Skip to content
ថៃនិងឥណ្ឌូណេស៊ីដឹកដៃគ្នាឡើងទៅវគ្គខ្វែង AFF Cup 2022
    ទំព័រដើម  »  កីឡាជាតិ

ថៃនិងឥណ្ឌូណេស៊ីដឹកដៃគ្នាឡើងទៅវគ្គខ្វែង AFF Cup 2022

ក្រុមការពារតំណែងជើងឯកថៃបានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងពូល A ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ីឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ បានឡើងទៅវគ្គបន្ទាប់ ៤ក្រុមចុងក្រោយនៃពានរង្វាន់ AFF Cup 2022។

ក្រុមជម្រើសជាតិថៃ បានយកឈ្នះក្រុមកម្ពុជា ៣-១ នៅ កីឡដ្ឋាន Thammasat ក្នុងទីក្រុងបាងកក ខណៈឥណ្ឌូណេស៊ីបានយកឈ្នះហ្វីលីពីន ២-១ នៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុងម៉ានីល ក្នុងជំនួបចុងក្រោយក្នុង ពូលA នាថ្ងៃទី០២ ខែមករាឆ្នាំ ២០២៣។

នៅក្នុងកីឡដ្ឋាន Thammasat ក្រុមកម្ពុជាធ្វើបានយ៉ាងល្អក្នុងវគ្គទី១ សាច់បាល់កម្ពុជាមានភាពប្រហាក់ប្រហែលជាមួយក្រុមជម្រើសជាតិថៃ ដោយបានបង្កើតឧកាសល្អៗ ជាច្រើនលើកតែមិនអាចរកគ្រាប់បាល់បាន ពីសំណាក់កីឡាករ លឹម ពិសុទ្ធ សៀង ចន្ធា និង រឹង ប៊ុនហៀង មុនពេលពេលរបូតគ្រាប់បាល់ចុងវគ្គទី១ ក្នុងនាទីទី៤៥ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ពីខ្សែរប្រយុទ្ធចាស់វស្សាTeerasil Dangda បន្ទាប់ពីអាជ្ញាកណ្ដាលបានសម្រេចចិត្តផ្ដល់បាល់ពិន័យ១១ម៉ែត្រ ក្រោយពេ
ល យ៉ើ ម៉ូស្លីម​ ព្យាយាមលើកជើងផ្ដាច់បាល់ពីផ្ទៃទីខាងកម្ពុជានិងប្រជែងជាមួយកីឡាករថៃ Sasalak រួចកីឡាករ​ Teerasil Dangda បានស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី កែវ សុខសិលា ចប់វគ្គទី១ ក្រុមម្ចាក់ផ្ទះថៃបាននាំមុខកម្ពុជា ១ទល់នឹង០។

ក្រុមកម្ពុជាបានរបូតគ្រាប់បាល់លឿនៗក្នុងវគ្គទី២ បន្ទាប់ពីចាប់ផ្ដើមបាន៥នាទី បន្ទាប់ពីកីឡាករ យ៉ើ ម៉ូស្លីម បញ្ចូនបាល់មិនបានល្អ ទៅដល់ Sarach Yooyen បានបញ្ចូនបន្តទៅដល់កីឡាករ Sumanya Purisai របស់ថៃ បានរកគ្រាប់បាល់បន្ថែមលើក្រុមកម្ពុជាក្នុងនាទី៥០ ។ បន្ទាប់មក សៀង ចន្ធា បានរកបានមួយគ្រាប់មកវិញឲ្យក្រុមគោព្រៃនៅនាទីទី ៦៨ បានញាក់ដាច់ខ្សែរការពារថៃ ២រូប រួចបញ្ចូលទីជើងឆ្វេងចូលក្នុងសំណាញ់ទីក្រុមជម្រើសជាតិថៃ ក្រោយពីការបញ្ចូនបាល់យ៉ាងល្អពី សាទី។ ជិតនឹងបញ្ចប់វគ្គទី២ទៅហើយ Teerasil Dangda រកបានមួយគ្រាប់បន្ថែមទៀតក្នុងនាទីទី៩០។ ចប់ការប្រកួត ក្រុមជម្រើសជាតិថៃ ៣-១ ក្រុមជម្រើសជាតិកម្ពុជា។

នៅឯកីឡដ្ឋាន Rizal Memorial ឥណ្ឌូណេស៊ីបានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ២-១ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល A។

Dendy Sulistyawan ធ្វើបានល្អណាស់ក្នុងការបញ្ជូនបាល់ពីចម្ងាយពី Pratama Arhan នៅនាទីទី ២១ តែតបាល់បញ្ចូលទីដោយ Anthony Pinthus រកគ្រាប់បាល់ដំបូងអោយក្រុមឥណ្ឌូណេស៊ីនាំមុខ ១ ទល់នឹង០។ បន្ទាប់មកក្នុងនាទីទី៤៣ ចុងវគ្គទី១ Marselino Ferdinan បានបន្ថែមការនាំមុខមួយគ្រាប់ទៀតលើក្រុមម្ចាស់ផ្ទះហ្វីលីពីន ។ទោះបីជាយ៉ាងណាក៏ដោយ ហ្វីលីពីន បានរកគ្រាប់តាមពីក្រោយមកវិញក្នុងនាទីទី៨៣ ដោយ Sebastian Rasmussen បានតែតបាល់បញ្ចូលទី បន្ទាប់ពីការបញ្ចូនបាល់ចូលប្រអប់គ្រោះថ្នាក់ ពីប្រធានក្រុមហ្វីលីពីន Stephen Schrock ។ចប់វគ្គទី២ ក្រុមជម្រើសជាតិហ្វីលីពីន ១-២ ក្រុមជម្រើសឥណ្ឌូណេស៊ី។

ថៃ និង ឥណ្ឌូណេស៊ី នឹងរង់ចាំលទ្ធផលនៃការប្រកួតក្នុងពូល B នៅថ្ងៃយប់នេះ ដើម្បីរកឱ្យឃើញថាតើពួកគេនឹងប៉ះក្រុមណាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី ៦ និងទី ៧ ខែមករា ឆ្នាំ២០២៣។