Skip to content
ខ្សែប្រយុទ្ធនូវែលហ្សេឡង់ជួយ Burnley ឈ្នះលើកទី១ក្នុង Premier League រដូវកាលនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ខ្សែប្រយុទ្ធនូវែលហ្សេឡង់ជួយ Burnley ឈ្នះលើកទី១ក្នុង Premier League រដូវកាលនេះ

Burnley បានបញ្ចប់ការរង់ចាំជ័យជម្នះក្នុង Premier League រដូវកាល២០២០-២១នេះ នៅពេលខ្សែប្រយុទ្ធជម្រើសជាតិនូវែលហ្សេឡង់ Chris Wood រកបានគ្រាប់តែមួយគត់ជួយពួកគេឈ្នះ១-០លើ Crystal Palace យប់ថ្ងៃចន្ទទី២៣ខែវិច្ឆិកា ដែលជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមលោក Sean Dyche ក្នុងលីគរដូវកាលថ្មីនេះ។

Burnley បានជួបភាពមិនស្គាល់ជ័យជម្នះ៧ប្រកួតដំបូងជាប់ៗគ្នា ដោយចាញ់៥ដង ស្មើ២ដង ដែលជាការចាប់ផ្ដើមរដូវកាលយ៉ាងអន់បំផុតរួមក្នុងប្រវត្តិសាស្ត្រក្លិប។

លើសពីនេះ ពួកគេក៏ជាក្រុមតែ១គត់ក្នុង Premier League រដូវកាលនេះដែលមិនទាន់មានគ្រាប់បាល់ពេលលេងក្នុងផ្ទះ មុនពេល Wood រកបានគ្រាប់៣ពិន្ទុយប់មិញក្នុងនាទីទី៨។ ជ័យជម្នះលើ Palace ដែលអវត្តមាន Wilfried Zaha ដោយសារឆ្លងកូវីដ១៩នេះបាននាំ Burnley ឡើងផុតតំបន់ក្រហម មកឈរលេខរៀងទី១៧ក្នុងតារាង មាន៥ពិន្ទុ នៅលើក្រុមលេខ១៨ Fulham ចំនួន១ពិន្ទុ។

សូមជម្រាបផងដែរថា តាំងពីចូលលេងក្នុង Premier League លើកដំបូងសម្រាប់ Burnley កាលពីថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧ ក្រោយ​ផ្ទេរ​ពី Leeds United មក Wood វ័យ​២៨​ឆ្នាំ​ មកទល់ពេលនេះរកបាន៣៦គ្រាប់ក្នុងលីគកំពូលអង់គ្លេស គឺច្រើនជាងកីឡាករ Burnley ដទៃទៀតយ៉ាងហោច៩គ្រាប់។

ដោយឡែក Southampton ខកខាន​ឱកាស​ឡើង​ទៅលេខ​៣ ក្រោយ​ស្មើ​១-១​​នៅ​ផ្ទះ Wolverhampton Wanderers​។ Theo Walcott ​បាន​រក​គ្រាប់​បាល់​នាំ​មុខ​ក្នុងនាទី​៥៨​សម្រាប់​ក្រុម​ភ្ញៀវ តែ​នៅនាទី​៧៥ Pedro Neto តាម​ស្មើ​ឱ្យ Wolves។ ឥឡូវ Southampton ឈរ​លេខ​រៀង​ទី​៥ ខណៈ Wolves លេខ​៩៕