Skip to content
ភ្នំពេញក្រោនយក Oleg Starynski មកបង្វឹកជាថ្មីនិងប្រកាសចែកផ្លូវខ្សែការពារល្បីឈ្មោះមួយរូប
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ភ្នំពេញក្រោនយក Oleg Starynski មកបង្វឹកជាថ្មីនិងប្រកាសចែកផ្លូវខ្សែការពារល្បីឈ្មោះមួយរូប

នៅរសៀលថ្ងៃពុធទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្លិបភ្នំពេញក្រោន បានប្រកាសជាផ្លូវការអំពីសមាសភាពគ្រូបង្គោលថ្មីនៃក្រុមធំរបស់ពួកគេ គឺលោក Oleg Starynski។

លោក Oleg ជនជាតិអ៊ុយក្រែន នឹងកាន់តំណែងគ្រូបង្គោលក្រុមធំជំនួសលោក ស៊ុំ វណ្ណា ដែលត្រូវបានដំឡើងទៅជានាយកបច្ចេកទេសវិញ។

ការងារនៅកម្ពុជាមិនមែនជារឿងថ្មីទេសម្រាប់លោក Oleg។ កាលពីឆ្នាំ២០១៦ គ្រូបង្វឹកកាន់សញ្ញាបត្រ UEFA A License រូបនេះបានធ្វើការក្នុងក្រុមU19ភ្នំពេញក្រោន និងបានធ្វើជាគ្រូជំនួយក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជាU19 ជាមួយលោក ស៊ុំ វណ្ណា។ ក្នុងឆ្នាំ២០១៧ លោកឡើងជាគ្រូធំក្រុមធំសិង្ហក្រហម។ តែដោយសារលទ្ធផលមិនសូវសមប្រកប លោក Oleg ត្រូវបានជំនួសតំណែងដោយគ្រូជនជាតិអង់គ្លេស Sean Sainsbury ក្នុងខែតុលាឆ្នាំ២០១៧។

បន្ទាប់មក លោក Oleg បានត្រលប់ទៅម៉ាឡេស៊ី កាន់តំណែងជានាយកបច្ចេកទេសនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍បាល់ទាត់ម៉ាឡេស៊ី Destiny Football Development Center។

ក្នុងរដូវកាល២០១៩-២០ លោក Oleg បានចូលរួមក្លិបយក្សអ៊ុយក្រែន Shakhtar Donetsk ដោយកាន់តួនាទីជាគ្រូជំនួយឈុតU19 និងវិភាគការប្រកួតសម្រាប់លោក Andreas Carrasco។

ថ្មីៗមុនត្រលប់មក RSN លោក Oleg ត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកវិភាគនៃថ្នាលយុវជនក្លិប Shakhtar Donetsk។ នេះបើយោងតាមការរៀបរាប់ក្នុងវិបសាយភ្នំពេញក្រោន។

គួរដឹងផងដែរថា លោក Oleg បានផ្ដើមការងារបង្វឹកតាំងពីវ័យ២៥ឆ្នាំ នៅថ្នាលយុវជនក្លិប Arsenal របស់អ៊ុយក្រែន។ ក្នុងឆ្នាំ២០១៥ លោកបានមកអាស៊ីអាគ្នេយ៍ដំបូង ដោយកាន់តួនាទីជាគ្រូជំនួយU17ម៉ាឡេស៊ីនាពេលនោះ។

ដោយឡែក ក្នុងថ្ងៃជាមួយគ្នានេះដែរ ភ្នំពេញក្រោនបានប្រកាសពីការចែកផ្លូវជាមួយអតីតខ្សែការពារជម្រើសជាតិកម្ពុជា សុខ សុវណ្ណ ដែលបានចាកចេញពីវិសាខាមកចូលរួមភ្នំពេញក្រោនជាថ្មីក្នុងជើងទី២នៃរដូវកាល២០១៩៕