Skip to content
Chelsea, Sevilla, Barcelona, Juventus កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UCL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Chelsea, Sevilla, Barcelona, Juventus កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UCL

ក្រុមអេស្ប៉ាញ២ អ៊ីតាលី១ និងអង់គ្លេស១ បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League 2020-21 ក្រោយឈ្នះរៀងៗខ្លួនក្នុងការប្រកួតទី៤ប្រចាំពូលរបស់ពួកគេយប់ថ្ងៃអង្គារទី២៤ខែវិច្ឆិកា។

Barcelona ធានាបានកៅអីវគ្គ១/៨ បន្ទាប់ពីលត់ក្រុមម្ចាស់ផ្ទះរបស់អ៊ុយក្រែន Dynamo Kyiv ៤-០ នៃការប្រកួតពូល G ទោះបីគ្មាន Lionel Messi ក៏ដោយ។ ក្រុមលោក Ronald Koeman រក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួតក្នុង UCL តាមរយៈគ្រាប់បាល់របស់ Sergino Dest ក្នុងនាទីទី៥២, Martin Braithwaite ក្នុងនាទី៥៧និង៧០ និង Antoine Griezmann ក្នុងនាទី៩០+២ ក្រោយប្ដូរចូលជំនួស Philipp Coutinho ក្នុងនាទី៦៦។ សូមជម្រាបថាជម្រើស១១នាក់ដំបូងរបស់លោក Koeman យប់មិញនេះជាជម្រើស១១នាក់មានវ័យក្មេងបំផុតរបស់ Barca ក្នុងពានទ្វីបអឺរ៉ុបមិនធ្លាប់មានតាំងពីថ្ងៃទី៦ខែធ្នូឆ្នាំ២០១១មក។

ក្នុងពូល G នេះដែរ ក្រុមយក្សអ៊ីតាលី Juventus បានឈ្នះប្រផុតប្រផើយ២-១លើក្រុមមកពីហុងគ្រី Ferencvarosi TC តាមរយៈគ្រាប់បាល់ក្នុងនាទី៩០+២របស់ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Alvaro Morata។ តាមពិតទៅ ក្រុមភ្ញៀវបាននាំមុខមុនក្នុងនាទី១៩ ដោយ Myrto Uzuni តែ Cristiano Ronaldo បានតាមស្មើដោយប្រើជើងឆ្វេងស៊ុតពីចម្ងាយសម្រាប់ក្រុមលោក Andre Pirlo ក្នុងនាទី៣៥ ដែលជាគ្រាប់ទី៧៤៩ក្នុងអាជីពរបស់គេ។ Juan Cuadrado ជាអ្នកបញ្ជូនបាល់ទាំង២គ្រាប់សម្រាប់ក្រុមសេះបង្កង់។ Juventus មាន៩ពិន្ទុពី៤ប្រកួត ឈរលេខរៀងទី២ ខណៈ Barca មាន១២ពិន្ទុពេញ។ ចំណែក Dynamo Kyiv និង Ferencvarosi មានម្នាក់១ពិន្ទុប៉ុណ្ណោះ។

នៅក្នុងពូល E ក្រុមតោខៀវ Chelsea ធានាកៅអីជុំបន្ទាប់ក្រោយឈ្នះយ៉ាងតានតឹង២-១លើម្ចាស់ផ្ទះ Rennes ដោយគ្រាប់បាល់ក្នុងនាទី៩០+១របស់ខ្សែប្រយុទ្ធបារាំង Olivier Giroud បន្ទាប់ពី Rennes បានតាមស្មើក្នុងនាទី៨៥ដោយ Serhou Guirassy។ ខ្សែបម្រើស្លាបវ័យក្មេង Callum Hudson-Odoi បានផ្ដល់ការនាំមុខសម្រាប់ Chelsea ក្នុងនាទី២២។ នោះជាគ្រាប់ទី៦របស់កីឡាករអង់គ្លេសវ័យ២០ឆ្នាំរូបនេះក្នុងពានទ្វីបអឺរ៉ុបសម្រាប់ Chelsea។ ហើយបើគិតតាំងពីខែតុលាឆ្នាំ២០១៨មក មានតែ Giroud ប៉ុណ្ណោះដែលរកបានគ្រាប់ក្នុងពានទ្វីបអឺរ៉ុបសម្រាប់ Chelsea ច្រើនជាង Hudson-Odoi។ ក្រុមលោក Frank Lampard មកទល់ពេលនេះលេងមិនចាញ់១៣ប្រកួតចុងក្រោយជាប់ៗគ្នាក្នុងគ្រប់ពានរង្វាន់ ដែលជាស្ថិតិវែងបំផុតរបស់ពួកគេតាំងពីខែវិច្ឆិកាឆ្នាំ២០១៨មក។ នេះក៏ជាលើកដំបូងតាំងពីខែធ្នូឆ្នាំ២០១៥មក ដែលក្រុមតោខៀវឈ្នះ៣ដងជាប់គ្នាក្នុងពាន UCL។ គួរជម្រាបផងដែរថា Chelsea បានឆ្លងផុតវគ្គចែកពូល១៦ដងក្នុងចំណោមការបង្ហាញខ្លួន១៧រដូវកាលរបស់ពួកគេក្នុងពាន UCL, មានតែរដូវកាល២០១២-១៣មួយគត់ដែលពួកគេធ្លាក់ត្រឹមវគ្គចែកពូល។

ក្នុងពូល E ដូចគ្នា Sevilla ក៏បានឈ្នះក្រៅផ្ទះ២-១ដែរនៅទឹកដីក្រុម Krasnodar របស់រុស្ស៊ី។ ក្រុមជើងឯក Europa League រកបានគ្រាប់បាល់ដោយ Ivan Rakitic ក្នុងនាទីទី៤ និង Munir El Haddadi ក្នុងនាទី៩០+៥ ខណៈម្ចាស់ផ្ទះរកបាន១គ្រាប់នៅចន្លោះគ្រាប់ទាំង២ ដោយកីឡាករ Wanderson ក្នុងនាទី៥៦។ ក្រុមបង្វឹកដោយលោក Julen Lopetegui មាន១០ពិន្ទុពី៤ប្រកួតស្មើ Chelsea តែចាញ់ផលសងគ្រាប់បាល់៕