Skip to content
បាល់ទាត់មិត្តភាពពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ាណែត ២០២៣ មាន១០ក្រុមចូលរួម
    ទំព័រដើម  »  កីឡាជាតិ

បាល់ទាត់មិត្តភាពពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ាណែត ២០២៣ មាន១០ក្រុមចូលរួម

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣ រៀបចំឡើងនៅទឹកដី នៃស្រុកសំរោង ខេត្តតាកែវ មានសរុបចំនួន១០ មកពី១០វិទ្យាល័យ ក្នុងស្រុកសំរោង។

ក្នុងពិធីបើកការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញនូវក្តីរីករាយដែលបានចូលរួមសាជាថ្មីជាមួយ ប្រតិភូកីឡា កីឡាករ ក្នុងពិធីបើកជាផ្លូវការនេះ។

ឯកឧត្តមក៏បានសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរ របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៃស្រុកសំរោងទងផងដែរ។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមូលដ្ឋានគ្រប់កំរិត ថ្នាក់ដឹកនាំប្រតិភូកីឡា បណ្តាក្រុមហ៊ុន និងសប្បុរសជននានា ក្មួយៗកីឡាករ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយរៀបចំ គាំទ្រ និងឧបត្ថម្ភ ដល់ព្រឹត្តិការណ៍នេះឲ្យលេចចេញជារូបរាងឡើង។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់យុវជន បានលេងកីឡាដើម្បីសុខភាព និងចាកឆ្ងាយពីគ្រឿងញៀន ដោយអនុលោមតាមពាក្យស្លោក «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។ ការលេងកីឡា មិនត្រឹមផ្តល់ឲ្យយើងនូវ សុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងនូវមិត្តភាព និងចំណងសាមគ្គីភាពផងដែរ។

សូមជម្រាបជូនថា នាឱកាសនៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣» ក៏មានការប្រកួតមិត្តភាពកិត្តិយសបើកឆាករបស់កីឡាករ មកពីក្រុមកីឡាបាល់ទាត់ប៉េងហួត ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ផងដែរ៕