Skip to content
ការចរចាប្រកួតរវាង Anthony Joshua និង Tyson Fury អាចស៊ីពេលត្រឹម២ថ្ងៃប៉ុណ្ណោះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ប្រដាល់

ការចរចាប្រកួតរវាង Anthony Joshua និង Tyson Fury អាចស៊ីពេលត្រឹម២ថ្ងៃប៉ុណ្ណោះ

អ្នកចាប់គូប្រកួត (Promoter) លោក Eddie Hearn និយាយថាការចរចាសម្រាប់ការប្រកួតរវាងកំពូលអ្នកប្រដាល់អង់គ្លេស Anthony Joshua ជាមួយគូប្រជែងរួមជាតិ Tyson Fury ក្នុងឆ្នាំ២០២១ អាចស៊ីពេលត្រឹម២ថ្ងៃប៉ុណ្ណោះដើម្បីបំពេញ។

Joshua បានវាយ Kubrat Pulev សន្លប់កាលពីថ្ងៃសៅរ៍ ហើយបង្កើតជាលទ្ធភាពនៃការប៉ះគ្នាជាមួយ Fury ដែលបានឌឺដងគ្នាជាពាក្យសម្ដីជាយូរមកហើយនោះ។

ការចរចាចាប់ផ្ដើមនៅថ្ងៃចន្ទទី១៤ខែធ្នូឆ្នាំ២០២០នេះ ហើយវាអាចក្លាយជាការប្រកួតទី១ក្នុងប្រវត្តិសាស្ត្រដែលដាក់ខ្សែក្រវាត់ទម្ងន់ធ្ងន់ទាំង៤ស្ថាប័ន។

Joshua ជាម្ចាស់ខ្សែក្រវាត់ IBF, WBA និង WBO។ ស្ថិតក្នុងវ័យ៣១ឆ្នាំ កីឡាករកម្ពស់១.៩៨ម៉ែត្ររូបនេះបានប្រកួត២៥ដង ឈ្នះ២៤ដង ចាញ់១ដង ផ្ដួលគូប្រកួតសន្លប់២២ដង។

Fury វ័យ៣២ឆ្នាំ ធ្លាប់កាន់កាប់ខ្សែក្រវាត់ទម្ងន់ធ្ងន់គ្រប់ស្ថាប័ន គឺទាំង WBA, IBO, WBO, IBO, The Ring ក្រោយពេលផ្ដួល Wladimir Klitschko ក្នុងឆ្នាំ២០១៥ តែខ្សែក្រវាត់ទាំងអស់ត្រូវបានដកហូតក្រោយគេស្ងាត់សកម្មភាពដោយសារមានជំងឺបាក់ទឹកចិត្ត។ បច្ចុប្បន្ន កីឡាករកម្ពស់២.០៦ម៉ែត្ររូបនេះគ្រប់គ្រងខ្សែក្រវាត់មួយខ្សែគឺ WBC និង The Ring ក្រោយត្រលប់មកសង្វៀនវិញ ហើយផ្ដួលកីឡាករអាមេរិក Deontay Wilder ក្នុងការប៉ះគ្នាលើកទី២កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំនេះ។ Fury ប្រកួត៣១លើក ឈ្នះ៣០ដង ផ្ដួលគូបដិបក្ខសន្លប់២១ដង ស្មើ១ដងគឺស្មើ Wilder ពេលប៉ះគ្នាលើកទី១៕