Skip to content
ប្រធានគណៈកម្មការស្ត្រី និងកីឡាកម្ពុជា៖ “ស្ត្រីយើងលេងកីឡាតិចជាងបុរស តែបានមេដាយអន្តរជាតិច្រើនជាង”
    ទំព័រដើម  »  កីឡាជាតិ

ប្រធានគណៈកម្មការស្ត្រី និងកីឡាកម្ពុជា៖ “ស្ត្រីយើងលេងកីឡាតិចជាងបុរស តែបានមេដាយអន្តរជាតិច្រើនជាង”

លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មើលឃើញថាស្ត្រីខ្មែរមានសមត្ថភាពល្អក្នុងការប្រកួតប្រជែងដណ្ដើមមេដាយលើឆាកអន្តរជាតិ ជាពិសេសមេដាយមាស ទោះចំនួនស្ត្រីក្នុងកីឡាតិចជាងបុរស។ លោកជំទាវមានប្រសាសន៍បែបនេះឆ្លើយតបទៅនឹងសំណួរពីការយល់ឃើញរបស់លោកជំទាវចំពោះសកម្មភាពស្ត្រីខ្មែរក្នុងសកម្មភាពកីឡានាពេលបច្ចុប្បន្ន។

លោកជំទាវរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលសង្កត់ធ្ងន់ថា ស្ត្រីមានភាពខ្លាំងពូកែ ឧស្សាហ៍ព្យាយាម មិនថា ស្ត្រីដែលមានកាយសម្បទាពេញលេញ ឬស្ត្រីក្នុងកីឡាជនមានពិការភាពទេ។

គួរដឹងដែរថា ប្រសាសន៍របស់លោកជំទាវ កុយ ពិសី ធ្វើឡើងក្រោយបញ្ចប់ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ក្រោមប្រធានបទ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ អបអរទិវានារីអន្តរជាតិ ៨មីនា នៅសួនច្បារមុខវត្តបទុមវតី នាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។ ការប្រកួតនេះមាន២វិញ្ញាសា គឺ៤គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ និងមានកីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិ ខ្ទង់១៥០០នាក់។ ជាមួយគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ ប្រជាពលរដ្ឋចូលរួមទិវារត់ប្រណាំងស្ត្រីក្នុងឆ្នាំនេះ ច្រើនកុះករ ដែលការចូលរួមនេះអាចជួយលើកកម្ពស់ដល់សិទ្ធិស្មើភាព និងសកម្មភាពស្ត្រីក្នុងកីឡា។

ទិវារត់ប្រណាំងនេះ ក៏មានគោលបំណងចូលរួមអបអរ សាទរ ដល់ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣៕