Skip to content
កីឡាករវ័យក្មេង២រូប ជាបេក្ខភាពទទួលបានអាវលេខ១០នៅ Arsenal ក្រោយពេល Ozil ចាកចេញ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករវ័យក្មេង២រូប ជាបេក្ខភាពទទួលបានអាវលេខ១០នៅ Arsenal ក្រោយពេល Ozil ចាកចេញ

Mesut Ozil ទើបប្រកាសលាគ្នាជាមួយក្លិប Arsenal និងអ្នកគាំទ្រកាំភ្លើងធំ ដោយត្រូវទៅចូលរួមក្លិប Fenerbahce ហើយអាវលេខ១០របស់ម្ចាស់ជើងឯក World Cup 2014 រូបនេះ អាចនឹងរកឃើញម្ចាស់ថ្មីនាពេលដ៏ខ្លីខាងមុខ។

លេខ១០ ជាលេខដែលត្រូវបានភ្ជាប់ជាមួយអាវរបស់កីឡាករឆ្នើមជាច្រើនដែលរួមមាន Lionel Messi, Diego Maradona, Pele, Zinedine Zidane និង Wayne Rooney ជាដើម ហើយកីឡាករលេខ១០ ដែលភាគច្រើនត្រូវបាននឹកឃើញមុនគេនោះគឺ អតីតកីឡាករ Dennis Bergkamp។

បុរសជនជាតិហូឡង់ ដែលមានឈ្មោះក្រៅហៅថា Iceman បានផ្លាស់មកចូលរួមជាមួយក្លិបកាំភ្លើងធំនៅឆ្នាំ១៩៩៥ ដោយបានសាងភាពលេចធ្លោបន្ទាប់ពីផ្លាស់មកអង់គ្លេសត្រឹមរយៈពេលខ្លី ក្រោយមិនជោគជ័យក្នុងអាជីពរបស់ខ្លួននៅប្រទេសអ៊ីតាលី។

ចាប់តាំងពីលោក Bergkamp ប្រកាសចូលនិវត្តនៅឆ្នាំ២០០៦ អាវលេខ១០របស់ Arsenal ត្រូវបានប្ដូរម្ចាសថ្មីរួមមាន William Gallas, Robin van Persie និង Jack Wilshere, មុន Mesut Ozil ក្លាយជាម្ចាស់លេខ១០នៅឆ្នាំ២០១៨។

តើក្រោយពេល Ozil ចាកចេញ តើកីឡាកររូបណានឹងក្លាយជាម្ចាស់អាវលេខ១០របស់ Arsenal?

Emile Smith Rowe

កីឡាករវ័យ២០ឆ្នាំរូបនេះ អាចស្នងតំណែងម្ចាស់អាវលេខ១០ពី Ozil ដោយសាររូបគេជាខ្សែបម្រើដែលមានសមត្ថភាពបង្កើតឱកាសបានច្រើននៅក្នុងការប្រកួត។

Smith Rowe លេងតំណែងរបស់អតីតខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់បានយ៉ាងល្អ ក្នុងទំនាក់ទំនងរវាងកីឡាករនៅតំបន់បម្រើ និង តំបន់ប្រយុទ្ធ ជាមួយនឹងទំនុកចិត្តពីអ្នកចាត់ការ Mikel Arteta ដែលដាក់ឱ្យគេលេងតំណែងលេខ១០។

Gabriel Martinelli

ចាប់តាំងពីថ្ងៃដំបូងដែល Martinelli បានចូលរួម Arsenal កីឡាករវ័យ១៩ឆ្នាំរូបនេះ បានបង្ហាញពីទេពកោសល្យ សមត្ថភាព និង ភាពឆ្លាតវៃនៅលើទីលានប្រកួត។

ទោះបីបានបង្ហាញខ្លួនក្នុងការប្រកួតឱ្យក្រុមកាំភ្លើងធំតែ៣០លើក ប៉ុន្ដែខ្សែប្រយុទ្ធជនជាតិប្រេស៊ីលរូបនេះ អាចរកគ្រាប់បាល់បាន១០គ្រាប់ និង assist ៥គ្រាប់។ ទោះមិនស្ថិតនៅក្នុងតំណែងបម្រើប្រយុទ្ធ, Martinelli ជាខ្សែប្រយុទ្ធមួយរូបដែលមានសក្ដានុពល ហើយសក្ដិសមជាម្ចាស់អាវលេខ១០ ដូចរៀមច្បងរួមជាតិ Neymar នៅ PSG។