Skip to content
កីឡាករបាល់ទះអាជីព៩រូប ដែលមានកម្ពស់ខ្ពស់បំផុតនៅលើលោក
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទះ

កីឡាករបាល់ទះអាជីព៩រូប ដែលមានកម្ពស់ខ្ពស់បំផុតនៅលើលោក

កម្ពស់របស់កីឡាករ ជាលក្ខណៈបំផុតមួយចំពោះការបង្ហាញគុណផលរបស់កីឡាករ ដែលអាចលោតគប់ ឬលោតបាំងបានល្អ ជាងកីឡាករដែលមានកម្ពស់ទាប។

AMS Sports សូមបង្ហាញឈ្មោះកីឡាករបាល់ទះអាជីព៩រូប ដែលមានកម្ពស់ខ្ពស់បំផុត យោងតាមវេបសាយ Pakmen Volleyball៖

Gustavo Bonatto

Gustavo Bonatto គឺជាកីឡាករបាល់ទះមកពីប្រទេសប្រេស៊ីល។ កីឡាកររូបនេះមានកម្ពស់២,១៥ម៉ែត្រ។ Gustavo លេងតំណែងដឺមីបាំង។ លើសពីនេះទៅទៀត គេលេងឱ្យក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល និង ក្លិបបាល់ទះ Sesi-SP នៅប្រទេសកំណើតរបស់ខ្លួន។ Bonatto ឈ្នះមេដាយប្រាក់ World League ឆ្នាំ២០១៤ និង មេដាយប្រាក់ World Championship ឆ្នាំ២០១៤។

Alexander Kimerov

Alexander Kimerov គឺជាកីឡាករបាល់ទះមកពីប្រទេសរុស្ស៊ី។ គេមានកម្ពស់ ២,១៥ម៉ែត្រ។ គេលេងនៅក្រុមបាល់ទះជម្រើសជាតិរុស្ស៊ី និងក្លិបបាល់ទះល្បីៗនៅរុស្ស៊ីដូចជា Fakel NOVY URENGOY, Ural Ufa និង VC Dinamo Moscow ជាដើម។ Alexander ឈ្នះមេដាយប្រាក់ World Championship ឆ្នាំ២០១៧។

Kay van Dijk

Kay van Dijk ជាកីឡាករបាល់ទះមកពីប្រទេសហូឡង់។ គេមានកម្ពស់ ២,១៧ម៉ែត្រ។ Van Dijk លេងឱ្យក្រុមបាល់ទះជម្រើសជាតិហូឡង់។ កីឡាករវ័យ៣៦ឆ្នាំ ធ្លាប់ប្រលូកអាជីពនៅក្លិបបាល់ទះចម្រុះជាតិសាសន៍ដូចជា Al Ain (សហរដ្ឋអារ៉ាប់រួម), Noliko Maaseik (បែលហ្ស៊ិក), PAOK Thessaloniki (ក្រិក), Emma Villas Siena (អ៊ីតាលី), Omniworld ALMERE (ហូឡង់) ជាដើម។ កីឡាកររូបនេះ ធ្លាប់ចូលរួមការប្រកួត Olympic ២០០៤ ដែលធ្វើឡើងនៅទីក្រុងអាថែន ប្រទេសក្រិក ហើយឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួត European League ឆ្នាំ២០០៨។

Bartlomiej Lemanski

Bartlomiej Lemanski ជាកីឡាករបាល់ទះមកពីប្រទេសប៉ូឡូញ។ គេមានកម្ពស់ ២,១៧ម៉ែត្រ។ កីឡាកររូបនេះលេងឱ្យក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ និងនៅក្លិបប៉ូឡូញ Asseco Resovia RZESZOW និង Projekt Warszawa។ Lemanski ឈ្នះមេដាយមាសការប្រកួត World Championship ២០១៨ ជាមួយក្រុមជម្រើសជាតិប៉ូឡូញ។

Leandro Martins

Leandro Martins គឺជាកីឡាករបាល់ទះមកពីប្រទេសប្រេស៊ីល។ គេមានកម្ពស់ ២,១៧ម៉ែត្រ។ គេធ្លាប់ប្រលូអាជីពនៅក្លិបបាល់ទះ Lebes Gedore Canoas Volei (ប្រេស៊ីល), Vecindario ACEGC (អេស្ប៉ាញ) និង UF JF (ប្រេស៊ីល)។

Renan Buiatti

Renan Buiatti ជាកីឡាករបាល់ទះមកពីប្រទេសប្រេស៊ីល។ គេមានកម្ពស់ ២,១៧ម៉ែត្រ។ Buiatti ជាសមាជិកក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល។ កីឡាករវ័យ៣០ឆ្នាំលេងឱ្យក្លិបបាល់ទះ Bcc Castellana Grotte (អ៊ីតាលី), Brazil Sesc-RJ Volei (ប្រេស៊ីល), UFJF (ប្រេស៊ីល) និង Sada Cruzeiro Volei (ប្រេស៊ីល) ជាដើម។

Aleksey Kazakov

Aleksey Kazakov គឺជាកីឡាករបាល់ទះរុស្ស៊ី។ កីឡាករដែលមានកម្ពស់ ២,១៨ម៉ែត្ររូបនេះ បានចូលនិវត្តពីបាល់ទះ តាំងពីឆ្នាំ២០១៦។ កីឡាកររូបនេះធ្លាប់ជាកីឡាករបាល់ទះក្រុមជម្រើសជាតិរុស្ស៊ី ហើយធ្លាប់លេងឱ្យក្លិប  Zenit KAZAN (រុស្ស៊ី), Ural UFA (រុស្ស៊ី), Dinamo Moscow (រុស្ស៊ី), Lokomotiv Novosibirsk (រុស្ស៊ី), Iskra Odintsovo (រុស្ស៊ី), Itas Trentino (អ៊ីតាលី) និង Leo Shoes Modena (អ៊ីតាលី)។ Aleksey Kazakov អាចត្រូវបានចាត់ទុកថា ជាកីឡាករជោគជ័យបំផុតមួយរូបនៅក្នុងវិស័យកីឡាបាល់ទះ ដោយបានឈ្នះមេដាយមាស World League 2013, មេដាយប្រាក់ World Grand Champions Cup ២០១៣ និង មេដាយមាសEuropean Championship ២០១៣។

Dmitriy Muserskiy

Dmitriy Muserskiy ជាកីឡាករបាល់ទះមកពីប្រទេសរុស្ស៊ី។ គេមានកម្ពស់ ២,១៩ម៉ែត្រ។ Muserskiy លេងឱ្យក្រុមបាល់ទះជម្រើសជាតិរុស្ស៊ី។ កីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់ប្រកបអាជីពនៅក្លិប Suntory Sunbirds volleyball club (ជប៉ុន), Belogorie BELGOROD (រុស្ស៊ី), Metalloinvest Stari Oskol (រុស្ស៊ី)។ Muserskiy ឈ្នះមេដាយមាសក្នុងការប្រកួត FIVB Volleyball Nations League ឆ្នាំ២០១៨។

Wutthichai Suksala

Wutthichai Suksala ជាកីឡាករបាល់ទះមកពីប្រទេសថៃ។ Wuttchichai ត្រូវបានទទួលស្គាល់ថា ជាកីឡាករបាល់ទះដែលមានកម្ពស់ខ្ពស់បំផុត ពោលគឺ ២,២២ម៉ែត្រ។ កីឡាកររូបនេះលេងនៅក្នុងតំណែង middle blocker។ Wuttchichai លេងឱ្យក្រុមបាល់ទះជម្រើសជាតិថៃ និង Nakhon Ratchasima volleyball club៕