Skip to content
ជើងខ្លាំងគុនចម្រុះឡាទីននិងអាស៊ីវ័យ៣២ឆ្នាំដូចគ្នាការពារខ្សែក្រវាត់ UFC ជោគជ័យដូចគ្នា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ផ្សេងៗ

ជើងខ្លាំងគុនចម្រុះឡាទីននិងអាស៊ីវ័យ៣២ឆ្នាំដូចគ្នាការពារខ្សែក្រវាត់ UFC ជោគជ័យដូចគ្នា

ជើងឯកទម្ងន់ស្រាល UFC ជនជាតិប្រេស៊ីល Deiveson Figueiredo បានឡើងការពារខ្សែក្រវាត់របស់ខ្លួនជាលើកដំបូង ហើយធ្វើបានយ៉ាងល្អ ដោយប្រើពេលមិនដល់២នាទីផងដើម្បីបញ្ចប់គូបដិបក្ខជនជាតិអាមេរិក Alex Perez ឱ្យសុំចុះចាញ់ ក្នុងព្រឹត្តិការណ៍ UFC 255 នៅ Las Vegas។​

Figueiredo និង Perez បានចាប់ផ្ដើមសម្រុកគ្នាយ៉ាងរហ័ស ដោយអ្នកទាំង២ប្ដូរកណ្ដាប់ដៃគ្នាទៅវិញទៅមក រួច Perez ព្យាយាមផ្ដួល Figueiredo ទៅលើកម្រាលរេញ។ ការព្យាយាមបានជោគជ័យ ប៉ុន្តែនៅខណៈអ្នកទាំងពីរប្រតាយគ្នាទៅវិញទៅមក Figueiredo បានស្ទុះចាប់ជិះលើខ្នង Perez និងរឹតកឱ្យសុំចុះចាញ់ក្នុងនាទី១៖៥៧នៃទឹកទី១។

មកទល់ពេលនេះ Figueiredo វ័យ៣២ឆ្នាំ បានឈ្នះ៥ប្រកួតចុងក្រោយជាប់ៗគ្នា ពិសេស៤ដងចុងក្រោយប្រើពេលមិនដែលគ្រប់៣ទឹកទេ ចាក់គ្រឹះជាកំពូលកីឡាករគុនចម្រុះទម្ងន់១២៥ផោន (៥៦.៧គក)។

ក្នុងថ្ងៃនោះដែរ ជើងឯកទម្ងន់ស្រាលផ្នែកនារី Valentina Shevchenko បន្តភាពត្រួតត្រារបស់ខ្លួនក្នុងទម្ងន់១២៥ផោន ដោយទទួលជ័យជម្នះដោយពិន្ទុឯកច្ឆ័ន្ទយ៉ាងតានតឹងលើកីឡាការិនីប្រេស៊ីល Jennifer Maia។

នេះជាការឡើងការពារខ្សែក្រវាត់ដោយជោគជ័យ៤ដងជាប់ៗគ្នារបស់កីឡាការិនីកាហ្សាក់ស្ថានវ័យ៣២ឆ្នាំ Shevchenko៕