Skip to content
Man City ក្លាយជាក្រុមទី២ ដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup ៤លើកជាប់គ្នា
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Man City ក្លាយជាក្រុមទី២ ដែលឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup ៤លើកជាប់គ្នា

Manchester City បានយកឈ្នះ Manchester United ដោយលទ្ធផល ២-០ នៅថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup ជួបជាមួយ Tottenham Hotspur។

ខ្សែការពារ John Stones បានស៊ុតគ្រាប់បាល់បើកឆាកសម្រាប់ Man City នៅនាទីទី៥០ មុនពេល Fernandinho រកបន្ថែមបានមួយគ្រាប់ទៀតនៅនាទីទី៨៣ ដែលធានាជ័យជម្នះសម្រាប់ក្រុមលោក Pep Guardiola ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup ៤ឆ្នាំជាប់គ្នា។

Man City នឹងតាមស្មើកំណត់ត្រារបស់ Liverpool ដែលគ្រងជើងឯក League Cup ៤លើកជាប់គ្នា ប្រសិនបើពួកគេអាចយកឈ្នះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខាងមុខ។

ហើយនេះជាជំនួបវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរវាងលោក Guardiola និងលោក Jose Mourinho ចាប់តាំងពីឆ្នាំ២០១១ នៅពេលដែល អ្នកចាត់ការបច្ចុប្បន្នរបស់ Spurs នៅដឹកនាំ Real Madrid បានយកឈ្នះ Barcelona របស់លោក Guardiola នៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey។

នេះក៏ជាការប្រកួតដ៏ខកចិត្តមួយសម្រាប់លោក Ole Gunnar Solskjaer ដែលបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៤លើក ត្រឹមរយៈពេល១២ខែចុងក្រោយ។

ទាំងនេះ ជាស្ថិតិ និង កំណត់ត្រា ពីការប្រកួតកាលពីយប់មិញ៖

  • Manchester City ជាក្រុមទី២បន្ទាប់ពីដែលអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ League Cup ៤លើកជាប់គ្នា បន្ទាប់ពី Liverpool ដែលធ្លាប់ធ្វើបានកំណត់ត្រានេះចន្លោះពីឆ្នាំ ១៩៨១ ដល់ ១៩៨៤។
  • នេះជាលើកទី៩ហើយដែល Manchester City ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ League Cup មានន័យថាពួកគេជាក្រុមទី២ដែលឡើងមកវគ្គនេះច្រើនបំផុតនៅ League Cup បន្ទាប់ពី Liverpool (១២លើក)។
  • Manchester United បរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣លើក ក្នុងចំណោម៤លើកចុងក្រោយនៅ League Cup ដែលពីមុនមក ពួកគេឈ្នះ៨លើកក្នុងចំណោមការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាននេះ ៩លើក។
  • ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រុមបិសាចក្រហមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៤លើក ហើយធ្លាក់ត្រឹមវគ្គនេះទាំង៤លើក(League Cup ២លើក, FA Cup ម្ដង និង Europa League ម្ដង)។
  • ក្នុងចំណោម១៥ប្រកួតចុងក្រោយ ក្នុងជំនួប Manchester Derby ក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះតែ៣ប្រកួតប៉ុណ្ណោះ។
  • Manchester City បរាជ័យតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២៤ប្រកួតនៅ League Cup ក្រោមការដឹកនាំរបស់លោក Pep Guardiola។ បរាជ័យទាំងពីរលើកនោះ គឺនៅក្នុងការប្រកួតទល់នឹង Manchester United នៅឆ្នាំ ២០១៦ និង ២០២០ ប៉ុន្ដែរដូវកាលមុន Man City បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ទោះបីបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២(ជើងទី១ Man United 1-3 Man City, ជើងទី២ Man City 0-1 Man United)។
  • បើគិតមកទល់នឹងពេលនេះ Manchester City មានកីឡាករ១៦រូបហើយ អាចរកគ្រាប់បាល់បញ្ចូលទី ដែលជាចំនួនច្រើនបំផុត បើធៀបទៅនឹងក្រុមនៅលីគកំពូលអង់គ្លេស។
  • Fernandinho ដែលបច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ និង ២៤៧ថ្ងៃ ក្លាយជាកីឡាកររបស់ Man City ដែលមានវ័យចាស់ជាងគេដែលអាចរកគ្រាប់បាននៅ League Cup បន្ទាប់ពីអតីតខ្សែបម្រើ Frank Lampard(៣៦ឆ្នាំ និង ៩៦ថ្ងៃ) ដែលរកគ្រាប់បាល់ទល់នឹង Sheffield Wednesday កាលពីខែកញ្ញា ឆ្នាំ២០១៤។