Skip to content
កីឡាករថៃ២រូបស្ថិតក្នុងចំណោមអ្នកប្រដាល់ Kickboxing លំដាប់កំពូលទាំង៥លើលោក
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  ប្រដាល់

កីឡាករថៃ២រូបស្ថិតក្នុងចំណោមអ្នកប្រដាល់ Kickboxing លំដាប់កំពូលទាំង៥លើលោក

ប្រដាល់ឃីកបុកស៊ីង (Kickboxing) ជាកីឡាក្បាច់គុណពេញនិយមបំផុតមួយក្នុងពិភពលោក ធ្វើឱ្យទស្សនិកជនរំភើបនឹងការបង្ហាញជំនាញ ភាពកំណាចលើសង្វៀន ឆន្ទៈ របស់កីឡាករ។

សព្វថ្ងៃ មានកំពូលតារា kickboxing ជាច្រើនបាននិងកំពុងប្រកបអាជីពនៅក្នុងស្ថាប័នធំៗផ្សេងគ្នាក្នុងសកលោក ដែលអាចបង្កការលំបាកដល់ការជ្រើសរើសថានរណាល្អជាងនរណា។ ប៉ុន្តែខាងក្រោមនេះ ជាកំពូលអ្នកប្រដាល់ kickboxing ៥នាក់ដែលត្រូវបានចាត់ទុកជាទូទៅថាជាកំពូលកីឡាករល្អបំផុត៥រូបក្នុងពិភពលោក ហើយក្នុងនោះមានកីឡាករថៃដល់ទៅ២នាក់។

១- Takeru Segawa ជនជាតិជប៉ុន, ប្រកួតនៅស្ថាប័ន K-1, (កំណត់ត្រាប្រកួត ឈ្នះ៤១ដង ចាញ់២ដង មិនដែលស្មើ, ផ្ដួលដៃគូសន្លប់២៣ដង)

ជាជើងឯកប្រចាំស្ថាប័ន K-1 ច្រើនប្រភេទទម្ងន់ កីឡាករ Takeru Segawa ត្រូវបានចាត់ទុកជាកីឡាករ kickboxing ល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ម្ចាស់ខ្សែក្រវាត់ K-1 super-featherweight វ័យ២៩ឆ្នាំ កម្ពស់១.៦៨ម៉ែត្ររូបនេះជាកំពូលកីឡាករក្បាច់(កលល្បិច)និងពោរពេញដោយកម្លាំងដែលអាចបញ្ចប់គូបដិបក្ខមុនចប់ទឹកបាន។ Segawa មានកណ្ដាប់ដៃស្ដាំដ៏ធ្ងន់និងរហ័ស និងស្នៀតទាត់ច្រើនទម្រង់យ៉ាងសម្បូរបែប។ ស្ទីលវាយដ៏ស្រួចស្រាល់របស់គេបានផ្ដួលគូបដិបក្ខឱ្យសន្លប់លើសពីពាក់កណ្ដាលនៃចំនួនជ័យជម្នះរបស់គេ និងក្នុងរបៀបដ៏អស្ចារ្យបំផុតដែលកម្រមានអ្នកធ្វើបាន។ ជាច្រើនឆ្នាំមកនេះ ទស្សនិកជនជាច្រើនចង់ឃើញការប្រកួតរវាង Segawa និង Tenshin Nasukawa ប៉ុន្តែបញ្ហាមួយចំនួនជាឧបសគ្គរារាំងការផ្គួរផ្គងនេះ។ ទោះយ៉ាងណា វានៅតែជាការប្រកួតដែលអ្នកគាំទ្រជាច្រើនសង្ឃឹមថានឹងបានទស្សនាក្នុងអនាគតខ្លីខាងមុខ។

២- Giorgio Petrosyan ជនជាតិអ៊ីតាលី-អាម៉េនី, ប្រកួតនៅស្ថាប័ន ONE Championship, ស្ថិតិ ឈ្នះ១០២ដង ចាញ់២ដង ស្មើ២ដង ផ្ដួលដៃគូសន្លប់៤១ដង។

Giorgio Petrosyan ត្រូវបានចាត់ទុកជាកីឡាករ kickboxing អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។ កីឡាករជើងចាស់វ័យ៣៤ឆ្នាំរូបនេះដែលមានរហស្សនាម «The Doctor» ត្រូវបានស្គាល់តាមរយៈជំនាញបច្ចេកទេសដែលអនុញ្ញាតឱ្យគេចេញអាវុធច្បាស់ៗចំគោលដៅ។ អ្នកប្រដាល់ជនជាតិដើមអាម៉េនីដែលភៀសខ្លួនទៅរស់នៅអ៊ីតាលីក្នុងវ័យ១៣ឆ្នាំ បានឈ្នះជើងឯក K-1 World MAX, Glory Slam និងពានរង្វាន់ជាច្រើនផ្សេងទៀត។ លោកក៏បានឈ្នះជើងឯកពិភពលោក ONE kickboxing Grand Prix ទម្ងន់ featherweight និងបានប្រាក់រង្វាន់១លានដុល្លារអាមេរិកថ្មីៗនេះ ក្រោយផ្ដួលកីឡាករ Samy Sana។ Petrosyan ជារឿយៗត្រូវបានប្រៀបថាជា Michael Jordan ក្នុងកីឡា kickboxing ដែលជាការពណ៌នាដ៏ស័ក្ដិសមឥតខ្ចោះសម្រាប់ legend រូបនេះ។

៣- Marat Grigorian ជនជាតិបែលហ្ស៊ិក-អាម៉េនី, ប្រកួតនៅស្ថាប័ន ONE Championship, ស្ថិតិឈ្នះ៥៧ដង ចាញ់១១ដង ស្មើ១ដង ផ្ដួលគូបដិបក្ខសន្លប់៣២ដង។

សារព័ត៌មានភាគច្រើនតែងតែដាក់ Marat Grigorian ក្នុងលំដាប់ Top 5 របស់ពួកគេ។ កីឡាករសញ្ជាតិអាម៉េនី-បែលហ្ស៊ិកវ័យ២៩ឆ្នាំរូបនេះមានអ្នកគាំទ្រយ៉ាងច្រើន ហើយលោកមានសមត្ថភាពដ៏គួរឱ្យស្ញប់ស្ញែងក្នុងការបញ្ចប់គូបដិបក្ខដោយកម្លាំងមហិមារបស់លោក។ Grigorian ជាជើងឯក kickboxing ពិភពលោក៣សម័យ។ លោកជាជើងឯក Kunlun Fight World MAX និងជើងឯក Glory lightweight champion។ ជ័យជម្នះដ៏គួរឱ្យកត់សម្គាល់របស់លោកមានដូចជាការឈ្នះលើ Sitthichai Sitsongpeenong, Superbon Banchamek និង Jordann Pikeur។ Grigorian បានចុះកិច្ចសន្យាជាមួយ ONE Championship ក្នុងខែសីហា ហើយប្រកួតចុងក្រោយលោកបានផ្ដួលកីឡាកររុស្ស៊ី Ivan Kondratev ក្នុងការបង្ហាញខ្លួនលើសង្វៀន ONE លើកទី១កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នៅសិង្ហបុរី។

៤- Superbon Banchamek ជនជាតិថៃ, ប្រកួតនៅស្ថាប័ន ONE Championship, ស្ថិតិឈ្នះ១១១ដង ចាញ់៣៤ដង មិនដែលស្មើ ផ្ដួលគូបដិបក្ខសន្លប់២៦ដង។

ជាមួយកំណត់ត្រាប្រកួតអាជីពជិត១៥០លើកក្នុងស្ថាប័នផ្សេងៗគ្នា Superbon ត្រូវបានរាប់ចូលក្នុងលំដាប់ Top 5។ កីឡាករថៃវ័យ៣០ឆ្នាំរូបនេះបានផ្ដួលកីឡាករល្បីៗបំផុតមួយចំនួនក្នុងពិភពលោក រួមទាំង Sitthichai Sitsongpeenong, Marouan Toutouh និង Maykel Garcia។ ក្នុងវ័យ៣០ឆ្នាំ Superbon កំពុងស្ថិតនៅចំណុចកំពូលនៃកាយសម្បទារបស់ខ្លួន។ គេបានបង្ហាញសមត្ថភាពខ្លាំងលើសពេលណាៗកាលពីខែកក្កដាកន្លងទៅ ពេលបង្ហាញខ្លួនលើកទី១នៅ ONE Championship ទល់នឹង Sitthichai ហើយមើលទៅកម្លាំងរបស់គេមិនទាន់ថមថយក្នុងពេលខ្លីខាងមុខនៅឡើយទេ។ Superbon បានឈ្នះជើងឯក Kunlun Fight World Max Tournament, IPCC Kickboxing World Championship និង La Nuit Des 70KG Championship។

៥- Sitthichai Sitsongpeenong ជនជាតិថៃ, ប្រកួតនៅស្ថាប័ន ONE Championship, ស្ថិតិឈ្នះ១២៤ដង ចាញ់៣២ដង ស្មើ៥ដង ផ្ដួលគូបដិបក្ខសន្លប់៣៩ដង។

ថៃត្រូវបានស្គាល់ថាជាប្រទេសដែលផលិតបានកីឡាករប្រយុទ្ធដ៏ស្វិតស្វាញបំផុតមួយចំនួនក្នុងពិភពលោក រួមទាំងក្នុងកីឡា kickboxing ផងដែរ។ កីឡាករទាំងនោះរបស់ពួកគេល្បីនៅត្រង់ឆន្ទៈមិនដែលចុះចាញ់និងបច្ចេកទេសប្រយុទ្ធដ៏សាហាវ។ ក្នុងចំណោមកីឡាករទាំងនោះមាន Sitthichai Sitsongpeenong ដែលជា legend ម្នាក់របស់ពួកគេ។ កីឡាកររហស្សនាម«Killer Kid» បានផ្ដួលជើងខ្លាំងលំដាប់ពិភពលោកជាច្រើននាក់ រួមទាំង Marat Grigorian, Andy Souwer និង Superbon Banchamek ផងដែរ។ កីឡាករវ័យ២៩ឆ្នាំ កម្ពស់១.៧៤ម៉ែត្រខាងលើ បានឈ្នះក្នុងស្ថាប័នធំៗដូចជា Kunlun Fight, Glory និងបានគ្រងជើងឯកពិភពលោកប្រដាល់ថៃនៅសង្វៀនលុម្ពិនីផងដែរ។


កីឡាករ៥នាក់បន្ទាប់ដែលស្ថិតក្នុងលំដាប់ Top 10 មានដូចជា Tenshin Nasukawa (ជប៉ុន), Alex Pereira (ប្រេស៊ីល), Yoshiki Takei (ជប៉ុន), Qiu Jianliang (ចិន) និង Rico Verhoeven (ហុល្លង់)៕