barcelona លោក Luis Enrique បានផ្តល់លទ្ធផលល្អ ក្រោយនាំក្រុមគោជល់អេស្ប៉ាញចូលដល់វគ្គផ្តាច់ព្រ័ត្រ Nations League ជាលើកទីពីរជាប់ៗគ្នា។​

ពូល F

ប្រទេសបែលហ្សិក
គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក លោក Roberto Martínezមានវ័យ ៥២ឆ្នាំ មានសញ្ជាតិអេស្ប៉ាញ

លោក Martínez ទទួលបន្ទុកក្រុមបែលហ្សិកចាប់តាំងពីឆ្នាំ ២០១៦ គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកឱ្យទទួលបានចំណាត់ថ្នាក់លេខ 3 នៅ World Cup កាលពី ៤ឆ្នាំមុន ដែលជាការធ្វើបានល្អបំផុតរបស់ពួកគេ។ មុនពេលបរាជ័យក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រក្រោមស្នាដៃម្ចាស់ជើងឯកអ៊ីតាលីនៅ Euro 2020 ។

ប្រទេសកាណាដា
គ្រូបង្វឹកក្រុមជម្រើសជាតិកាណាដា លោក John Herdman មានវ័យ ៤៧ឆ្នាំ មានសញ្ជាតិអង់គ្លេស

លោកធ្លាប់ដឹកនាំក្រុមក្រុមនារីរបស់ប្រទេសកាណាដាទទួលបានមេដាយសំរឹទ្ធអូឡាំពិកពីរដង។ លោក Herdman ត្រូវបានតែងតាំងជាគ្រូឈុតធំប្រទេសកាណាដា ហើយជាលើកលេង World Cup លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៨៦។ កាណាដាបានឈរនៅលើកំពូលតារាងនៃវគ្គជម្រុះ CONCACAF លើកក្រុមម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

ប្រទេសក្រូអាត
គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalicមានវ័យ ៤៧ឆ្នាំ មានសញ្ជាតិក្រូអាត

លោកកាន់ការងារជាគ្រូបង្វឹក​ក្រូអាតចាប់​តាំង​ពី​ឆ្នាំ ២០១៧ ។ Dalic គឺ​ជា​គ្រូ​បង្វឹក​ដំបូង​គេ​ដែល​ទទួល​បន្ទុក​ក្រុម​ក្រូអាត​ទៅ World Cup ច្រើន​ជាង​គេ។ លោកបាននាំ ក្រុមជម្រើសជាតិក្រូអាតឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងរបស់ពួកគេនៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ ។

ប្រទេសម៉ារ៉ុក
គ្រូបង្វឹកក្រុមជម្រើសជាតិម៉ារ៉ុក លោកWalid Regragui មានវ័យ៥៦ឆ្នាំ មានសញ្ជាតិម៉ារ៉ុក

ម៉ារ៉ុកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កាតាឆ្នាំ 2022 ក្រោមការដឹកនាំរបស់ Vahid Halilhodzic ប៉ុន្តែនៅពេលដែលលោកត្រូវបានបណ្តេញចេញនៅក្នុងខែសីហា Regragui ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមម៉ារ៉ុកទៅប្រទេសកាតា។

ពូល G
ប្រទេសប្រេស៊ីល
គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល លោកTite មានវ័យ៦១ឆ្នាំ មានសញ្ជាតិ ប្រេស៊ីល

គ្រូបង្វឹកដែលកាន់តំណែងយូរជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បាននិយាយថា គាត់នឹងបញ្ចប់អាជីព៦ឆ្នាំកន្លះទៅរបស់លោកក្នុងនាមជាគ្រូបង្វឹកក្រុមសាំបាប្រេស៊ីល បន្ទាប់ពីការប្រកួត World Cup 2022 Qatar បានបញ្ចាប់។ លោក Tite បានដឹកនាំប្រេស៊ីលបានឡើងដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅ Russia 2018 និងឈ្នះពាន Copa América 2019។

ប្រទេសកាមេរូន
គ្រូបង្វឹកក្រុមជម្រើសជាតិកាមេរូន លោកSong Rigobert មានវ័យ ៤៦ឆ្នាំ មានសញ្ជាតិកាមេរូន

អតីតខ្សែការពារសញ្ជាតិកាមេរូន Rigobert Song បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុម កាមេរូន ក្នុងខែកុម្ភៈ ដោយជំនួសតំណែង លោក Toni Conceição បន្ទាប់ពីកាមេរូនធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ Africa Cup of Nations នៅប្រទេសអេហ្ស៊ីបក្នុង ឆ្នាំ 2021។

ប្រទេសស៊ែប៊ី
គ្រូបង្វឹកក្រុមជម្រើសជាតិស៊ែប៊ី លោកDragan Stojkovicមានវ័យ ៤៦ឆ្នាំ មានសញ្ជាតិស៊ែប៊ី

Dragan Stojkovic ដែលធ្លាប់បង្វឹក Nagoya Grampus និង Guangzhou R&F នៅប្រទេសជប៉ុន និងចិន បានក្លាយជាគ្រូបង្វឹកសញ្ជាតិស៊ែប៊ីតាំងពីខែមីនាឆ្នាំ 2021 ។

ប្រទេស​ស្វីស
គ្រូបង្វឹកក្រុមជម្រើស​ជាតិស្វីស លោកMurat Yakin មានវ័យ ៤៦ឆ្នាំ មានសញ្ជាតិស្វីស

Murat Yakin ត្រូវបានតែងតាំងជំនួសលោក Vladimir Petkovic ក្នុងខែសីហាឆ្នាំ 2021 ។

ពូល H

ប្រទេស​ហ្គាណា
គ្រូបង្វឹកក្រុមជម្រើសជាតិ​ហ្គាណា លោកOtto Addoមានវ័យ ៤៧ឆ្នាំ មានសញ្ជាតិហ្គាណា

Addo ដែលបានលេងឱ្យជម្រើស​ហ្គាណានៅ World Cup 2006 ត្រូវបានតែងតាំងជាគ្រូបង្វឹក ។ ជំនួសកន្លែងលោក​ Milovan Rajevac អតីតខ្សែបម្រើរូបនេះបាននាំក្រុម ចូលទៅក្នុងវគ្គជម្រុះ World Cup របស់ពួកគេជាមួយនីហ្សេរីយ៉ា ជ័យជម្នះក្រៅដីបានធានាសំបុត្រយន្តហោះរបស់ពួកគេទៅកាតា។

ប្រទេសព័រទុយហ្គាល់
គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ លោកFernando Santos មានវ័យ ៦៨ឆ្នាំ មានសញ្ជាតិ ព័រទុយហ្គាល់

នេះ​នឹង​ក្លាយ​ជា World Cup ទី​៣​របស់ Santos ក្នុង​នាម​ជា​គ្រូ​បង្វឹក។ នៅប្រេស៊ីលឆ្នាំ 2014 លោកបាននាំក្រិកទៅជុំផ្ដាច់ព្រ័ត្រFIFA World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់មកលោកបានជំនួសតំណែងលោក Paulo Bento ជាគ្រូបង្វឹកព័រទុយហ្គាល់។ លោកSantos បានដឹកនាំក្រុមព័រទុយហ្គាល់ ឈ្នះពាន Euro 201និង ជ្រុះចេញក្នុងវគ្គ 16 ក្រុមចុងក្រោយ World Cup នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ 2018 ។

ប្រទេសកូរ៉េខាងត្បូង
គ្រូបង្វឹកក្រុមជម្រើស​ជាតិកូរ៉េខាងត្បូង លោកPaulo Bento មានវ័យ៥៣ឆ្នាំ មានសញ្ជាតិ ព័រទុយហ្គាល់

កាលពី៨ឆ្នាំមុន លោកធ្លាប់ដឹកនាំក្រុមព័រទុយហ្គាល់ប្រកួតវគ្គជម្រុះតាមពូលកាលពី World Cup នៅប្រទេសប្រេស៊ីល ឥឡូវនេះ Bento បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងប្រទេសកំណើតរបស់ខ្លូន World Cup ឆ្នាំនេះ។ បុរសវ័យ 53 ឆ្នាំរូបនេះធ្លាប់លេងឱ្យជម្រើសជាតិព័រទុយហ្គាល់នៅឆ្នាំ 2002 បានដឹកនាំក្រុមប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ 2018 មក។

ប្រទេសអ៊ុយរូហ្គាយ
គ្រូបង្វឹកក្រុមជម្រើសជាតិ​អ៊ុយរូហ្គាយ លោកDiego Alonso មានវ័យ៤៧ឆ្នាំ មានសញ្ជាតិអ៊ុយរូហ្គាយ

លោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ​អ៊ុយរូហ្គាយនៅខែធ្នូ ឆ្នាំ 2021 លោក Alonso បានជំនួសតំណែងគ្រូបង្វឹកជនជាតិអ៊ុយរូហ្គាយលោក Óscar Tábarez។