Skip to content
បញ្ជីឈ្មោះក្លិបដែល Barcelona ជំពាក់លុយច្រើនជាងគេ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

បញ្ជីឈ្មោះក្លិបដែល Barcelona ជំពាក់លុយច្រើនជាងគេ

ក្លិប Barcelona កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ផ្អែកលើរបាយការណ៍ប្រចាំឆ្នាំបង្ហាញថា ពួកគេនៅជំពាក់ថ្លៃដោះដូរពីក្លិបដទៃដែលសរុបជាទឹកប្រាក់ ១១២លានផោន។

នៅក្នុងរបាយការណ៍នោះបានបង្ហាញថា Barcelona នៅជំពាក់ក្លិប Liverpool ២៦លានផោន ពីការផ្ទេរ Philippe Coutinho ក្នុងតម្លៃ១៤២លានផោន កាលពី៣ឆ្នាំមុន។

Coutinho មានឱកាសបន្ដលេងឱ្យក្រុមបង្វឹកដោយលោក Ronald Koeman ប៉ុន្ដែក្រោយរកគ្រាប់បាល់បាន៣គ្រាប់ និង assist ២គ្រាប់ ពីការបង្ហាញខ្លួន១៤លើក ខ្សែបម្រើជនជាតិប្រេស៊ីលរូបនេះ ត្រូវសម្រាក៤ខែដោយសារបញ្ហារបួសជង្គង់។

ក្រៅពីក្រុមជើងឯកក្របខណ្ឌកំពូលអង់គ្លេស, Barcelona ជំពាក់ Bordeaux ៨,៨លានផោន ក្នុងការផ្ទេរ Malcom, ៧លានផោន ក្រោយនាំយក Arthur Melo ពីក្លិបប្រេស៊ីល Gremio ដោយបច្ចុប្បន្នខ្សែបម្រើរូបនេះ កំពុងលេងឱ្យក្លិប Juventus ហើយ ១៤លានផោនទៀតនៅជំពាក់ Ajax ពីការផ្ទេរ Frenkie de Jong មកកាន់ទឹកដី Camp Nou។

ដោយឡែកក្លិបអេស្ប៉ាញ Atletico Madrid ជាម្ចាស់បំណុល ៤,៤៤លានផោន ទៅលើតម្លៃសិទ្ធអាទិភាព(Preferential rights)។ រំឭកកាលឆ្នាំ២០១៩ ក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងដែល Barcelona នឹងចំណាយប្រហែល ១៤លានផោន លើការមិនដេញដោលចំពោះការចរចាផ្ទេរ ខ្សែប្រយុទ្ធ Antoine Griezmann ដោយស្ងាត់ៗ កាលពីរដូវក្ដៅឆ្នាំនោះ។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញបានរាយការណ៍ថា ដើម្បីមានសិទ្ធអាទិភាពក្នុងការចរចាផ្ទេរកីឡាកររបស់ Atletico នាពេលអនាគត Barca ត្រូវចំណាយថ្លៃ Preferencial Rights ទៅឱ្យក្លិបដែលមានមូលដ្ឋាននៅរាជធានីប្រទេសអេស្ប៉ាញមួយនេះ។

ហើយបើតាមការចុះផ្សាយរបស់ Football Espana, Barcelona បានស្នើសុំពន្យាការបង់ថ្លៃជំពាក់ធនាគារធំៗមួយចំនួនតាមពេលវេលាដែលបានកំណត់ ដើម្បីជៀសវាងបញ្ហាក្ស័យធន។

ដោយសារបញ្ហាហិរញ្ញវត្ថុបានជំរុញឱ្យអ្នកចាត់ការ Ronald Koeman សម្រេចបញ្ចេញកីឡាករដែលមានថ្លៃឈ្នួលខ្ពស់មួយចំនួន និង លក់កីឡាករដែលមានទេពកោសល្យ ដើម្បីបានលុយទប់ទល់នឹងបំណុល។ Barca ទទួលបាន៧០លានផោនត្រលប់មកវិញ ពីការលក់កីឡាករមួយចំនួនដូចជា៖ Nelson Semedo, Arthur, Ivan Rakitic និង Marc Cucurella ជាដើម៕