Skip to content
គ្រូធំវៀតណាមមិនទាន់តកុងត្រាថ្មី ខណៈសុពលភាពត្រូវអស់ដាច់ឆ្នាំនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូធំវៀតណាមមិនទាន់តកុងត្រាថ្មី ខណៈសុពលភាពត្រូវអស់ដាច់ឆ្នាំនេះ

លោក Park Hang-seo គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនិយាយថា លោកចង់ជួយក្រុមបានជោគជ័យថែមទៀតក្នុងឆ្នាំ២០២១នេះមុនគិតដល់ការបន្តកិច្ចសន្យាថ្មី។

គ្រូបង្វឹកមកពីកូរ៉េខាងត្បូងថ្លែងបែបនេះ “៖ឆ្នាំនេះជាឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធបាល់ទាត់វៀតណាម តែអ្វីៗគឺនៅដដែល គឺខ្ញុំត្រូវប្រឈមនឹងការប្រកួតប្រជែងនានាដូចឆ្នាំដំបូងអ៊ីចឹង។ ខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាព និងទទួល​យកលទ្ធផលគ្រប់យ៉ាង។”

កិច្ចសន្យារបស់លោក Park មានរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៧មក។ ក្នុងកិច្ចសន្យាមានលក្ខខណ្ឌមួយចែងថា សុពលភាពនឹងត្រូវបានបន្លាយដោយស្វ័យប្រវត្តិរយៈពេលមួយឆ្នាំ ប្រសិនបើក្រុមទទួល​បានលទ្ធផលល្អ។

អតីតគ្រូជំនួយជម្រើសជាតិកូរ៉េខាងត្បូងជំនាន់ World Cup 2002 បន្ថែម “៖ឆ្នាំនេះមានការប្រកួតច្រើន ហើយយើងផ្ដោតលើលទ្ធផល។ សហព័ន្ធក៏នឹងមើលទៅតាមលទ្ធផលដែរ ថាតើត្រូវបន្តឬអត់។ យ៉ាងណា ខ្ញុំមិនផ្ដោតលើលទ្ធផលពេកទេ។ យើងបានឈ្នះ AFF Cup និងស៊ីហ្គេម។ ក្រៅពីហ្នឹងយើងនឹងផ្ដោតលើការខិតខំប្រឹងប្រែង និងឥរិយាបថរបស់ក្រុមដូចមុន។”

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមកំពុងស្ថិតនៅកំពូលតារាងពូល G នៃវគ្គជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាស៊ី ដោយមាន១១ពិន្ទុពីការឈ្នះ៣ដង និងស្មើ២ដង៕