Skip to content
កីឡាករ Romain Grosjean និយាយជាលើកដំបូងពីមន្ទីរពេទ្យក្រោយផ្ទុះរថយន្តអំឡុងកំពុងប្រណាំង F1 នៅបារ៉ែន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ផ្សេងៗ

កីឡាករ Romain Grosjean និយាយជាលើកដំបូងពីមន្ទីរពេទ្យក្រោយផ្ទុះរថយន្តអំឡុងកំពុងប្រណាំង F1 នៅបារ៉ែន

កីឡាករប្រណាំងរថយន្ត Formula One សញ្ជាតិបារាំង-ស្វ៊ីស Romain Grosjean របស់ក្រុម Haas-Ferrari បានបញ្ចេញវីដេអូមួយពីគ្រែក្នុងមន្ទីរពេទ្យកាលពីរាត្រីថ្ងៃអាទិត្យទី២៩ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានរួចផុតពីគ្រោះកាចយ៉ាងអច្ឆរិយៈក្នុងប្រទេសបារ៉ែន។

ឡានរបស់ Grosjean បានដាច់ជា២កំណាត់និងផ្ទុះឆេះភ្លាមៗក្រោយបុកនឹងរបាំងខណ្ឌផ្លូវ ខណៈឡាន​របស់គេកំពុងបោះពួយក្នុងល្បឿន២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងជុំទី១នៃការប្រណាំង Bahrain Grand Prix។

ក្នុងវីដេអូដែលកីឡាករវ័យ៣៤ឆ្នាំខាងលើបានបង្ហោះនោះ គេបាននិយាយជាលើកទី១ក្រោយឧបទ្ទវហេតុដូច្នេះថា៖ «សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមិនអីទេ។ គ្រប់យ៉ាងគឺអូខេ។ សូមអរគុណជាខ្លាំងចំពោះសាររបស់អ្នកទាំងអស់គ្នា។ ខ្ញុំមិនគាំទ្រការដាក់ប្រព័ន្ធការពារ Halo ក្នុងរថយន្តប្រណាំងជាច្រើនឆ្នាំមកហើយ ប៉ុន្តែទីបំផុតគឺប្រព័ន្ធការពារសុវត្ថិភាព halo នេះហើយជាអ្នកសង្គ្រោះជីវិតខ្ញុំ។ ខ្ញុំគិតថាវាជារបស់អស្ចារ្យបំផុតដែលយើងបាននាំមកក្នុង Formula One។ ប្រសិនគ្មានវាទេ ខ្ញុំមុខជាមិនអាចនិយាយទៅកាន់អ្នកនៅថ្ងៃនេះបានឡើយ»។

ទន្ទឹមនឹងនេះ Grosjean ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារពេទ្យនៅទីលានប្រណាំងនិងនៅមន្ទីរពេទ្យផងដែរ ហើយគេសង្ឃឹមថាគេអាចសរសេរសំបុត្រទៅកាន់ពួកគេក្នុងពេលឆាប់ៗ។

សូមជម្រាបថា Grosjean បានរងរបួសរលាកខ្នងដៃទាំងសងខាង ប្រអប់ជើង និងបាក់ឆ្អឹងជំនីរដោយអន្លើ។

អតីតជើងឯកពិភពលោកឆ្នាំ១៩៩៦ Briton Damon Hill ដែលជាអតីតមិត្តរួមក្រុមរបស់ជើងឯកពិភពលោក៣សម័យជនជាតិប្រេស៊ីល Ayrton Senna ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ San Marino Grand Prix 1994 និយាយថាពិតជាអព្ភូតហេតុណាស់ដែល Grosjean នៅមានជីវិត៕