Skip to content
បុគ្គលិកគ្រូបង្វឹកពីររូបនៅ Barcelona និង កីឡាករ ម្នាក់របស់ Juventus ធ្វើតេស្ដវិជ្ជមានកូវីដ១៩
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

បុគ្គលិកគ្រូបង្វឹកពីររូបនៅ Barcelona និង កីឡាករ ម្នាក់របស់ Juventus ធ្វើតេស្ដវិជ្ជមានកូវីដ១៩

Barcelona បានចេញសេចក្ដីប្រកាសបញ្ជាក់ថា សមាជិកគ្រូបង្វឹករបស់លោក Ronald Koeman ធ្វើតេស្ដវិជ្ជមានកូវីដ១៩។ ការហ្វឹកហាត់នៅថ្ងៃអង្គារត្រូវបានផ្អាក ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសរាតត្បាតសកល។

Barcelona បានចេញសេចក្ដីប្រកាសនៅក្នុងវេបសាយផ្លូវការកាលពីថ្ងៃចន្ទ ថា៖ “បន្ទាប់ពីបានធ្វើតេស្ដ PCR កាលពីថ្ងៃចន្ទ រកឃើញសមាជិកបុគ្គលិកក្រុមឈុតធំពីរនាក់ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។ ក្លិបបានជូនដំណឹងទៅ អាជ្ញាធរពាក់ព័ន្ធនឹងកីឡា និង សុខាភិបាល។ កីឡាករនៅក្នុងក្រុមទាំងមូលនឹងធ្វើតេស្ដ PCR នៅព្រឹកថ្ងៃអង្គារ តាមគោលការណ៍របស់ ក្របខណ្ឌ La Liga”។

“ជាលទ្ធផលការហ្វឹកហាត់ ត្រូវបានគ្រោងទុកនៅថ្ងៃអង្គារម៉ោង១១៖០០នាទី(នៅអេស្ប៉ាញ) ត្រូវបានផ្អាក។ ពេលវេលាហ្វឹកហាត់ថ្មី និង សន្និសីទសារព័ត៌មានបន្ដបន្ទាប់ មុនការប្រកួតរវាង Athletic Bilbao និង FC Barcelona នឹងប្រកាសនៅថ្ងៃស្អែក(ថ្ងៃអង្គារ)”។

ដោយឡែកក្លិបអ៊ីតាលី Juventus បានប្រកាសថា ខ្សែការពារ Alex Sandro បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ ដូច្នេះមានន័យថា ខ្សែការពារប្រេស៊ីលរូបនេះ នឹងខកខានការធ្វើដំណើរប្រកួតនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ទល់នឹង AC Milan នៅកីឡដ្ឋាន San Siro៕