Skip to content
Real Madrid ភ្ញាក់ផ្អើលនឹងការសម្រេចចិត្តចាកចេញរបស់ Isco
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Real Madrid ភ្ញាក់ផ្អើលនឹងការសម្រេចចិត្តចាកចេញរបស់ Isco

ចំណង់ចាកចេញពី Bernabeu របស់ Isco នៅខែមករាឆ្នាំ២០២១ខាងមុខនេះបានធ្វើឱ្យ Real Madrid ភ្ញាក់ផ្អើល។

អំឡុងរដូវក្ដៅកន្លងទៅ មានកីឡាករជាច្រើននាក់បានចាកចេញពី Real ដូចជា Gareth Bale, James Rodriguez ជាដើម។

Real ពុំសូវសង្ឃឹមប៉ុន្មានទេក្នុងការនាំចូលកីឡាករថ្មីក្នុងទីផ្សារដោះដូររដូវរងាខាងមុខ ដូច្នេះបើ Isco ចាកចេញ នោះពួកគេមុខជាពិបាករកអ្នកមកជំនួសភ្លាមៗណាស់។

ក្លិបលោក Florentino Perez ដឹងថាអនាគតរបស់កីឡាករមួយចំនួនពុំស្ថិតក្នុងដៃពួកគេឡើយ តួយ៉ាងដូចជា Isco និង Marcelo ខណៈ Lucas Vazquez, Sergio Ramos និង Luka Modric ក៏សុទ្ធតែជិតផុតកិច្ចសន្យា។

ទំនាក់ទំនងរវាង Isco ជាមួយលោក Zinedine Zidane ជួនឡើងជួនចុះ។ គ្រូបង្វឹកជនជាតិបារាំងរូបនេះធ្លាប់បានបើកចំហទ្វារឱ្យ Isco ចាកចេញម្ដងហើយកាលពីឆ្នាំ២០១៦ រួមជាមួយ James កាលណោះ។
Isco វ័យ២៨ឆ្នាំ បាននៅជាមួយ Real ៧ឆ្នាំរួចមកហើយក្រោយផ្ទេរមកពី Malaga ក្នុងឆ្នាំ២០១៣។ គេបានបង្ហាញភាពឈ្លាសវៃក្នុងការប្រកួតសំខាន់ៗមួយចំនួនដូចជាទល់នឹង Barcelona, Atletico Madrid និង Juventus ជាដើម។

ប៉ុន្តែខ្សែបម្រើជម្រើសជាតិអេស្ប៉ាញខាងលើត្រូវបានជឿថាលែងមានអារម្មណ៍នៅ Real តាំងពីឆ្នាំមុនម្ល៉េះ ពោលគឺនៅ Real តែរូបកាយប៉ុណ្ណោះ។ Marca រាយការណ៍​ថា​ស្ថានភាព​បច្ចុប្បន្ន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា Isco នឹង​ចាកចេញ​ពី Real នៅ​ខែ​មករា​ខាង​មុខ​៕