Skip to content
កំណត់ត្រា និង​ រឿងរ៉ាវប្លែកៗក្នុងការប្រកួត Champions League យប់ម៉ិញ
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រា និង​ រឿងរ៉ាវប្លែកៗក្នុងការប្រកួត Champions League យប់ម៉ិញ

ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ក្លាយជាកីឡាករដែលរកគ្រាប់បាល់១៥គ្រាប់នៅ Champions League ដែលលេងតិចប្រកួតបំផុត ក្រោយស៊ុតបើកឆាកឱ្យ Borussia Dortmund ដែលបានយកឈ្នះ Club Brugge ដោយលទ្ធផល ៣-០ កាលពីរាត្រីថ្ងៃអង្គារ ទី២៤ខែវិច្ឆិកា ឆ្នាំ ២០២០។

Haaland សម្រេចបានសមិទ្ធផលមួយនេះ ដោយចំណាយត្រឹមតែ១២ប្រកួតប៉ុណ្ណោះ ដោយតិចជាងម្ចាស់កំណត់ត្រាអតីតខ្សែប្រយុទ្ធ Manchester United Ruud van Nistelrooy និង អតីតកីឡាករឆ្នើម Roberto Soldado របស់ក្រុម Tottenham Hotspur ដែលត្រូវការ១៩ប្រកួត ដើម្បីអាចរកបាន១៥គ្រាប់។

មិនតែប៉ុណ្ណោះ កីឡាករជនជាតិន័រវេស មានគ្រាប់បាល់នៅ Champions League សរុប ១៦គ្រាប់ ដែលច្រើនជាង ខ្សែប្រយុទ្ធមួយចំនួនដូចជា Ronaldo Nazario, Roberto Firmino និង Pierre-Emerick Aubameyang ជាដើម។

Barcelona ជាក្រុមដំបូងដែលឈ្នះ ៤ប្រកួតដំបូងនៅ UCL រដូវកាលនេះ

ក្រុមយក្សអេស្ប៉ាញ Barcelona បន្ដទទួលបានជ័យជម្នះ ក្នុងការប្រកួតពានអឺរ៉ុប UEFA Champions League វគ្គចែកពូល រដូវកាល ២០២០-២១ និងបានកក់កៅអីទៅកាន់វគ្គ១៦ក្រុម បន្ទាប់ពីបានយកឈ្នះក្រុមអ៊ុយក្រែន Dynamo Kyiv បើទោះបីជាអវត្តមានកីឡាករសំខាន់ៗជាច្រើនរូបក៏ដោយ។

បើគិតមកទល់នឹងពេលនេះ ក្រុមរបស់លោក Ronald Koeman ជាក្រុមដំបូងដែលមិនទាន់ស្គាល់ពាក្យថាស្មើ ឬ ចាញ់ ៤ប្រកួតជាប់គ្នានៅ វគ្គចែកពូល UCL ជាមួយលទ្ធផល ៥-១ ទល់នឹង Ferencvaros នៅក្នុងទឹកដី ២-0 ទល់នឹង Juventus នៅក្រៅទឹកដី ២-១ ទល់នឹង Dynamo នៅក្នុងទឹកដី រួមជាមួយការយកឈ្នះ Dynamo ដល់ក្នុងទឹកដី កាលពីយប់ម៉ិញ ៤-០ ផងដែរ។

គួរបញ្ជាក់ថា ក្រៅពី Barcelona មានបីក្រុមផ្សេងទៀតដូចជា​ Bayern Munich, Liverpool និង Manchester City ដែលទទួលបានជ័យជម្នះ៣ប្រកួតនៅវគ្គចែកពូល ហើយរំពឹងថាពួកគេអាចកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុម សម្រាប់ការប្រកួតជុំទី៤នារាត្រីនេះ។

Juventus លេងដោយគ្មាន អ្នកចាំទី និង ខ្សែការពារអ៊ីតាលី ដំបូងនៅក្នុងប្រវត្តិសាស្ដ្រក្លិប

ក្រុមជើងឯកលីគកំពូលអ៊ីតាលី Juventus បានយកឈ្នះក្រុមភ្ញៀវហុងគ្រី Ferencvaros ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Allianz។ នេះជាលើកដំបូងក្នុងរយៈពេល ១២៣ឆ្នាំនៃប្រវត្តិសាស្ដរបស់ក្លិបសេះបង្កង់ ដែលលេងដោយគ្មានវត្តមាន ខ្សែការពារ ឬ អ្នកចាំទីជាជនជាតិអ៊ីតាលី។

ខ្សែការពារឆ្នើម Leonardo Bonucci និង Giorgio Chiellini ត្រូវអវត្តមានដោយសាររបួស ក្រុមរបស់លោក Andrea Pirlo បានជ្រើសរើស Juan Cuadrado(កូឡុំប៊ី), Danilo(ប្រេស៊ីល), Matthijs de Ligt(ហុល្លង់) និង Alex Sandro(ប្រេស៊ីល) នៅតំបន់ការពារ ខណៈ Wojciech Szczęsny រ៉ាប់រងតំណែងជាអ្នកចាំទី។

ដោយឡែកអ្នកចាំទីចាស់វស្សា Gianlugi Buffon មិនមានឈ្មោះសូម្បីតែនៅកៅអីបម្រុង ដោយសារតែកីឡាករវ័យ៤២ឆ្នាំរូបនេះ មានបញ្ហារបួស។

Dennis ត្រូវបានដកឈ្មោះចេញពីការប្រកួត ក្រោមហេតុផលហួសចិត្តមួយ

ខ្សែប្រយុទ្ធ Emmanuel Dennis ត្រូបានដកឈ្មោះចេញពីបញ្ជីកីឡាករ ដែលត្រៀមប្រកួតជាមួយក្រុមអាល្លឺម៉ង់ Borussia Dortmund ក្រោមមូលហេតុដ៏ហួសចិត្តបំផុត។ កីឡាករជនជាតិនីហ្សេរីយ៉ា ខកខានការប្រកួតដ៏សំខាន់មួយនេះ ដោយសាររូបគេមិនបានអង្គុយកៅអីដែលខ្លួនចង់អង្គុយនៅលើឡានរបស់ក្រុម Brugge។

សារព័ត៌មានបែលហ្ស៊ិក Het Laatste Nieuws បានចុះផ្សាយថា Dennis បានចាកចេញទាំងខឹងសម្បារ នៅពេលដឹងថា រូបគេមិនបានអង្គុយកៅអីដែលខ្លួនពេញចិត្ត។ ហើយកីឡាករវ័យ២៣ឆ្នាំរូបនេះ អាចរងពិន័យ ដោយសារអាកប្បកិរិយាមិនសមរម្យរបស់គេ។

អ្នកកាត់ការ Philippe Clement បានបញ្ជាក់ផងដែរ មុនការប្រកួតដែល Club Brugge បរាជ័យ ៣-០ នៅទឹកដីរបស់ Dortmund ថា Dennis ពុំមានឆ្លងកូវីដ ឬ របួសទេ មូលហេតុដោយសារតែរូបគេ មិនល្មើសវិន័យមួយចំនួនរបស់ក្លិប៕