Skip to content
FA ដាក់បម្រាម១០សប្ដាហ៍និងពិន័យជិត១០ម៉ឺនដុល្លារលើខ្សែការពារអង់គ្លេសដោយសារបំពានច្បាប់ភ្នាល់
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

FA ដាក់បម្រាម១០សប្ដាហ៍និងពិន័យជិត១០ម៉ឺនដុល្លារលើខ្សែការពារអង់គ្លេសដោយសារបំពានច្បាប់ភ្នាល់

ខ្សែការពារស្លាបស្ដាំរបស់ Atletico Madrid និងក្រុមជម្រើសជាតិអង់គ្លេស Kieran Trippier ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ដាក់បម្រាម១០សប្ដាហ៍មិនឱ្យពាក់ព័ន្ធបាល់ទាត់ និងពិន័យប្រាក់៧ម៉ឺនផោន(៩៤៨៧៨ដុល្លារ)ថែមទៀត បន្ទាប់ពី FA រកឃើញថាកីឡាករវ័យ៣០ឆ្នាំរូបនេះបានបំពានច្បាប់ភ្នាល់ (betting rules)។

កំហុសនោះបានកើតឡើងក្នុងខែកក្កដាឆ្នាំ២០១៩នៅពេល Trippier ផ្ទេរចេញពី Tottenham Hotspur ទៅចូលរួម Atletico។

អតីតយុវជន Manchester City ខាងលើ បានច្រានចោលការចោទប្រកាន់៧កំហុស ប៉ុន្តែកំហុស៤ត្រូវបានរកឃើញថាពិតជាគេបានប្រព្រឹត្តមែន ក្នុងសវនាការផ្ទាល់ខ្លួននាពេលកន្លងទៅ។

ដូច្នេះ Trippier នឹងខកខានការប្រកួតរបស់ Atletico ចំនួន១២លើក រួមទាំងជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទល់ Chelsea ថ្ងៃទី២៣ខែកុម្ភៈផង។ តែគេនឹងអាចលេងបានក្នុងជំនួប Madrid derby នាថ្ងៃទី៧ខែមីនា ទល់ Real Madrid។

បទបញ្ញត្តិដែល Trippier បានបំពាននោះគឺ E8(1)(b) ចែងថា៖ «បុគ្គលណាដែលផ្ដល់ដំណឹងដែលខ្លួនទទួលបានតាមរយៈតួនាទីរបស់ខ្លួននៅក្នុងបាល់ទាត់ ទៅឱ្យអ្នកដទៃនៅខណៈដំណឹងនោះមិនទាន់ចេញជាសាធារណៈនៅឡើយ បុគ្គលនោះនឹងត្រូវបានចាត់ថាបំពានបញ្ញត្តិនេះ បើអ្នកដទៃដែលត្រូវបានប្រាប់ដំណឹងនោះយកវាទៅប្រើប្រាស់ក្នុងការភ្នាល់»៕