Skip to content
បិសាចក្រហម ឡើងកំពូលតារាង Premier League ជាថ្មី ក្រោយវាយបកយកឈ្នះ Fulham
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

បិសាចក្រហម ឡើងកំពូលតារាង Premier League ជាថ្មី ក្រោយវាយបកយកឈ្នះ Fulham

Manchester United ឡើងមកកាន់កំពូលតារាង Premier League សារជាថ្មី ក្រោយបានយកឈ្នះ Fulham ដល់ក្នុងទឹកដី ជាមួយនឹងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១។

ក្រុមម្ចាស់ផ្ទះ Fulham មានគ្រាប់បាល់នាំមុខនៅនាទីទី៥ ដែលរកបានដោយកីឡាករ Ademola Lookman ប៉ុន្ដែ ខ្សែប្រយុទ្ធលេខ៧ Edinson Cavani បានរកគ្រាប់បាល់តាមស្មើវិញ នៅនាទីទី២១។

ខ្សែបម្រើ Paul Pogba បានរកគ្រាប់បាល់ជ័យជម្នះ នៅនាទី៦៥ ពេលដែលកីឡាករជនជាតិបារាំងរូបនេះ បានព្យាយាមអូសបាល់ដែលតាមរារាំងដោយកីឡាករ Fulham តែគេនៅតែអាចស្វែងរកប្រឡោះស៊ុតពីក្រៅប្រអប់ បានយ៉ាងល្អ ស្របពេលអ្នកចាំទី Alphonse Areola មិនអាចជួយសង្គ្រោះបាល់បាន។

ជ័យជម្នះនេះ បានជួយឱ្យ Man United មានពិន្ទុសរុប៤០ និងមានគម្លាត២ពិន្ទុពី Manchester City ដែលទើបយកឈ្នះ Aston Villa ដោយលទ្ធផល ២-០។ រីឯ Fulham បន្ដឈរនៅលេខ១៧ និងមានគម្លាត ៤ពិន្ទុពីក្រុមលេខ១៧ Burnley។

ក្រោយចប់ការប្រកួតអ្នកចាត់ការ Ole Gunnar Solskjaer បានសរសើរ ខ្សែបម្រើឆ្នើម Paul Pogba ថា៖ “ខ្ញុំពិតជារីករាយ ចំពោះការលេងរបស់គេ។ ខ្ញុំដឹងពីអ្វីដែលគេអាចធ្វើបាន។ គេធ្វើគ្រប់យ៉ាង។ ពេលនេះគេកំពុងបញ្ចូលធាតុផ្សំជាច្រើន ចូលទៅក្នុងការលេងរបស់គេ ហើយវាពិតជាល្អខ្លាំងណាស់”។

រីឯគ្រូបង្វឹក Scott Parker បានបង្ហាញការយល់ឃើញថា៖ “ខ្ញុំមានក្ដីរីករាយ និង ខកចិត្តក្នុងពេលតែមួយ ចំពោះការបង្ហាញថាយើងបានឈានដល់កម្រិតណា។ ខ្ញុំមើលឃើញការលេងរបស់ក្រុមថ្ងៃនេះបានដាក់សម្ពាធខ្ពស់ និងប្រឹងប្រែងខ្លាំងនៅក្នុងការប្រកួត ប៉ុន្ដែនៅតែមិនទទួលជ័យជម្នះ។ ការប្រកួតប្រជែងបន្ទាប់គឺយើងរក្សាកម្រិតដែលយើងធ្វើបាន ហើយមិនបណ្ដោយឱ្យការបរាជ័យធ្វើឱ្យយើងបាក់ទឹកចិត្ត។ យើងអាចឈ្នះការប្រកួតដោយគ្មានការសង្ស័យ យើងត្រូវតែបន្ដទៅមុខ ហើយបន្ដការពង្រឹងសមត្ថភាពឱ្យបានល្អជាងមុន”។

ស្ថិតិ និង កំណត់ត្រាការប្រកួតនេះ៖

  • Manchester United ជាក្រុមដែលរបូតគ្រាប់បាល់នៅ៥នាទីដំបូងនៃការប្រកួតច្រើនបំផុត(៤គ្រាប់)នៅ Premier League រដូវកាលនេះ។ ប៉ុន្ដែ Man United ឈ្នះ៧ប្រកួតនៅលីគកំពូលអង់គ្លេស ដែលពួកគេត្រូវបានគូបដិបក្ខនាំមុខនៅរដូវកាលនេះ ដែលមានតែ Newcastle United និង ពួកគេផ្ទាល់ដែលឈ្នះច្រើនប្រកួតជាង នៅក្នុងរដូវកាលតែមួយ។ Newcastle វាយបកយកឈ្នះគូប្រកួត១០លើក នៅរដូវកាល ២០០១-០២ ខណៈបិសាចក្រហម ធ្វើបាន៩លើកនៅរដូវកាល ២០១២-១៣។
  • Manchester United មិនបរាជ័យការប្រកួតក្រៅទឹកដី ១៧លើកជាប់គ្នានៅ Premier League ដោយទទួលបានជ័យជម្នះ ១៣លើក និង ស្មើ៤ដង មានន័យថាពួកគេតាមទាន់កំណត់ត្រាមិនចាញ់វែងបំផុតរខ្លួនឯង ក្នុងប្រវត្តិសាស្ដ្រលីគកំពូលអង់គ្លេស (១៧លើកដូចគ្នា​ ចន្លោះពីខែធ្នូ ឆ្នាំ១៩៩៨ ដល់ ខែកញ្ញា ឆ្នាំ១៩៩៩)។
  • នេះជាការប្រកួតទី៤១ ដែល Fulham មានគ្រាប់បាល់នាំមុខគូបដិបក្ខ(គ្រប់ការប្រកួតទាំងអស់) នៅក្រោមការដឹកនាំដោយលោក Schott Parker ប៉ុន្ដែនេះជាលើកទី១ ដែល Fulham បរាជ័យទោះមានគ្រាប់បាល់នាំមុខ ដោយ៤០ប្រកួតកន្លងមកពួកគេឈ្នះ ៣៤លើក និង ស្មើ៦លើក។
  • Edinson Cavani ក្លាយជាកីឡាករ Manchester United ដំបូងគេ ដែលអាចរកគ្រាប់បាល់៤គ្រាប់ដំបូងនៅ Premier League ដែលគ្រាប់បាល់ទាំងអស់បានពីប្រកួតនៅក្រៅទឹកដី។
  • រាប់ចាប់តាំងពី Paul Pogba ត្រលប់មក Old Trafford នៅឆ្នាំ២០១៦ គ្មានកីឡាករណាម្នាក់នៅ Man United អាចស៊ុតបញ្ចូលទីក្រៅប្រអប់នៅក្នុងលីគ បានច្រើនជាងខ្សែបម្រើជនជាតិបារាំងរូបនេះឡើយ(៦គ្រាប់)។
  • Ademola Lookman ជាកីឡាករដែលចូលរួមបង្កើតគ្រាប់បាល់ ៦គ្រាប់ក្នុងលីគ ដែលច្រើនជាងកីឡាករណាៗទាំងអស់នៅ Fulham រដូវកាលនេះ។ Lookman រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម៣គ្រាប់។
  • Bruno Fernandes មិនអាចរកគ្រាប់បាល់ ឬ assist ៣ប្រកួតជាប់គ្នានៅ Premier League ឱ្យ Man United ជាលើកដំបូង ចាប់តាំងពីគេបង្ហាញខ្លួនលើកដំបូងនៅខែកុម្ភៈ ឆ្នាំ២០២០។