Skip to content
Messi ៖ ខ្ញុំមានវេលាដ៏អាក្រក់ក្នុងរដូវក្ដៅកន្លងទៅ តែឥឡូវលែងអីហើយ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Messi ៖ ខ្ញុំមានវេលាដ៏អាក្រក់ក្នុងរដូវក្ដៅកន្លងទៅ តែឥឡូវលែងអីហើយ

Lionel Messi និយាយថាបរាជ័យរបស់គេក្នុងការព្យាយាមចាកចេញពី Barcelona ក្នុងរដូវក្ដៅកន្លងទៅបានជះឥទ្ធិពលលើគុណផលរបស់គេក្នុងរដូវកាល២០២០-២១នេះ។

ក្នុងខែសីហាកន្លងទៅ កំពូលខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣៣ឆ្នាំបាននិយាយថាគេចង់អនុវត្តខក្នុងកុងត្រាដែលចែងថាគេអាចចាកចេញដោយគ្មានតម្លៃផ្ទេរ។ ប៉ុន្តែក្លិប Barcelona បានលើកឡើងថាខនោះបានផុតសុពលភាពអនុវត្តហើយ ហើយក្លិបណាចង់បាន Messi ត្រូវតែបង់៧០០លានអឺរ៉ូដើម្បីផ្ដាច់កុងត្រា។

ម្សិលមិញនេះ Messi បាននិយាយតាមកញ្ចក់ទូរទស្សន៍អេស្ប៉ាញប៉ុស្តិ៍ La Sexta ថា៖ «ខ្ញុំបានទាញគ្រប់យ៉ាងចូលក្នុងការចាប់ផ្ដើមរដូវកាលថ្មីបន្តិច។ ការពិតគឺថាឥឡូវខ្ញុំលែងអីហើយ ប៉ុន្តែក្នុងរដូវក្ដៅកន្លងទៅ ខ្ញុំមានវេលាដ៏អាក្រក់»។

«នៅខណៈនេះ ខ្ញុំមានអារម្មណ៍ល្អនិងកំពុងសម្លឹងទៅកាន់ការប្រជែងយកគ្រប់ពានរង្វាន់ដែលនៅចំពោះមុខយើង។ ខ្ញុំដឹងថាក្លិបកំពុងស្ថិតក្នុងស្ថានភាពលំបាកនាខណៈនេះ ទាំងកម្រិតស្ថាប័ន នៅលើទីលាន និងគ្រប់យ៉ាងដែលហ៊ុំព័ទ្ធ Barca ពេលនេះគឺលំបាក ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើប»។

ម្ចាស់ពាន Ballon d’Or ៦ដង ទើបតែបានតាមស្មើឯតទគ្គកម្មរបស់លោក Pele ថ្មីៗនេះ ដោយរកបាន៦៤៣គ្រាប់សម្រាប់មួយក្លិប ពេល Barca ស្មើ Valencia ចុងសប្ដាហ៍មុន។

Messi ដែលអាចចាកចេញពី Barca ដោយសេរីពេលកិច្ចសន្យាផុតសុពលភាពនៅដំណាច់រដូវកាលនេះ ក៏អាចផ្ដើមចរចាទុកជាមុនជាមួយក្លិបថ្មីណាមួយបានចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២១តទៅផងដែរ។

ប្រធានស្ដីទីក្លិប Barca លោក Carlos Tusquets ដែលកាន់តំណែងនេះក្រោយការចាកចេញរបស់លោក Josep Maria Bartomeu រហូតដល់ពេលបោះឆ្នោតរើសប្រធានថ្មីក្នុងខែមករាខាងមុខនោះ បានលើកឡើងថាបើនិយាយក្នុងន័យសេដ្ឋកិច្ច Messi គួរតែត្រូវបានលក់ក្នុងរដូវក្ដៅកន្លងទៅ។

ដោយឡែក សូមជម្រាបថាកីឡាករ Barca បានយល់ព្រមកាត់ប្រាក់ខែក្នុងខែវិច្ឆិកាដែលនឹងជួយសន្សំថវិកាដល់ក្លិបជើងឯក La Liga ២៦សម័យនេះបាន១២២លានអឺរ៉ូ៕