Skip to content
ក្រសួងការពារជាតិបានមេដាយច្រើនជាងគេពីការប្រកួតអត្តពលកម្មជើងឯកថ្នាក់ជាតិ២០២០
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ  »  អត្តពលកម្ម

ក្រសួងការពារជាតិបានមេដាយច្រើនជាងគេពីការប្រកួតអត្តពលកម្មជើងឯកថ្នាក់ជាតិ២០២០

ការប្រកួតអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានបិទបញ្ចប់ហើយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ដោយមានចំនួន២៣វិញ្ញាសា ចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា។

សម្រាប់កីឡាករ កីឡាការិនីចូលរួមមាន២០៥នាក់ ក្នុងនោះស្រី២៥នាក់ មកពី១៦រាជធានីខេត្តនិងពីរក្រសួង គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ កើនច្រើនជាងឆ្នាំ២០១៩ ចំនួន១២៤នាក់ ដែលកាលណោះមានតែ១២រាជធានី ខេត្តប៉ុណ្ណោះ។

ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ក្រុមក្រសួងការពារជាតិក្រសោបបានមេដាយច្រើនជាងគេ គឺ១៦គ្រឿង មានមេដាយមាស១១គ្រឿង និងមេដាយប្រាក់៥គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយសរុប១២គ្រឿង មាស៥ ប្រាក់២ និងសំរឹទ្ធ៥ និងចំណាត់ថ្នាក់លេខ៣ ខេត្តព្រៃវែង មេដាយសរុប៦គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ១ ។ ចំណាត់ថ្នាក់លេខ៤ ខេត្តកំពង់ធំ មេដាយ៦គ្រឿង មាស២ ប្រាក់៣ និងសំរឹទ្ធ១ ខណៈខេត្តកណ្តាល លេខ៥ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២ និងខេត្តពោធិ៍សាត់ឈរលេខ៦ ឈ្នះមេដាយមាស១គ្រឿង។

៦ខេត្តទៀតដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ និងខេត្តខ្លះទៀតមិនបានមេដាយឡើយ។
ការប្រកួតអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម មើលឃើញគុណផលរបស់កីឡាករ កីឡាការិនីកើនជាងឆ្នាំមុន តែមិនទាន់ឈានដល់កម្រិតស៊ីហ្គេមទេ ដូច្នេះត្រូវប្រឹងប្រែងបន្ថែមទៀត៕