Skip to content
ប្រេស៊ីលបន្តក្ដោបតំណែងកំពូលតារាងវគ្គជម្រុះ World Cup 2022 តំបន់ឡាទីន
    ទំព័រដើម  »  កីឡាអន្តរជាតិ

ប្រេស៊ីលបន្តក្ដោបតំណែងកំពូលតារាងវគ្គជម្រុះ World Cup 2022 តំបន់ឡាទីន

ក្រុមជម្រើសជាតិប្រេស៊ីល បន្ដរកបានជ័យជម្នះនៅក្នុងវគ្គជម្រុះ World Cup 2022 នៅតំបន់អាមេរិកខាងត្បូង ក្រោយពីបានយកឈ្នះអ៊ុយរូហ្គាយដល់ក្នុងផ្ទះ ២-០។

ក្រុមកូឡុំប៊ីបរាជ័យយ៉ាងដំណំ ៦-១ ក្រោមថ្វីជើងអេក្វាឌ័រ ខណៈវេណេហ្ស៊ុយអេឡា យកឈ្នះ ឈីលី ២-១។ ក្រុមអាហ្សង់ទីនរបស់ Lionel Messi យកឈ្នះប៉េរូ ២-០ ហើយប៉ារ៉ាហ្គាយ ចែកគ្នាម្នាក់មួយពិន្ទុជាមួយ បូលីវី ក្រោយស្មើគ្នា ២-២។

បើងាកមកមើលតារាងពិន្ទុ ក្រុមសាំបាប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ១ ដោយមាន១២ពិន្ទុពេញ បន្ទាប់ពីទទួលបានជ័យជម្នះសម្រាប់ការចាប់ផ្ដើម៤ប្រកួត តាមពីក្រោយដោយក្រុមលេខ២ អាហ្សង់ទីនមាន១០ពិន្ទុ ក្រោយឈ្នះ៣ និង ស្មើ១ប្រកួត។

ក្រុមអេក្វាឌ័រ ស្ថិតនៅលេខ៣ ដោយឈ្នះ៣ និង ចាញ់១ប្រកួត ខណៈប៉ារ៉ាហ្គាយ និង អ៊ុយរូហ្គាយឈរនៅលេខ៤ និង លេខ៥ មាន៦ពិន្ទុដូចគ្នា។

ខ្សែបម្រើ Arturo Vidal របស់ក្រុម Inter Milan កំពុងឈរនៅក្នុងតំណែងជា Top Scorer ដោយរកគ្រាប់បាល់បាន៤គ្រាប់ ខណៈ ខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុមប្រេស៊ីល និង កីឡាករបូលីវី Marcelo Moreno រកបានម្នាក់៣គ្រាប់ ហើយ Nicolas Gonzalez, Lautaro Martínez របស់ក្រុមអាហ្សង់ទីន និង ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ស៊ុតបញ្ចូលទីបានម២គ្រាប់។

សូមបញ្ជាក់ថា ក្នុងវគ្គជម្រុះនេះ ក្រុមនីមួយៗត្រូវប្រកួតក្នុងដី និង ក្រៅដីសរុប១៨ប្រកួត ដោយ៤ក្រុមនៅកំពូលតារាង ទទួលបានកៅអីប្រកួតដោយស្វ័យប្រវត្តិនៅជុំចុងក្រោយ World Cup នៅប្រទេសការតា ហើយក្រុមដែលនៅលេខរៀងទី៥ ត្រូវឆ្លងកាត់វគ្គជម្រុះ play-off៕