Skip to content
នាយកកីឡា Juventus បញ្ជាក់ថា CR7 មិនចេញទៅណាទេ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

នាយកកីឡា Juventus បញ្ជាក់ថា CR7 មិនចេញទៅណាទេ

អនាគតរបស់ Cristiano Ronaldo គឺនៅ Juventus។ នេះជាការបញ្ជាក់របស់លោក Fabio Paratici នាយកកីឡារបស់ក្លិបសេះបង្កង់ ប្រាប់​ DAZN។

Ronaldo វ័យ៣៥ឆ្នាំត្រូវបានសារព័ត៌មានមួយចំនួនរាយការណ៍ថាចង់ចេញពីអ៊ីតាលីនៅឆ្នាំក្រោយ បន្ទាប់ពីចាយពេល៣រដូវកាលនៅ Serie A ស្របពេលកិច្ចសន្យានឹងផុតសុពលភាពក្នុងឆ្នាំ២០២២។ សារព័ត៌មានខ្លះថា CR7 អាចវិលទៅ Real Madrid វិញ ឬត្រលប់ទៅ Manchester United ជាថ្មី ខណៈ Paris St Germain ក៏ត្រូវបានលើកឡើងថាជាគោលដៅមួយផងដែរសម្រាប់កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ។

ឆ្លើយតបនឹងចចាមអារ៉ាមនេះ លោក Paratici អះអាងថា៖ «អនាគតរបស់គាត់គឺនៅជាមួយពួកយើង(Juv)។ ខ្ញុំអាចធានាចំពោះអ្នកបាន។ មានដំណឹងចចាមអារ៉ាមជាច្រើនរៀងរាល់ថ្ងៃ ហើយកីឡាករត្រូវបានភ្ជាប់ទៅនឹងក្លិបផ្សេងៗជាច្រើន ប៉ុន្តែពួកយើងមិនយកចិត្តទុកដាក់ខ្លាំងលើរឿងទាំងនោះទេ»។

គួរជម្រាបថា CR7 ទើបតែរកបាន២គ្រាប់ទៀតសម្រាប់ក្រុមលោក Andre Pirlo ក្នុងជ័យជម្នះ២-០លើ Cagliari យប់​ថ្ងៃ​អាទិត្យ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​។ ពេលនេះ គេរកបាន៨គ្រាប់ពី៥ប្រកួតក្នុង Serie A រដូវកាល២០២០-២១នេះ និងបន្តកំណត់ត្រាស៊ុតចូលគ្រប់ប្រកួត៕