Skip to content
ក្លិបវាយសីភ្នំពេញ ក្លិបក្មេងខ្ចីតែមហិច្ឆិតាធំក្នុងដំណើរកសាងធនធានកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ  »  អត្តពលកម្ម

ក្លិបវាយសីភ្នំពេញ ក្លិបក្មេងខ្ចីតែមហិច្ឆិតាធំក្នុងដំណើរកសាងធនធានកម្ពុជា

បើទោះជាទើបចាប់បដិសន្ធិឡើងរយៈពេលជាង១ឆ្នាំក្ដី ប៉ុន្តែក្លិបវាយសីភ្នំពេញ អាចចាត់ទុកជាក្លិប ដែលកំពុងសម្រួចមហិច្ឆិតាដ៏ធំធេង ក្នុងការរួមចំណែកជាមួយ សហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការកសាង ធនធានយុវជនដ៏មានសក្ដានុពល សម្រាប់កម្ពុជាប្រជែងលើឆាកអន្តរជាតិ នាពេលអនាគត។

អ្នកជំនាញកីឡាវាយសីនៃក្លិបមួយនេះ បានលើកឡើងថា ការសម្លឹងដល់ការផលិតកីឡាករតំណាងជាតិ ជាទស្សនវិស័យយូរអង្វែង ខណៈនៅចំពោះមុខ ក្លិបវាយសីភ្នំពេញ កំពុងផ្ដោតលើការអភិវឌ្ឍធនធាន មូលដ្ឋានជាមុនសិន ដោយកំពុងទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអ្នកនិយមកីឡាមួយនេះ។

ប្រភពពីមន្ត្រីបច្ចេកទេសឲ្យដឹងថា គោលបំណងដែលថ្នាក់ដឹកនាំក្លិប បង្កើតក្លិបនេះឡើង គឺដើម្បីបំផុសកីឡាវាយសី ឲ្យមានប្រិយភាពភាព និងដើម្បីទាក់ទាញឲ្យយុវជន ងាកមកលេងកីឡា ចាកឆ្ងាយពីអបាយមុខ ផង។

«សព្វថ្ងៃនេះ ភាគច្រើនកីឡាករ កីឡាការិនី ក្នុងក្លិបគឺអ្នកហ្វឹកហាត់ លក្ខណៈ សុខភាព និងការកម្សាន្ត គឺមិនទាន់ឈានដល់កម្រិតខ្ពស់ នៅឡើយ។ ប៉ុន្តែទស្សនវិស័យរបស់ក្លិប គឺយើងព្យាយាម ចូលរួមបង្កើតធនធាន ដែលមានសក្ដានុពល តំណាងឲ្យជាតិ លើឆាកអន្តរជាតិ»។ នេះការសង្កត់បញ្ជាក់ពី គោលដៅរបស់ ក្លិបវាយសីភ្នំពេញ។

ក្លិបវាយសីភ្នំពេញ មានមូលដ្ឋានក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាក្លិបមួយចំណុះឲ្យ សហភាពសហព័ន្ធយុវជនកម្ពុជា៕