Skip to content
៤ក្រុមដែលអាចកក់កៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ Champions League យប់នេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

៤ក្រុមដែលអាចកក់កៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ Champions League យប់នេះ

ការប្រកួត UEFA Champions League នឹងត្រលប់មកវិញហើយ នារាត្រីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីសម្រាកអស់រយៈពេល៣សប្ដាហ៍។

នៅក្នុងរាត្រីនេះ មានការប្រកួត៨គូ នៅក្នុង៤ពូលផ្សេងគ្នា ដែលក្នុងចំណោមនោះមាន៤ក្រុម ដែលរំពឹងថា អាចនឹងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បើពួកគេទទួលបានលទ្ធផលល្អ។

នៅក្នុងពូល E ក្រុមតោខៀវ Chelsea អាចមានឱកាសឡើងទៅវគ្គ១៦ក្រុម បើអាចយកឈ្នះ Rennes ប៉ុន្ដែពួកគេត្រូវការលទ្ធផលស្មើគ្នារវាង Sevilla និង Krasnodar នៅក្នុងពូលជាមួយគ្នា។

យ៉ាងណាម៉ិញនៅក្នុងករណី Sevilla ដែលជាក្រុមជើងឯក Europa League 2020 ទទួលបានជ័យជម្នះលើក្រុមរុស្ស៊ី Chelsea ក៏អាចឡើងទៅវគ្គបន្ទាប់ផងដែរ ប៉ុន្ដែត្រូវការយ៉ាងហោចណាស់មួយពិន្ទុ ពីការប្រកួតនៅទឹកដីក្រុមបារាំង Rennes។

លទ្ធផលឈ្នះ ឬ ស្មើសម្រាប់ Chelsea និង Sevilla អាចឱ្យក្រុមទាំងពីរដឹកដៃគ្នាឡើងទៅវគ្គបន្ទាប់ ហើយទំលាក់ Krasnodar និង Rennes ត្រឹមវគ្គចែកពូលទោះនៅសល់២ប្រកួតក្នុងដៃ។

សម្រាប់ពូល G វិញ ក្រុម Barcelona ដែលទទួលបានពិន្ទុពេញសម្រាប់៣ប្រកួតកន្លងមក នឹងធានាកៅអីវគ្គ១៦ក្រុម ប្រសិនបើពួកគេអាចបន្ដទទួលបានជ័យជម្នះនារាត្រីនេះ។ Juventus ក៏នឹងឡើងទៅវគ្គបន្ទាប់ជាមួយពួកគេផងដែរ ប្រសិនបើក្រុមរបស់លោក Andrea Pirlo យកបានបីពិន្ទុពី Ferencvaros សម្រាប់ការប្រកួតនៅទីក្រុងទូរីន ក្នុងករណីដែល Barcelona មិនបរាជ័យទល់នឹង Dynamo Kyiv។

ដោយឡែកនៅក្នុងពូល F និង ពូល H ពុំទាន់មានក្រុមណា អាចកៅអីឡើងទៅកាន់វគ្គបន្ទាប់ឡើយ បើទោះបីជាក្រុមកំពូលតារាង អាចយក៣ពិន្ទុពីគូប្រកួតក៏ដោយ៕