កត្តាសំខាន់ៗដែលជំរុញឱ្យ AC Milan ក្លាយជាក្រុមខ្លាំងនៅអ៊ីតាលី សារជាថ្មី

AC Milan កំពុងវិវត្តខ្លួនត្រលប់មកជាក្រុមខ្លាំងមួយនៅអ៊ីតាលី ដោយបច្ចុប្បន្នពួកគេជាក្រុមតែមួយគត់ដែលពុំទាន់ស្គាល់បរាជ័យក្នុងលីគ។ ក្រុមដែលបង្វឹកដោយលោក Stefano Pioli ទទួលបានជ័យជម្នះ ៩លើក និងស្មើ៤លើក ក្នុងចំណោម១៣ប្រកួតនៅ Serie A ហើយក្ដោបក្ដាប់តំណែងនៅកំពូលតារាង។

តើមានកត្តាអ្វីខ្លះ ដែលជំរុញឱ្យ AC Milan មានលទ្ធភាពប្រែក្លាយខ្លួនជាក្រុមខ្លាំងមួយសារជាថ្មី?

កីឡាករវ័យក្មេងដែលស្រេកឃ្លានជ័យជម្នះ

នៅពេលដែលអ្នកនិយាយពី Milan អ្នកប្រហែលនឹកឃើញ ក្រុមដែលសំបូរកីឡាករពោរពេញទៅដោយបទពិសោធ ហើយរដូវកាលចុងក្រោយដែលពួកគេឈ្នះ Serie A គឺនៅរដូវកាល ២០១០-១១។

AC Milan កាលនោះមានសុទ្ធតែកីឡាករឆ្នើមនៅក្នុងក្រុមដូចជា Christian Abbiati, Gianluca Zambrotta, Thiago Silva, Mark van Bommel, Gennaro Gattuso, Clarence Seedorf និង Robinho ជាដើម។

ប៉ុន្ដែបើមើល Milan នៅរដូវកាល ២០២០-២១ វិញ ពួកគេជាក្រុមមួយផ្សេង ហើយកីឡាករក្នុងក្រុមបច្ចុប្បន្នមានអាយុជាមធ្យម២៥ឆ្នាំប៉ុណ្ណោះ។ កីឡាករវ័យក្មេងដែលរួមមាន Pierre Kalulu, Rafael Leao, Brahim Diaz, Alexis Saelemaekers, Sandro Tonali, Theo Hernandez, Diogo Dalot និង Gianluigi Donnarumma បង្ហាញពីភាពស្រេកឃ្លានចង់បានជ័យជម្នះឱ្យ Milan ក្លាយជាក្រុមខ្លាំងមួយសារជាថ្មី។

កីឡាករបទពិសោធជោគជាំ

វត្តមានកីឡាករមានបទពិសោធដូច Zlatan Ibrahimovic នៅ Milan បានបំផុសចិត្តគំនិតកីឡាករនៅក្នុងក្រុម ព្យាយាមសម្រេចគោលដៅឈ្នះពានរង្វាន់។ Ibrahimovic ក៏ជាចំណែកមួយដ៏សំខាន់ផងដែរ ក្នុងការជួយ AC Milan គ្រប់គ្រងតំណែងកំពូលតារាង ដោយខ្សែប្រយុទ្ធជនជាតិស៊ុតអែត រកគ្រាប់បាល់បញ្ចូលទីបាន ១០គ្រាប់ សម្រាប់ការបង្ហាញខ្លួន៦ប្រកួតនៅក្នុង Serie A រដូវកាលនេះ។

គ្រូបង្វឹករៀបចំប្រព័ន្ធលេងត្រូវតំណែងកីឡាករ

នៅថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០១៩ លោក Stefano Pioli បានដឹកនាំ AC Milan ចូលរួមការប្រកួតជាលើកដំបូង ប៉ុន្ដែត្រូវបរាជ័យទល់នឹង Roma នៅកីឡដ្ឋាន Olimpico។ កាលនោះ Milan ឈរនៅលេខ១៣ក្នុងតារាង Serie A មានពិន្ទុសរុបតែ១០ពិន្ទុប៉ុណ្ណោះ។

ប៉ុន្ដែក្រោយមកស្ថានភាពនៅក្នុងក្រុម បានផ្លាស់ប្ដូរ។ តាំងពីចាប់ផ្ដើមការប្រកួតនៅដើមឆ្នាំ ២០២០ មក ពួកគេបរាជ័យតែ៣ដងប៉ុណ្ណោះ គ្រប់ព្រឹត្តិការណ៍ប្រកួត ហើយចាញ់តែម្ដងគត់ក្រោយបាល់ទាត់ត្រលប់មកវិញ ក្រោយត្រូវផ្អាកច្រើនខែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះ បានផ្លាស់ប្ដូរប្រព័ន្ធលេងពី 4-3-1-2 ទៅ 4-2-3-1 វិញ ដែលសក្ដិសមនឹងរបៀបលេងរបស់កីឡាករក្នុងក្រុម ធ្វើឱ្យគ្រប់តំបន់លេងស៊ីសង្វាក់គ្នា៕

Narong
ដោយមានចំណង់ចំណូលចិត្តផ្នែកកីឡា លោក ផាត់ ណារ៉ុង មានឆន្ទៈក្នុងការផលិតវីដេអូព័ត៌មានដើម្បីលើកស្ទួយវិស័យកីឡាជាតិ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
13,700SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ