Skip to content
Nishino ទាមទារឱ្យកីឡាករថៃបង្កើនសមត្ថភាពទៅកាន់កម្រិតខ្ពស់ជាងមុន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Nishino ទាមទារឱ្យកីឡាករថៃបង្កើនសមត្ថភាពទៅកាន់កម្រិតខ្ពស់ជាងមុន

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Akira Nishino ចង់ឃើញកីឡាកររបស់លោកបង្ហាញសមត្ថភាពក្នុងកម្រិតខ្ពស់ជាងបច្ចុប្បន្ន បន្ទាប់ពីការប្រកួតមិត្តភាពស្មើគ្នា២-២ជាមួយក្រុមតារាចម្រុះលីគថៃ Thai League All Stars នៅកីឡដ្ឋាន Rajamangala កាលពីចុងសប្ដាហ៍មុន។

គ្រូបង្វឹកដែលបានដឹកនាំជប៉ុនប្រកួត FIFA World Cup 2018 បាននិយាយថា៖ «ច្បាស់ណាស់ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចង់ឈ្នះការប្រកួត។ កីឡាករទាំងឡាយនឹងត្រូវបង្កើនសមត្ថភាពទៅកាន់កម្រិតខ្ពស់ជាងនេះ មុនពេលពួកយើងប្រកួតជម្រុះ World Cup 2022 និងលេងពាន AFF Suzuki Cup ឆ្នាំក្រោយ»។

តែទន្ទឹមនឹងនេះ បុរសជនជាតិជប៉ុនវ័យ៦៥ឆ្នាំខាងលើក៏បានមើលឃើញចំណុចវិជ្ជមានរបស់កូនក្រុមផងដែរ ដោយពួកគេលេងប្រទាក់ក្រឡាគ្នាបានល្អជាច្រើនលើក ទោះបីកីឡាករខ្លះជាសមាជិកថ្មីទើបចូលជំរំជម្រើសជាតិបានតិចថ្ងៃក្ដី។

សូមរំឭកថាក្នុងការប្រកួតនោះ ជម្រើសជាតិថៃបាននាំមុខ១គ្រាប់មុនចំនួន២លើក តែត្រូវបានក្រុម Thai League All Stars តាមស្មើជានិច្ច៕