Skip to content
ចចាមអារ៉ាម នៃការដោះដូរថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា
    ទំព័រដើម  »  កីឡាអន្តរជាតិ

ចចាមអារ៉ាម នៃការដោះដូរថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា

  • Liverpool និង Manchester United មានសង្ឃឹមកាន់តែខ្ពស់ សម្រាប់ការប្រជែងនាំយក ខ្សែការពារ Dayot Upamecano មកចូលរួមក្រុម ក្រោយទទួលដំណឹងថា Bayern Munich ពុំមានលទ្ធភាព ក្នុងការផ្ទេរកីឡាកររូបនេះ មកទឹកដី Allianz Arena ឡើយ។ កីឡាករឆ្នើមរបស់ក្លិប RB Leipzig រូបនេះ ជាគោលដៅរបស់ក្លិបធំៗទាំង៣ខាងលើ ដែលត្រៀមដាក់សំណើផ្ទេរ អំឡុងពេលដោះដូរខែមករា និង រដូវក្ដៅឆ្នាំក្រោយ។ បើតាមការរាយការរបស់ សារព័ត៌មានអាល្លឺម៉ង់ Bild ក្លិប Leipzig មានគម្រោងក្នុងការសម្រេចអនាគតរបស់ Upamecano នៅខែមករា ហើយអាចលក់ខ្សែការពាររូបនេះ សម្រាប់ក្លិបដែលហ៊ានចំណាយ៤០លានអឺរ៉ូ ជាថ្លៃផ្ដាច់កុងត្រា ដែលក្លិបបានកំណត់។ បច្ចុប្បន្ន Liverpool កំពុងប្រឈមការខ្វះខាតកីឡាករនៅតំបន់ការពារដែលរបួសជាបន្ដបន្ទាប់ ហើយត្រូវការនាំចូលកីឡាករបន្ថែមជាចាំបាច់ ខណៈក្លិបបិសាចក្រហម មិនទាន់ដោះស្រាយបញ្ហានៅតំបន់ការពាររបស់ពួកគេនៅឡើយ។
  • ក្រៅពី Upamecano ក្លិបបិសាចក្រហម ក៏កំពុងសម្លឹងឃើញ ខ្សែការពារកណ្ដាល Raphael Varane របស់ក្លិប Real Madrid ម្នាក់ទៀត ដែលជាគោលដៅចំបងរបស់ក្លិបអង់គ្លេសមួយនេះ តាំងពីលោក Jose Mourinho នៅដឹកនាំ នេះបើតាមការចុះផ្សាយរបស់ Manchester Evening News។ ប្រភពដដែលបានអះអាងថា Man United ត្រៀមចំណាយ ១០០លានផោន សម្រាប់ខ្សែការពារកណ្ដាលម្នាក់ដែលមានបទពិសោធលេងឱ្យក្លិបកំពូល ហើយ Varane ដែលឈ្នះ Champions League ៤លើកជាមួយ Real Madrid ជាជម្រើសដ៏សក្ដិសមបំផុត ដើម្បីបំពេញកន្លែងដែលខ្វះខាតនៅតំបន់ការពារកណ្ដាលនៅទឹកដី Old Trafford។
  • តាមប្រភពពីសារព័ត៌មានអ៊ីតាលី Corriere Dello Sport បានរាយការថា ក្លិប Real Madrid កំពុងប្រជែងជាមួយ Barcelona ក្នុងការនាំយក ខ្សែបម្រើឆ្នើម Georginio Wijnaldum ពីក្លិប Liverpool។ ប្រធានក្រុមថ្មីរបស់ជម្រើសជាតិហុល្លង់ មានការផ្សារភ្ជាប់ទៅនឹងការផ្ទេរមកកាន់ Barca ដើម្បីបានលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកជម្រើសជាតិរបស់ខ្លួនគឺលោក Ronald Koeman ប៉ុន្ដែ Real Madrid ក៏ចង់ចុះហត្ថលេខាផ្ទេរ រូបគេផងដែរនៅខែមករាខាងមុខនេះ។ គួររំឭកផងដែរថា លោកKoeman ចង់បានអតីតកូនក្រុមរូបនេះ ដើម្បីពង្រឹងតំបន់បម្រើតាំងពីលោកមកដឹកនាំ Barcelona ភ្លាមៗម្ល៉េះ ប៉ុន្ដែការចរចាផ្ទេរត្រូវបរាជ័យ។
  • ក្លិប Manchester City កាន់តែមានសង្ឃឹមក្នុងការបញ្ចុះបញ្ចូល Lionel Messi ឱ្យផ្ទេរមកកាន់ទឹកដី Etihad នៅពេលទីផ្សារដោះដូរ បើកឱ្យដំណើរការនៅខែមករាខាងមុខនេះ បន្ទាប់ពី ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និយាយថា មានការធុញទ្រាន់ ក្នុងការនៅជាបញ្ហាសម្រាប់ក្រុម Barcelona។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Express។ កុងត្រាបច្ចុប្បន្នរបស់ Messi នឹងត្រូវផុតកំណត់ក្រោយចប់រដូវកាល ២០២០-២១ ហើយខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ ធ្លាប់មានបំណងចង់ចាកចេញកាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែត្រូវបានរារាំងដោយអតីតប្រធានក្លិបលោក Josep Maria Bartomeu។
  • កាសែតអេស្ប៉ាញ AS បានចុះផ្សាយថា ខ្សែការពារ David Alaba របស់ Bayern Munich ជាកីឡាករគោលដៅដែលក្លិប Real Madrid ចង់បានមកកាន់ទឹកដី Santiago Bernabeu ប្រសិនបើប្រធានក្រុម​ Sergio Ramos ចាកចេញពេលចប់កុងត្រាពេលចប់រដូវកាលនេះ។ Ramos ចង់បន្ដកុងត្រារយៈពេល២ឆ្នាំជាមួយ Real Madrid ជាមួយនឹងការតំឡើងប្រាក់ឈ្នួលបន្ថែម ប៉ុន្ដែក្លិបដែលមានមូលដ្ឋាននៅរាជធានីអេស្ប៉ាញ ព្រមបន្ដកុងត្រាតែមួយឆ្នាំ ដោយមិនតំឡើងប្រាក់ខែឱ្យខ្សែការពាររូបនេះឡើយ។ Ramos ទទួលបានសំណើផ្ទេរទៅក្លិប Paris Saint-Germain ដែលហ៊ានចំណាយសរុប ៦០លានអឺរ៉ូ សម្រាប់កិច្ចសន្យារយៈពេល៣ឆ្នាំ ដែលសឹងតែស្មើនឹងពីរដង នៃកម្រៃដែលខ្សែការពារអេស្ប៉ាញទទួលបាន ១២លានអឺរ៉ូនៅ Real Madrid។
  • Barcelona ទំនងជាបោះបង់ឱកាសក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែការពារ Eric Garcia នៅខែមករាខាងមុខនេះ ខណៈ Manchester City ក៏មិនមានបំណងលក់កីឡាករវ័យក្មេងមានសមត្ថភាពរូបនេះ ក្នុងតម្លៃក្រោម២០លានអឺរ៉ូដែរ។ សារព័ត៌មានអេស្ប៉ាញ Marca បានចុះផ្សាយថា ក្លិបមេឃខៀវ នឹងមិនព្រមចុះថ្លៃខ្សែការពារដែលផុតកុងត្រានៅចុងរដូវកាលនោះទេ ស្របពេលដែល Barcelona មានការអត់ធ្មត់ក្នុងការរង់ចាំនាំយក កីឡាករដែលត្រូវបានបណ្ដុះចេញពីថ្នាល La Masia ត្រលប់មកទឹកដី Camp Nou វិញ ពេលផុតកុងត្រាជាមួយក្លិបអង់គ្លេស។
  • វេបសាយ Football London បានសរសេរថា ក្លិបកាំភ្លើងធំ Arsenal បានព្រមព្រៀងក្នុងការទិញយក កីឡាករ Omar Rekik ពីក្លិប Hertha Berlin នៅខែមករាខាងមុខនេះ។ ទោះយ៉ាងណាក្ដី ប្រភពដដែលនេះបានអះអាងថា Arsenal មិនមានបំណងនាំចូលកីឡាករវ័យ១៨ឆ្នាំ មកជួយតំបន់ការពារក្នុងក្រុមលោក Mikel Arteta នោះទេ ដោយត្រៀមដាក់កីឡាករជនជាតិទុយណេស៊ីឱ្យក្លិប Hertha ខ្ចីត្រលប់ទៅវិញ ដើម្បីឱ្យរូបគេពង្រឹងសមត្ថភាពនៅអាល្លឺម៉ង់៕