Skip to content
កីឡាករបាល់ទាត់៧រូប ទទួលលទ្ធផលខកចិត្តក្រោយចាកចេញពី Barcelona
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករបាល់ទាត់៧រូប ទទួលលទ្ធផលខកចិត្តក្រោយចាកចេញពី Barcelona

Lionel Messi មិនបានលាក់បាំងពីបំណងរបស់ខ្លួន ដែលចង់ចាកចេញពី Barcelona ក្រោយជោគជ័យជនៅទីនោះអស់រយៈពេលច្រើនឆ្នាំ។ ខ្សែប្រយុទ្ធអាហ្សង់ទីន បានសារភាពថា ក្លិបបច្ចុប្បន្នរបស់ខ្លួនមានការពិបាក ក្នុងការក្លាយជាក្លិបកំពូលមួយនៅលើលោក សារជាថ្មីណាស់។

Messi បាននិយាយលើកសរសើរអតីតអ្នកចាត់ការក្លិបរបស់ខ្លួនគឺលោក Pep Guardiola ដែលកំពុងដឹកនាំនៅ Manchester City ជាក្លិបមានការផ្សារភ្ជាប់ជាមួយ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំអំឡុងការដោះដូរនៅរដូវក្ដៅ។

ក្លិបបារាំង PSG ក៏ស្ថិតនៅក្នុងបេក្ខភាពចង់បាន ម្ចាស់ពាន Ballon dÓr ៦សម័យរូបនេះផងដែរ ដើម្បីមកដៃគូលេងជាមួយអតីតមិត្តរួមក្រុម Neymar។

ប៉ុន្ដែការចង់ចាកចេញរបស់ Messi ជាការសម្រេចចិត្តដ៏ត្រឹមត្រូវដែរឬយ៉ាងណា ដោយកន្លងមកមានកីឡាករ៧រូប ដែលទទួលលទ្ធផលមិនល្អក្រោយចាកចេញពី Camp Nou។ កីឡាករទាំងនោះមានដូចជា៖

Neymar / PSG ក្នុងឆ្នាំ ២០១៧

Neymar សម្រេចចិត្តចាកចេញពី Barcelona ក្នុងគោលបំណងក្លាយជាកីឡាករសំខាន់បំផុតនៅក្នុងក្រុមរបស់ខ្លួន ព្រោះមិនចង់នៅក្រោមស្រមោលរបស់ Messi។ ទោះយ៉ាងណាក្ដី អ្វីៗមិនដូចគេរំពឹងទុកទាំងស្រុងនោះទេ ក្រោយផ្ទេរទៅកាន់ក្លិប Paris Saint-Germain ក្នុងតម្លៃបំបែកកណត់ត្រា ២២២លានអឺរ៉ូ កាលពីខែកក្កដា ឆ្នាំ២០១៧។

ប្រធានក្លិប PSG លោក Nasser Al-Khelaifi រំពឹងថាការចាយលុយរាប់រយលាន ទិញយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ អាចជួយឱ្យពួកគេឈ្នះពាន UEFA Champions League ហើយនឹងក្លាយជាក្រុមខ្លាំងមួយនៅអឺរ៉ុប។

PSG បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League លើកដំបូងនៅរដូវកាល ២០១៩-២០ ដោយចាញ់ក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ១-០។ បើគិតមកទល់នឹងពេលនេះ Neymar ពុំទាន់ជួយក្រុមឈ្នះពាន UCL បាននៅឡើយទេ បន្ទាប់ពីឈ្នះពាននេះម្ដងនៅឆ្នាំ ២០១៥ ជាមួយ Barca។

Claudio Bravo / Manchester City ក្នុងឆ្នាំ ២០១៦

អ្នកចាំទីជនជាតិឈីលី ទទួលបានឱកាសចូលលេង៧៥លើក ជាមួយនឹងការរួមរស់៣រដូវកាលនៅ Barcelona។ នៅរដូវកាលចុងក្រោយរបស់ Bravo ក្លាយជាអ្នកចាំទីដៃទី២ ក្រោយការមកដល់របស់ Marc-Andre ter Stegen។

ក្រោយមក ម្ចាស់ពាន Copa America ២សម័យបានសម្រេចចិត្តផ្លាស់ទៅចូលរួម Manchester City ដែលបង្វឹកដោយលោក Pep Guardiola ប៉ុន្ដែការលេងរបស់គេនៅក្នុងជំនួបប្រកួតដំបូងទល់នឹង Manchester United ទទួលរងការរិះគន់យ៉ាងចាស់ដៃ។ វត្តមានរបស់ Ederson បានធ្វើឱ្យឱកាសចូលលេងរបស់ Bravo កាន់តែស្ដួចស្ដើង ហើយគេបានសម្រេចចិត្តត្រលប់ទៅអេស្ប៉ាញវិញ ចូលរួម Real Betis។

Bojan / AS Roma ក្នុងឆ្នាំ ២០១១

នៅពេលដែល Bojan បង្ហាញវត្តមាននៅក្នុងការប្រកួតសម្រាប់ Barcelona គេត្រូវបានមើលឃើញថា ជាកីឡាករដែលមានអនាគតភ្លឺស្វាងនៅ Camp Nou។

មិនតែប៉ុណ្ណោះគេបានបំបែកកំណត់ត្រារបស់ Messi ជាកីឡាករក្មេងបំផុត ដែលបង្ហាញលើទីលានប្រកួតនៅ La Liga ក្នុងវ័យ ១៧ឆ្នាំ​ និង ១៩ថ្ងៃ។

ប៉ុន្ដែក្រោយមកគេពិបាកទទួលបានឱកាសចូលលេង នៅពេលដែលខ្សែប្រយុទ្ធ David Villa, Pedro និង Messi ត្រូវបានជ្រើសរើសជាជម្រើសដំបូងនៅក្នុងក្រុម ទើបកីឡាករអេស្ប៉ាញសម្រេចផ្លាស់ទៅ AS Roma។

Bojan បានបរាជ័យនៅក្នុងអាជីពជាបន្ដបន្ទាប់ ហើយត្រូវបាន Roma ដាក់ឱ្យ AC Milan ខ្ចី ហើយ នៅតែមិនអាចបង្ហាញគុណផលល្អ ក្រោយផ្លាស់ទៅក្លិបផ្សេងៗទៀតនៅអឺរ៉ុប ទើបចុងក្រោយ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ សម្រេចផ្លាស់ទៅក្លិបកាណាដា Montreal Impact នៅឆ្នាំ២០១៩ ហើយប្រកបអាជីពនៅទីនោះមកទល់នឹងបច្ចុប្បន្ន។

Victor Valdes / Manchester United ក្នុងខែមករា ឆ្នាំ២០១៥

អតីតអ្នកចាំទី Valdes ជាកីឡាករសំខាន់បំផុតមួយរូបសម្រាប់ Barcelona។ គេលេងបាន ៥៣៥លើកឱ្យ Barca ដោយបានជួយពួកគេឈ្នះ La Liga ៦លើក និង UEFA Champions League ៣លើក។

ប៉ុន្ដែនៅពេលផុតកុងត្រាជាមួយក្លិបដែលមានមូលដ្ឋាននៅតំបន់ស្វយ័តកាតាឡូញ៉ា Valdes បានសម្រេចចិត្តផ្លាស់ទៅ Manchester United នៅឆ្នាំ២០១៥។

Valdes មានឱកាសចូលលេងតែ២ប្រកួតប៉ុណ្ណោះ ពេញមួយរដូវកាល ២០១៥-១៦ ហើយត្រូវបានក្លិបបិសាចក្រហមដាក់ឱ្យក្លិប Standard Liege។

Hristo Stoichkov / Parma ក្នុងខែកក្កដា ឆ្នាំ ១៩៩៥

Stoichkov ធ្លាប់ឈ្នះពាន Ballon dÓr បានម្ដងនៅឆ្នាំ១៩៩៤ ក្នុងនាមជាកីឡាកររបស់ Barcelona។ សម្រាប់ការប្រកបអាជីពនៅ Camp Nou លោក Stoichkov មានឱកាសចូលលេង ២១៤លើក និង រកគ្រាប់បាល់បាន ១០៨គ្រាប់ គ្រប់ការប្រកួតឱ្យក្លិបយក្សអេស្ប៉ាញ។

Stoichkov បានជួយ Barcelona ឈ្នះ La Liga ៤លើក ជាប់គ្នា និង European Cup ម្ដងនៅឆ្នាំ ១៩៩១។ ប៉ុន្ដែអតីតខ្សែប្រយុទ្ធជម្រើសជាតិប៊ុលហ្ការី បានសម្រេចផ្លាស់ទៅ Parma នៅឆ្នាំ១៩៩៥ ក្នុងតម្លៃ១០លានផោន ហើយលេងមិនបានល្អទេនៅទីនោះ ដោយរកគ្រាប់បាល់បានតែ៧គ្រាប់ ពីការបង្ហាញខ្លួន៣០លើក។

Deco / Chelsea ក្នុងខែមិថុនា ឆ្នាំ២០០៨

Deco ជាកីឡាករឆ្នើមមួយរូបនៅ Barcelona ក្រោយចូលរួមជាមួយពួកគេពីក្លិប FC Porto។ អតីតកីឡាករព័រទុយហ្កាល់ ឈរនៅលេខរៀងទី២ ក្នុងពានរង្វាន់ Ballon dÓr នៅឆ្នាំ២០០៤ ដោយចាញ់ Andriy Shevchenko ហើយបានជាប់ឈ្មោះជាកីឡាករប្រចាំរដូវកាលរបស់ Barcelona នៅរដូវកាល ២០០៤-០៥។

មួយឆ្នាំចុងក្រោយមក Deco បានជួយក្លិបរបស់ខ្លួនឈ្នះ UEFA Champions League ព្រមទាំងឈ្នះពាន ខ្សែបម្រើល្អបំផុត(UEFA Best Midfielder) ផងដែរ។

ប៉ុន្ដែ Deco បានប្រឈមនឹងការលំបាកនៅក្នុងអាជីពរបស់ខ្លួន ក្រោយផ្លាស់ចូល Chelsea នៅឆ្នាំ ២០០៨ ជាពិសេសនៅពេលដែលគ្រូបង្វឹក Luiz Felipe Scolari ត្រូវបានបណ្ដេញចេញពីតំណែង Deco បានធ្លាក់ចុះគុណផលយ៉ាងខ្លាំង។

Patrick Kluivert / Newcastle United ក្នុងខែកក្កដា ឆ្នាំ២០០៤

នៅឆ្នាំ ១៩៩៨ Kluivert បានចាប់ផ្ដើមប្រកបអាជីពនៅ Barcelona ដោយចូលរួមក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Luis van Gaal កាលនៅ Ajax។

Kluivert ជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុត ៣រដូវកាល ក្នុងចំណោម៦រដូវកាលនៅ Barcelona ប៉ុន្ដែនៅឆ្នាំ ២០០៤ អតីតខ្សែប្រយុទ្ធហូឡង់ ចង់មានការប្រកួតប្រជែងថ្មី ដោយសម្រេចផ្លាស់ទៅ Newcastle United។

 នៅអង់គ្លេស Kluivert លេងមិនសូវបានល្អនោះទេ ហើយរកគ្រាប់បាល់បានតែ៦លើកនៅក្នុងលីគ មុនពេលត្រូវចាកចេញដោយគ្មានតម្លៃខ្លួនក្រោយចំណាយពេលនៅទីនោះបាន១រដូវកាល៕