Skip to content
Park Hang-seo ថាវៀតណាមខ្វះខ្សែប្រយុទ្ធដែលមានគុណភាពដោយសារ…
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Park Hang-seo ថាវៀតណាមខ្វះខ្សែប្រយុទ្ធដែលមានគុណភាពដោយសារ…

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម Park Hang-seo បាននិយាយថាក្រុមរបស់លោកខ្វះខ្សែប្រយុទ្ធដែលមានគុណភាព ខណៈលោកកំពុងប្រមូលផ្ដុំកីឡាករមកបោះជំរំហ្វឹកហាត់ជុំគ្នា។

កីឡាករសរុប៣៧នាក់ត្រូវបានលោក Hang-seo កោះហៅចូលជំរំជម្រើសជាតិ ក្នុងនោះមានមុខថ្មី១២នាក់ដែលគ្រូជនជាតិកូរ៉េខាងត្បូងរូបនេះបញ្ចូលឈ្មោះក្នុងបញ្ជី។

លោក Hang-seo លើកឡើងថា៖ «ពួកយើងកំពុងខ្វះខ្សែប្រយុទ្ធដែលមានគុណភាព។ មូលហេតុចម្បងគឺដោយសារក្លិបភាគច្រើនក្នុង V. League ចូលចិត្តប្រើខ្សែប្រយុទ្ធបរទេសជាងខ្សែប្រយុទ្ធក្នុងស្រុក គឺប្រហែល៧០ទៅ៨០%ជាខ្សែប្រយុទ្ធបរទេស។ ពួកយើងបានព្យាយាមស្វែងរកអ្នកថ្មីមួយចំនួនដែរ ប៉ុន្តែគ្មានអ្នកណាមានកម្រិតដូច Nguyen Tien Linh, Nguyen Cong Phuong និង Ha Duc Chinh ដែលជាខ្សែប្រយុទ្ធស្នូលទាំង៣របស់យើងបច្ចុប្បន្នឡើយ»។

«ខ្ញុំបានកោះហៅ Nguyen Van Quyet ដើម្បីលេងក្នុងទម្រង់ថ្មីរបស់ខ្ញុំ។ ខ្ញុំបានចូលទស្សនាការប្រកួតរបស់ Hanoi FC ហើយ Quyet តែងតែលេងល្អ។ អ្នកណាក៏ដោយឱ្យតែលេងល្អនៅក្នុងក្លិបពួកគេអាចទទួលបានការជ្រើសរើស។ ប៉ុន្តែពេលទទួលបានការជ្រើសរើសហើយពួកគេត្រូវបង្ហាញសមត្ថភាពក្នុងក្រុមជម្រើសជាតិ»។

ពាក់ព័ន្ធនឹងការបញ្ចូលសមាជិកថ្មីជាង១០នាក់មកក្នុងជំរំ លោក Hang-seo ពន្យល់ថាមិនមែនគ្រាន់តែហៅមកដើម្បីឱ្យឃើញតួលេខច្រើននោះទេ ប៉ុន្តែលោកចង់ឱ្យកីឡាករទាំងអស់ធ្វើសមាហរណកម្មជាមួយកលល្បិចលេង(តាក់ទិច)របស់លោកនិងបង្កើនកម្រិតប្រកួតប្រជែងក្នុងក្រុមនៅក្នុងតួនាទីនីមួយៗលើទីលាន។

វៀតណាម នឹងបោះជំរំហ្វឹកហាត់ជុំគ្នារហូតដល់ថ្ងៃទី២៨ខែធ្នូ។ អំឡុងពេលបោះជំរំនេះពួកគេនឹងលេងមិត្តភាពចំនួន២ប្រកួតជាមួយជម្រើសជាតិវៀតណាមU22 នៅថ្ងៃទី២៣ និង២៧ធ្នូ។

ការប្រកួតផ្លូវការបន្ទាប់របស់វៀតណាមគឺក្នុងខែមីនាឆ្នាំ២០២១ ទល់ ម៉ាឡេស៊ី ក្នុងវគ្គជម្រុះ FIFA World Cup 2022។

ពួកគេក៏នឹងត្រូវការពារជើងឯក AFF Suzuki Cup 2020 ដែលត្រូវបានលើកទៅធ្វើនៅចុងឆ្នាំក្រោយផងដែរ។

សូមជម្រាបថា តាំងពីចូលដឹកនាំវៀតណាមក្នុងឆ្នាំ២០១៧មក លោក Hang-seo បានដឹកនាំ U23វៀតណាមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFC U23 Championship 2018, ឈ្នះមេដាយមាសស៊ីហ្គេម២០១៩ និងដឹកនាំក្រុមធំឈ្នះ AFF Suzuki Cup 2018, ព្រមទាំងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asian Games 2018 ផងដែរ៕