Skip to content
រឿងសំខាន់ៗ៤ កើតឡើងនៅក្របខណ្ឌបាល់ទាត់អឺរ៉ុប កាលពីចុងសប្ដាហ៍
    ទំព័រដើម  »  កីឡាអន្តរជាតិ

រឿងសំខាន់ៗ៤ កើតឡើងនៅក្របខណ្ឌបាល់ទាត់អឺរ៉ុប កាលពីចុងសប្ដាហ៍

ក្រោយត្រលប់ពីថ្ងៃឈប់សម្រាកការប្រកួតសម្រាប់ក្រុមជម្រើសជាតិ ការប្រកួតបាល់ទាត់សម្រាប់ក្លិប បានវិលត្រលប់មកវិញ ជាមួយនឹងការប្រកួតជក់ចិត្តជាច្រើនគូ ដែលធ្វើឱ្យមានរឿងដ៏គួរឱ្យចាប់អារម្មណ៍កើតឡើង។

១. ការប្រទាញប្រទង់ពិន្ទុគ្នានៅ Premier League

   ដូចយើងបានដឹងស្រាប់ហើយ Premier League ដែលជាក្របខណ្ឌកំពូលរបស់អង់គ្លេស ជាលីគដែលមានការប្រកួតប្រជែងខ្ពស់ និងពិបាកក្នុងការរកពិន្ទុ ហើយក្រុមដែលមានកីឡាករគុណភាពខ្ពស់ ក៏មិនប្រាកដថាអាចទទួលជ័យជម្នះងាយស្រួលនោះទេ។

តួយ៉ាងដូចជាការប្រកួតដែល Tottenham Hotspur យកឈ្នះ Manchester City ២-០ កាលពីរាត្រីថ្ងៃសៅរ៍។ ទោះបីជាក្រុមរបស់លោក Pep Guardiola គ្រប់គ្រងបាល់បានច្រើនជាង និងមានឱកាសស៊ុតបាន២២លើកក្ដី ប៉ុន្ដែមិនអាចរកគ្រាប់បាល់បញ្ចូលទីទល់នឹងក្រុម ដែលមានប្រព័ន្ធការពារល្អរបស់លោក Jose Mourinho ដែរ ស្របពេលដែលពួកគេរបូតពីរគ្រាប់ទៅវិញ ដ្បិត Spurs មានឱកាសតែ៤ដងប៉ុណ្ណោះ។

ក្រុមហង្សក្រហម Liverpool អាចយកឈ្នះ Leicester City ៣-០ បើទោះបីជាគ្មានវត្តមានរបស់កីឡាករសំខាន់មួយចំនួនធំ។ សម្រាប់ជ័យជម្នះនេះ ជួយឱ្យ Liverpool ដែលជាក្រុមការពារជើងឯក មាន២០ពិន្ទុស្មើគ្នាជាមួយក្រុមមាន់ខ្នាយមាស Tottenham ដោយចាញ់តែផលសងគ្រាប់បាល់ប៉ុណ្ណោះ។

២. Real Madrid និង Barcelona ចាប់ផ្ដើមរដូវកាលមិនបានល្អដូចគ្នា

ធ្លាប់តែជាក្រុមខ្លាំងទាំងនៅអឺរ៉ុប និង នៅអេស្ប៉ាញ ក្រុមគូប្រជែង El Clasico គឺ Real Madrid និង Barcelona កំពុងប្រឈមបញ្ហានៅក្នុងក្រុមមិនមានស្ថិរភាពដូចគ្នា ដែលធ្វើឱ្យពួកគេពិបាកនៅក្នុងការរកជ័យជម្នះនៅក្នុងការប្រកួត។

ក្រុមការពារជើងឯកក្របខណ្ឌកំពូលអេស្ប៉ាញ​ Real Madrid បានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្នុងជំនួបទល់នឹង Villarreal ទោះអាចរកបានគ្រាប់បាលនាំមុខ នៅពេលចាប់ផ្ដើមការប្រកួតក្ដី។ ខ្សែប្រយុទ្ធ Mariano Diaz បានតែតបញ្ចូលទីបើកនៅពេលការប្រកួតចាប់ផ្ដើមបាន២នាទី ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ វាយបកតាមស្មើវិញ ដោយបាល់ប៉េណាល់ទីរបស់ Gerard Moreno នៅនាទី៧៦។

ក្រុមអ្នកមានបុណ្យ Barcelona ទទួលបរាជ័យលើកដំបូង ក្នុងជំនួបក្នុងលីគ La Liga សម្រាប់១៨លើកចុងក្រោយ ទល់នឹងក្រុម Atletico Madrid របស់លោក Diego Simeone ដែលធ្វើឱ្យពួកគេ ត្រូវធ្លាប់ទៅកាន់លេខ១២ ក្នុងតារាងលីគកំពូលអេស្ប៉ាញ។

៣. Erling Haaland ម្ចាស់ពាន Golden Boy រកបាន៤គ្រាប់ឱ្យ Dortmund

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Erling Haaland របស់ក្រុម Borussia Dortmund បានគ្រងតំណែងជាម្ចាស់ពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ Golden Boy ដែលរៀបចំឡើងដោយសារព័ត៌មានអ៊ីតាលី Tuttosport កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយខ្សែប្រយុទ្ធន័រវេស រកគ្រាប់បាល់បាន៤គ្រាប់នៅ Bundesliga ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ថារូបគេ សក្ដិសមនឹងឈ្នះពានរង្វាន់នេះ។

Haaland ស៊ុតបញ្ចូលទីបាន៤គ្រាប់នៅនាទីទី ៤៧, ៤៩, ៦២ និង ៧៩ ក្នុងការប្រកួតដែល Dortmund បានយកឈ្នះ Hertha Berlin ដោយលទ្ធផល ៥-២។ បច្ចុប្បន្ន Haaland រកគ្រាប់បាល់បានសរុប១០គ្រាប់ ក្នុងការបង្ហាញខ្លួន៧ប្រកួតនៅ Bundesliga សម្រាប់រដូវកាល ២០២០-២១ ឱ្យ Dortmund។

៤. AC Milan យកឈ្នះដល់ក្នុងទឹកដី Napoli លើកដំបូង រយៈពេលមួយទសវត្សរ៍ចុងក្រោយ

ក្រុមកំពូលតារាង AC Milan បានយកឈ្នះលើកដំបូងនៅក្នុងទឹកដីរបស់ Napoli ចាប់តាំងពី ខែតុលាឆ្នាំ ២០១០ មក ដោយលទ្ធផល ៣-១។ ខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic រកបានពីរគ្រាប់សម្រាប់ Milan នៅនាទីទី២០ និង ៥៤ មុនពេលត្រូវបានប្ដូរចេញដោយសារបញ្ហារបួស។

ខ្សែប្រយុទ្ធ Dries Mertens ស៊ុតឱ្យ Napoli តាមពីក្រោយមួយគ្រាប់វិញ នៅនាទីទី៦៣  មុនពេលខ្សែបម្រើ Tiemoue Bakayoko ទទួលបានកាតលឿងពីរហើយត្រូវបានបណ្ដេញចេញនៅ ២នាទីបន្ទាប់។ Jens Petter Hauge រកគ្រាប់បាល់ទី៣ធានាជ័យជម្នះសម្រាប់ Milan នៅនាទី៩០+៥៕