Skip to content
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្តច្រើនទោះចាញ់ក្រុម U19 បារាំង
    ទំព័រដើម  »  កីឡាជាតិ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានការលើកទឹកចិត្តច្រើនទោះចាញ់ក្រុម U19 បារាំង

ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជាជាមួយក្រុមបាល់ទះជម្រើសជាតិបារាំងក្រោមអាយុ១៩ឆ្នាំ (U19) ជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ៣សិតទល់និង០ ក្នុងការប្រកួតជើងទី១  ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ប្រមាណជិត៥០០០នាក់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក៏មានការអញ្ជើញចូលរូមពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ក្រោយបញ្ចប់ការប្រកួតក្រុមកម្ពុជាឃើញថាមានការលើកទឹកចិត្តច្រើនពីប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាសាធារណជនជាច្រើនទោះចាញ់ក្រុម U19 បារាំងយ៉ាងណាក្ដី៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «បើទោះបីជាក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ក្រុមជម្រើសជាតិបារាំងក្រោមអាយុ១៩ឆ្នាំ (U19) ប៉ុន្តែសម្រាប់ខ្ញុំជាអ្នកលេងកីឡាបាល់ទះតាំងពីតូច កម្រិតប៉ុណ្ណេះគឺទទួលយកបាន»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ កីឡាករកម្ពុជាក៏មានសមត្ថភាពនិងកម្លាំង កម្ពស់ក៏មិនចាញ់បារាំងដែរ តែគ្រាន់តែបច្ចេកទេសនៅមិនទាន់ដលក្រុមបារាំង ដោយក្រុមកម្ពុជាប្រើកម្លាំងច្រើនជាង ប៉ុន្តែបើមើលពីពិន្ទុវិញគឺប្រដំត្រសងគ្នា មិនមានសិតណាមួយដែលកម្ពុជាស្ថិតនៅក្រោម២០នេះទេ លទ្ធផលទាំង៣សិន។ សម្ដេច បន្តថា ដូចនេះក្រុមកម្ពុជាត្រូវបន្ថែមការហ្វឹកហាត់បន្ថែមទៀត។

ចំណែកសាធារណជន ក៏បានបញ្ចេញនូវមតិដោយសម្ដែងការគាំទ្រនៅក្នុងបណ្ដាញសង្គម ហើយ បន្តលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ភាគច្រើនបានលើកឡើងថា ធ្វើបានល្អហើយកម្ពុជា លទ្ធផលពិន្ទុប្រកៀកគ្នា ជាបទពិសោធនថ្មីក្នុងការប៉ះក្រុមមកពីអ៊ឺរ៉ុបខ្លាំង។

សូមបញ្ជាក់ថាសម្រាប់លទ្ធផលប្រកួតជើងទី១ បារាំងបានយកឈ្នះក្រុមកម្ពុជាទាំង ៣សិតដូចខាងក្រោម៖

•  សិតទី១ បារាំង ២៥-២៣ កម្ពុជា

•  សិតទី២ បារាំង ២៥-២១ កម្ពុជា

•  សិតទី៣ បារាំង ២៥-២៣ កម្ពុជា

សម្រាប់ការប្រកួតរវាងក្រុមក្រុមជម្រើសជាតិបារាំងក្រោមអាយុ១៩ឆ្នាំ (U19) និងក្រុមជម្រើសជាតិកម្ពុជាជើងទី២ នឹងធ្វើការប្រកួតនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) ចាប់ពីម៉ោង ១៨:០០ល្ងាចតទៅ៕