Skip to content
ស្ថិតិមួយចំនួនរបស់កម្ពុជាមុនពេលជួបថៃប្រជែងឱកាសទៅវគ្គខ្វែង AFF Cup 2022
    ទំព័រដើម  »  កីឡាជាតិ

ស្ថិតិមួយចំនួនរបស់កម្ពុជាមុនពេលជួបថៃប្រជែងឱកាសទៅវគ្គខ្វែង AFF Cup 2022

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមានភារកិច្ចដ៏ធំនៅក្នុងការប្រកួតចុងក្រោយនៃពូល A ពានរង្វាន់ AFF Cup 2022 ដោយត្រូវលេងនៅទឹកដីក្រុមជម្រើសជាតិថៃនាថ្ងៃទី២ខែមករាឆ្នាំ២០២៣នៅកីឡដ្ឋាន Thammasat ដោយចាប់ផ្ដេីមការប្រកួតនៅម៉ោង៧៖៣០យប់។

ជម្រើសជាតិក្រុមធំកម្ពុជាបានខកខានជួបជាមួយក្រុមជម្រើសជាតិថៃជាយូរមកហើយគឺអស់រយៈពេលជាង២ទសវត្សរ៍មកទល់ពេលនេះ។ ជំនួបនៅដើមខែមករាឆ្នាំ២០២៣នេះជាការប៉ះគ្នាលើកដំបូងចាប់តាំងពីឆ្នាំ២០០១មក។

បើយោងទៅតាមវិបសាយ 11v11 ប្រវត្តិនៃការជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិថៃ គិតចាប់ពីឆ្នាំ១៩៥៧ ក្រុមជម្រើសជាតិទាំងពីរធ្លាប់ជួបគ្នាបានតែ៦លើកប៉ុណ្ណោះក្នុងនោះ ក្រុមជម្រើសជាតិកម្ពុជាមិនធ្លាប់ឈ្នះលើក្រុមជម្រើសជាតិថៃនោះទេ ដោយស្មើ១ដង និង ចាញ់៥ដង។

ស្ថិតិល្អបំផុតរបស់កម្ពុជាពេលជួបក្រុមជម្រើសជាតិថៃគឺនៅដើមទសវត្ស១៩៧០មក ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ១៩៧១ ក្នុងពានរង្វាន់South East Asian Peninsula Games នៅក្នុងទីក្រុងKuala Lumpur ប្រទេសម៉ាឡេស៊ី ជាលទ្ធផល កម្ពុជា ស្មើគ្នាជាមួយក្រុមជម្រើសថៃ ១ទល់នឹង១ កាលពីពេលនោះ។

ជួបលើកចុងក្រោយបំផុតក្នុងឆ្នាំ២០០១ ក្រុមជម្រើសជាតិថៃបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៧ ទល់នឹង០ ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០១ នៅក្នុងព្រឹត្ដិការណ៍South East Asian Gamesក្នុងទីក្រុងKuala Lumpur។ ជាច្រេីនឆ្នាំចុងក្រោយ កម្ពុជានិងថៃធ្លាប់តែប៉ះគ្នាក្នុងកម្រិតយុវជនប៉ុណ្ណោះ។

យ៉ាងណាក្ដី ក្នុងពានរង្វាន់ AFF Cup 2022 នេះវិញកម្ពុជាកំពុងធ្វើបានល្អគួរកត់សម្គាល់ដោយកំពុងរកបានពិន្ទុច្រេីនលើសពីព្រឹត្តិការណ៍លេីកមុនៗ។ ឆ្លងការប្រកួត៣លើកកន្លងទៅក្នុងពូល A កម្ពុជាឈ្នះក្រុមហ្វីលីពីន ៣ទល់នឹង២ ចាញ់ក្រុមឥណ្ឌូណេស៊ី ២ទល់នឹង១ និង ឈ្នះក្រុមប្រ៊ុយណេ ៥ទល់នឹង១ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៦ ពិន្ទុ ឈរពីក្រោម ក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែលមាន៧ ពិន្ទុដូចគ្នា។ សម្រាប់ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិថៃវិញក្នុងប្រកួតដំបូងពួកគេបានយកឈ្នះក្រុមប្រ៊ុយណេ ៥ទល់០ រួចបន្តឈ្នះហ្វីលីពីនក្នុងលទ្ធផល ៤ទល់នឹង០ មុនរបូតពិន្ទក្នុងប្រកួតទី៣ដោយស្មើជាមួយឥណ្ឌូណេស៊ី ១ទល់១ តែថៃកំពុងកាន់កាប់កំពូលតារាងក្នុងពូលA នៃពានរង្វាន់AFF Cup 2022 ។

គួរបញ្ជាក់ថាដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៏ឆ្នាំ២០២២នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវការឈ្នះជាដាច់ខាតក្នុងការលេងទល់ក្រុមការពារជេីងឯកថៃ ស្របពេលក្រុមគូប្រជែងរួមពូល ឥណ្ឌូណេស៊ី ត្រូវជួបជាមួយក្រុមហ្វីលីពីនដែលទ់បមាន៣ពិន្ទុ។ ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាទទួលបានជ័យជម្នះលើក្រុមជោគជ័យបំផុតក្នុងតំបន់ ពោលគឺថៃនោះ កម្ពុជានឹងបង្កើតប្រវត្តិសាស្រថ្មីដោយកត់ត្រាការឈ្នះក្រុមធំថៃលើកដំបូងផង និង ឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ AFF Cup ជាលើកទី១ផង៕